ខេត្តពោធិ៍សាត់៖ ចោរលួចសត្វក្របី ញី ឈ្មោល របស់ប្រជាពលរដ្ឋចំនួន ៣ក្បាល បម្រុងនឹងដឹកឡើងរថយន្ត តែសំណាងល្អ ត្រូវបានកំលាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មានការសង្ស័យ ក៏បានសាកសួរ និងបង្រ្កាបបានទាន់ពេលវេលា ហើយក៏បានប្រគល់ឲ្យម្ចាស់វិញភ្លាមៗផងដែរ ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលដល់សំណាក់បងប្អូនប្រជាពលរដ្ឋផងដែរ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចក្បែរដីទួល ជាកន្លែងសម្រាប់ដឹកសត្វគោ ឬក្របីឡើងរថយន្ត ស្ថិតក្នុងភូមិ-សង្កាត់ស្វាយអាត់ ក្រុង-ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក ម៉ូ លីដា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា មុនកើតហេតុការណ៍នេះឡើង លោក និងកំលាំងជំនាញក្រោមឱវាទបានល្បាតរកករណីផ្សេង គ្រានោះក៏បានប្រទះឃើញហេតុការណ៍ខាងលើដោយមានគេ (បម្រុងដឹកសត្វក្របីឡើងរថយន្ត) មានការសង្ស័យ ខណៈឃើញមុខសញ្ញានៅទីនោះផង ក៏បានត្រួតពិនិត្យខ្លះៗលើសំបុត្រស្នាមឯកសារពាក់ព័ន្ធនានា ការត្រួតពិនិត្យលទ្ធផលឃើញសំបុត្រទិញ លក់ត្រឹមត្រូវ ដោយមានការឯកភាពរវាងអ្នកលក់ នឹងអ្នកទិញ បញ្ជាក់ពីមេភូមិ ត្រាតំពែរ និងមានការឯកភាពពីមេឃុំស្នាមព្រះផងដែរ ដោយឈ្មោះ កែវ ធី ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិដងឡង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់(មុខសញ្ញា)ជាអ្នក(ទិញ) ពីឈ្មោះ គឿន កន ភេទប្រុស អាយុ ២៧ឆ្នាំ និងប្រពន្ធឈ្មោះ កៃ ស៊ីណាស់ រស់នៅភូមិត្រាំពែរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងតំលៃ ៦៨.០០.០០០រៀល (សត្វក្របីទាំង០៣ក្បាល)។
លោក វរសេនីយ៍ឯកបន្តថា ក្រោយធ្វើការពិនិត្យរួចរាល់ ក៏នាំគ្នាបន្តដំណើរទៅករណីផ្សេង ព្រោះពុំឃើញមានអ្វីគួរឲ្យសង្ស័យ ម្យ៉ាងក៍គ្មានពាក្យបណ្ដឹងអ្វីនោះដែរ ស្រាប់តែបន្តិចក្រោយមក ក៏មានគេតេទូរស័ព្ទរាយការណ៍ប្រាប់ថា មានក្រុមចោរកំពុងរៀបចំដឹកសត្វក្របីឡើងរថយន្តបែបបន្លំភ្នែកអ្នកភូមិ និងសមត្ថកិច្ច ខណៈនោះ លោក និងកងកម្លាំងបានត្រឡប់មកវិញភ្លាមៗ ប៉ុន្តែត្រូវយឺតពេលបន្តិច ព្រោះជនសង្ស័យបានគេចខ្លួនបាត់អស់ ឃើញតែម្ចាស់សត្វក្របីនៅទីកន្លែងកើតហេតុកំពុងអះអាង និងចង្អុលបង្ហាញថា សត្វក្របីចំនួន ៣ក្បាល រួមមានមេធំ អាយុ ៩ឆ្នាំ សម្បុរស្វា មេជំទង់ អាយុ ២ឆ្នាំ សម្បុរស្វា និងឈ្មោលជំទង់ អាយុ ១ឆ្នាំ សម្បុរស្វាទាំងនេះ ជាសត្វក្របីគាត់ដែលបាត់។
លោក នាយការិយាល័យបន្តទៀតថា ម្ចាស់សត្វក្របីទាំង០៣ក្បាលឈ្មោះ ចែម ពៅ ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិដូងជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ គាត់បានអះអាងថា សត្វក្របីគាត់ទាំង០៣ក្បាលខាងលើនេះ បានបាត់កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅម្តុំវាលស្រែក្បែរភូមិ ស្ថិតក្នុងភូមិដូងជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ដោយសង្ស័យលើឈ្មោះ កែវ ធី (ជាមុខសញ្ញា) និងបក្ខពួក ២នាក់ផ្សេងទៀត មិនស្គាល់អត្តសញ្ញាណ។
លោក បញ្ជាក់បន្ថែមទៀតផងដែរថា នៅពេលកំលាំងរបស់លោកត្រួតពិនិត្យដោយមានការសង្ស័យ ព្រោះឃើញមុខសញ្ញានៅទីនោះ ហើយកូនម្ចាស់សត្វក្របី ក៏នៅឃ្លាំមើលនោះដែរ តែទំនងមិនបង្ហើប លុះកំលាំងសមត្ថកិច្ចចេញទៅបាត់អស់ ទើបទំនាក់ទំនងទៅផ្ទះ ទើបរាយការណ៍តៗគ្នាដូច្នេះតែម្តង ប៉ុន្តែម្ចាស់សត្វក្របីឈ្មោះ ចែម ពៅ បានដាក់ពាក្យបណ្ដឹងនៅការិយាល័យនគរបាលព្រហ្មកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីមានវិធានការលើជនមិនស្គាល់អត្តសញ្ញាណ ហើយជនសង្ស័យអ្នកទិញ អ្នកលក់ និងបក្ខពួកដូចបានរៀបរាប់ខាងលើ បានរត់គេចខ្លួនបាត់ស្រមោលទាំងអស់ ។
ប្រភពពីមហាជនលើកឡើងច្រើនគួរចាប់អារម្មណ៍ ពាក់ព័ន្ធទៅនឹងសំបុត្រសា្នមទិញលក់ទំនិញផ្សេងៗ។ល។ ដូចជាមេភូមិ មេឃុំខាងលើនេះជាដើម ទីបញ្ចាប់ចោរលួចទ្រព្យសម្បតិ្តប្រជាពលរដ្ឋអីចឹងសោះ ចាំមើល៍ៗស្ថាប័នសមត្ថកិច្ចមានវិធានការយ៉ាងម្តេចដែរ?៕ ប៉ឹម ពិន