ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ឃុំ​ខ្លួន​​ជនជាតិ​ជប៉ុន​ម្នាក់​និង​ខ្មែរ​ពីរ​នាក់​ ករណី​ជួញដូរ​មនុស្ស​ដោយ​ខុស​ច្បាប់​

ចែករំលែក៖

ភ្នំពេញ:ជនជាតិជប៉ុនម្នាក់និងខ្មែរពីរនាក់ ត្រូវបានលោកចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ដើម្បីស៊ើបអង្កេតករណីជួញដូរមនុស្សពីប្រទេសកម្ពុជាទៅប្រទេសជប៉ុន ដោយខុសច្បាប់ ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា លោក អ៊ុំ សុភក្តី ជាព្រះរាជអាជ្ញារង បានចោទប្រកាន់ក្រុមជនសង្ស័យពីបទ ” ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ ” តាមមាត្រា១២ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ។

ជនសង្ស័យ ឈ្មោះ FUKUI SUSUMU ភេទ ប្រុស អាយុ៥២ឆ្នាំ ជនជាតិជប៉ុន ឈ្មោះ អេង ចាន់ឌី ហៅ ខេន ឌី ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ លឹម លក្ខិណា ហៅ ណែត ភេទស្រី អាយុ២៨ឆ្នាំ ។

ប្រភពព័ត៌មាន បញ្ជាក់ថា ក្នុងអំឡុងឆ្នាំ២០១៦ មានបុរសជនជាតិជប៉ុនម្នាក់ជាថៅកែភោជនីយដ្ឋានជប៉ុននៅកម្ពុជា បានអូសទាញនារីខ្មែរចំនួន១០នាក់យកទៅធ្វើការនៅប្រទេសជប៉ុន ដោយអះអាងថាប្រាក់ខែក្នុងពី៣ ០០០ទៅ៥០០០ដុល្លារអាមេរិក ។

ពេលនិយាយត្រូវរ៉ូវគ្នាហើយជនជាតិជប៉ុនបានឲ្យនារី១០នាក់នោះខ្ចីប្រាក់មុនម្នាក់៥០០ដុល្លារ សម្រាប់ទុកឲ្យម្តាយឪពុកប្រើប្រាស់ក្នុងជីវភាពគ្រួសារ ។ លុះពេលទៅដល់ប្រទេសជប៉ុន ពួកនាងត្រូវបានគេបង្ខាំងទុកមួយកន្លែង និងបានដកហូតយកលិខិតឆ្លងដែន(ប៉ាស្ព័រ) ហើយបង្ខំឲ្យធ្វើជាស្រីបម្រើផ្លូវភេទ នៅប្រទេសជប៉ុន ។ ដោយម្នាក់ៗបានធ្លាក់ខ្លួនទៅជាស្រីពេស្យាចារក៏ខិតខំប្រើងប្រែងរកធ្យោបាយទាក់ទងស្ថានទូតខ្មែរនៅស្រុកជប៉ុននិងបានទូរស័ព្ទផ្តល់ព័ត៌មានមកក្រុមគ្រួសារ ដើម្បីឲ្យដឹង ពីការចាញ់ល្បិចកលជនបោកប្រាស់នាំទៅធ្វើស្រីពេស្សាចារនៅប្រទេសជប៉ុន ។

ក្រោយពីទទួលបានព័ត៌មាន នគរបាលនាយកដ្ឋានប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមនុស្ស៣នាក់នៅរាជធានីភ្នំពេញ តែម្ដង៕ ចេស្តា

abc (1) abc (2)


ចែករំលែក៖