ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករលក់ប្រកបមុខរបរនៅផ្សារស្រុកម៉ាឡៃ ជាង១០០តូប ប្រឈមនឹងបាត់មុខរបរ លក់អត់ដាច់ ប្រជាពលរដ្ឋខ្មែរនាំគ្នាទៅទិញ និងលក់អីវ៉ាន់នៅក្នុងផ្សារថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អាជីវករដែលកំពុងប្រកបមុខរបរលក់ទំនិញនិងអីវ៉ាន់ នៅផ្សារស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យជាង១០០តូប និងជាង១០០គ្រួសារ កាលពីកន្លងទៅថ្មីៗនេះ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ពួកគាត់កំពុងសំដែងនូវការព្រួយបាម្ភ បាត់បង់ មុខរបររស់ពួកគេ និងគ្មានប្រាក់បង់ថ្លៃជួលតូបដល់ម្ចាស់ផ្សារ និងបង់ពន្ធដារដ្ឋ ខណៈដែលពួកគាត់ប្រកបមុខរបរនៅក្នុងផ្សារស្រុកម៉ាឡៃសព្វថ្ងៃនេះលក់មិនសូវដាច់ គ្មានមនុស្សមកចូលទិញនោះឡើយ។

ការលើកឡើងពីបញ្ហាប្រឈមបាត់បង់មុខរបរចិញ្ចឹមជីវិតពីសំណាក់អាជីវករនៅផ្សារស្រុកម៉ាឡៃពួកគាត់លើកឡើងថាមូលហេតុ ដោយសារតែប្រជាពលរដ្ឋខ្មែររស់នៅស្រុកម៉ាឡៃ និងរស់នៅតាមតំបន់ជាប់ព្រំដែនមួយចំនួនទៀតនាំគ្នាឆ្លងដែនសម្រុកចូលទៅទិញទំនិញនិងអីវ៉ាន់នៅផ្សារថៃតាមច្រកព្រំដែនតំបន់ស្រុកម៉ាឡៃ ឈមនិងច្រកណងព្រឺ ស្រុកអារញ្ញា ខេត្តស្រះកែវ ។

ក្រុមអាជីវករបានប្រាប់ឱ្យដឹងទៀតថា នៅផ្សារស្រុកម៉ាឡៃនាពេលបច្ចុប្បន្ននេះមានសភាពស្ងាត់ជ្រងំ អ្នកលក់ខោអាវ ផលិតផល របស់របរប្រើប្រាស់ និងអ្នកលក់សាច់ ត្រី បន្លែផ្លែឈើជាដើមនោះ លក់មិនសូវដាច់នោះទេ គឺមានប្រជាពលរដ្ឋចូលមកទិញអីវ៉ាន់ និងទំនិញ ក្នុងផ្សារម៉ាឡៃតិចតួចបំផុត ។ភាគច្រើនគេឃើញប្រជាពលរដ្ឋបែរនាំគ្នាទៅទិញអីវ៉ាន់ និងទិញទំនិញនៅផ្សារថៃ ។បញ្ហានេះហើយធ្វើឱ្យមានអាជីវករម្ចាស់តូបមួយចំនួនបានបិតតូប បញ្ឈប់អាជីវកម្មរបស់ខ្លួន ដោយខ្វះប្រាក់ជួលតូប និងបង់ពន្ធដារចូលរដ្ឋ។

ក្រុមអាជីវករបានលើកឡើងទៀតថា តម្លៃទំនិញអីវ៉ាន់ រវាងលក់នៅផ្សារខ្មែរ និងផ្សាថៃ មិនខុសគ្នាប៉ុន្មាននោះទេ ប៉ុន្តែខ្មែរយើងចូលចិត្តណាស់ទៅលើការផ្តល់តម្លៃគាំទ្រទំនិញនិងផលិតផលស្រុកគេ ទំនិញនៅក្នុងស្រុកនោះមិនសូវផ្តល់តម្លៃប៉ុន្មាននោះទេ។

ក្រុមអាជវីករនៅផ្សារស្រុកម៉ាឡៃ ស្នើសុំឱ្យអាជ្ញាធរស្រុក រឺខេត្ត មេត្តាជួយពិនិត្យដោះស្រាយពីបញ្ហាដែលជាទុក្ខកង្វល់របស់អាជីវករខ្មែរនៅផ្សារស្រុកម៉ាឡៃនេះផងបើពុំដូច្នេះទេ ពួកគាត់ប្រឈមនិងបាត់បង់មុខរបរ ។

ពាក់ព័ន្ធនិងបញ្ហានេះ លោក អែម សុខា អភិបាលស្រុកម៉ាឡៃ បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នេះថា អាជ្ញាធរស្រុកមិនដឹងទប់ស្កាត់មិនឱ្យពលរដ្ឋខ្មែរទៅលក់ទំនិញ រឺទៅទិញទំនិញ នៅក្នុងផ្សារថៃ រឺនៅមាត់ច្រកព្រំដែនដោយវិធីណានោះទេ។កាលណាអាជ្ញាធរទៅហាមឃាត់ប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅទិញនិងលក់ អីវ៉ាន់ រឺទំនិញនៅក្នុងផ្សារថៃធ្វើឱ្យប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋ ពីព្រោះបច្ចុប្បន្ននេះ ជាសម័យទីផ្សារសេរីប្រកួតប្រជែង។

