ខេត្តកណ្តាលៈ បុរសម្នាក់ព្រោះតែខឹងទៅនឹងស្ត្រីជាអ្នកជិតខាងស្រវឹងស្រាជេរដៀមដាមមកលើខ្លួន ក៏បានស្ទុះទាញយកដំបងឈើជ្រុងវាយសំពងទៅលើស្ត្រីជាអ្នកជិតខាង បណ្តាលឲ្យរងរបួសបែកក្បាលដេរ៨ថ្នេរ កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ នួន នាង ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រីឯស្ត្រីរងគ្រោះឈ្មោះ ទ្រី ស៊្រាន ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យ និងស្ត្រីរងគ្រោះរស់នៅផ្ទះជាប់គ្នា ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។
ប្រភពដដែលបានបន្តថា រវាងជនសង្ស័យ និងស្ត្រីរងគ្រោះមានជម្លោះព្រំដីគ្នាជាយូរឆ្នាំកន្លងមកហើយ ។ លុះមកដល់ល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ត្រីរងគ្រោះមានភាពស្រវឹងស្រាបានស្រែកឡូឡាដៀមដាមទៅលើក្រុមគ្រួសារជនសង្ស័យ រហូតធ្វើឲ្យជនសង្ស័យអត់ទ្រាំមិនបានក៏ស្ទុះទាញយកដំបងឈើជ្រុងប្រវែង៧៤សង់ទីម៉ែត្រវាយសំពងទៅស្ត្រីរងគ្រោះត្រូវចំក្បាលបែកហូរឈាមស្រោចខ្លួន ទើបមានសាច់ញាតិចូលទៅឃាត់បំបែកចេញពីគ្នា ។
ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ រួមជាមួយវត្ថុតាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តស្រុកកោះធំ ៕ ស្អាងជ័យ