លោកប្រាប់ឱ្យដឹងទៀតថា បញ្ហានេះ ខាងថៅកែផ្សារធ្លាប់បានជួបជជែកជាមួយលោកម្តងរួចហើយពាក់ព័អាជីវករត្អូញត្អែលក់មិនសូវមានអថិតិជនចូលមកទិញទំនិញ រឺអីវ៉ាន់។បញ្ហានេះ អាជ្ញាធរស្រុកមិនដឹងរកវិធីណាដើម្បីដោះស្រាយជូនដល់ពួកគាត់។លោកថាជំរើសល្អបំផុតសូមឱ្យម្ចាស់ផ្សារនៅស្រុកម៉ាឡៃ ត្រូវធ្វើយ៉ាងណាកែប្រែសោភ័ណភាព រៀបចំផ្សារឱ្យបានល្អប្រសើរឡើងវិញ ដើម្បីប្រកួតប្រជែងជាមួយនិងផ្សារថៃ ក្នុងការ ទាក់ទាញឱ្យពលរដ្ឋខ្មែរមកចូលទិញទំនិញអីវ៉ាន់នៅក្នុងផ្សារក្នុងស្រុករបស់យើងវិញ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវគេមើលឃើញថា មិនត្រឹមតែការលក់មិនសូវដាច់ក្នុងមុខរបររបស់អាជីវករនៅផ្សារស្រុកម៉ាឡៃ ប៉ុណ្ណោះទេ ទោះបីអាជីវករ នៅផ្សារមួយចំនួនទៀតក្នុងខេត្តបន្ទាយមានជ័យ ដូចជានៅក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែតជាដើម។អាជីវករក៏មានការត្អូញត្អែនិងការលក់មិនសូវដាច់ដូចគ្នាផងដែរ។បញ្ហានេះអាជីវករដាក់ការស្តីបន្ទោសទៅលើការបណ្តែតបណ្តោយរបស់អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធមួយចំនួន ទៀតដូជាក្រសួងណាពិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដែលបានអនុញ្ញាតឱ្យអាជីវកររបស់ថៃចូលមកលក់អីវ៉ាន់និងទំនិញតាមរយៈកម្មពិធីតាំងពិព័រណ៍ផលិតផលរបស់ថៃលក់និងធ្វើអាជីវកម្មស្ទើរគ្រប់ទីកន្លែងយ៉ាងណោចណាស់ក្នុងមួយឆ្នាំមិនក្រោម២០លើកនោះទេ សម្រាប់នៅខេត្តបន្ទាយមានជ័យ ក្នុងការតាំងពិព័រណ៍លក់ផលិតផលថៃរយៈពេលមិនក្រោម១សប្តាហ៍នោះឡើយ។បញ្ហានោះហើយដែលអាជីវករលើកឡើងថាជាផ្នែកមួយបង្កឱ្យមានផលប៉ះពាល់ដល់ការប្រកបមុខរបររបស់អាជីវករខ្មែរ លក់ដូរនៅតាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យនោះ។

ពាក់ព័ន្ធនិងបញ្ហានេះ លោក ថោង ធីណា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា លោកទទួលស្គាល់ពិតជាមានផលប៉ះពាល់និងការប្រកបមុខរបរបរស់អាជីវករខ្មែរ ពីការតាំងពិព័រណ៍លក់ផលិតផលរបស់អាជីវករថៃ។

លោកប្រាប់ឱ្យដឹងទៀតថា កម្មពិធីតាំងពិព័រណ៍ផលិតផលថៃក្នុងគោលបំណងចង់បង្ហាញនិងផ្សព្វផ្សាយឱ្យដឹងពីផលិតផលថ្មីៗប៉ុណ្ណោះ តែកន្លមកមានអាជីវករថៃបានឆ្លៀតឱកាសយកទំនិញនិងផលិតផលលក់បែបធ្វើអាជីវកម្មនោះវិញ។ឥឡូវខាងមន្ទីរពាណិជ្ជកម្មខេត្តក៏បានកាត់បន្ថយឱ្យមានកម្មពិធីតាំងពិព័រណ៍ផលិតផលថៃឱ្យនៅចំនួនចតិចតួចប៉ុណ្ណោះ។បញ្ហានេះបើសិនជាយើងហាមឃាត់ទាំងស្រុងមិនឱ្យទំនិញថៃចូលមកកម្ពុជាក៏មិនអាចទៅរួចនោះឡើយពីព្រោះបច្ចុប្បន្នជាតំណាក់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានទៅហើយ ។ថៃក៏គេអនុញ្ញាតឱ្យផលិតផលខ្មែរយើងលក់នៅស្រុកគេផងដែរកន្លងមក ប៉ុន្តែដោយសារផលិតផលខ្មែរយើងផលិតមានកំរិតតួចប៉ុណ្ណោះ៕ សំ វិច្ឆិកា

1 2 3 4 5 6 8 9 10 11 12


ចែករំលែក៖