ប៉ោយប៉ែតៈ សំណង់ផ្ទះ២ល្វែង ត្រូវបានអាជ្ញាធរសង្កាត់ប៉ោយប៉ែត ចុះទៅផ្អាក ឈប់អោយសាងសង់ បណ្តោះអាសន្ន ដើម្បីអោយម្ចាស់ចូលខ្លួនទៅដោះស្រាយ ខណៈសាងសង់សំណង់រំលោភ ដី ចំណីផ្លូវ ចំនួន ១ម៉ែត្រ កន្លះ ហើយសមត្ថកិច្ចជំនាញ និងអាជ្ញាធរចុះទៅហាមឃាត់ជាច្រើនដងមិនព្រមស្តាប់ ។
ហេតុការណ៍ដែលអាជ្ញាធរ សង្កាត់ប៉ោយប៉ែត ចុះទៅផ្អាកនេះបានកើតឡើង កាលពី វេលា ម៉ោង៩និង ១៥នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិ ក្បាលស្ពាន១ សង្តាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ម្ចាស់ផ្ទះសំណង់ដី២ល្វែង ដែលសង់ រំលោភ ចំណី ផ្លូវនោះ ត្រូវបានគេស្គាល់ថា ឈ្មោះលី សុខលាភ ភេទស្រី អាយុប្រហែលជាង៣០ឆ្នាំ មុខរបអាជីវករស្នាក់នៅក្នុងភូមិកើតហេតុ។
ពាក់ព័ន្ធទៅហ្នឹងករណីខាងលើ នេះ ស្រ្តីចំណាស់ម្នាក់ឈ្មោះ អិត លាង អាយុ៥៦ឆ្នាំ ត្រូវជាម្ដាយ លី សុខលាភ អះអាងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ថា កូនរបស់គាត់បានទិញដីពីក្រុមហ៊ុនលក់ដីល្វែងចំនួន២០ម៉ែត្រគុណ៨ម៉ែត្រ ហើយកូនរបស់គាត់ជួលជាងធ្វើតាមដី ដែលទិញពីក្រុមហ៊ុន រឿងសាងសង់ប៉ះចំណីផ្លូវលោកស្រីមិនដឹងដែរ ចាំកូនគាត់មកពីភ្នំពេញវិញ សិនទើបដឹង ។
លោក អាំង កៀហេង ចៅសង្កាត់ ប៉ោយប៉ែតបានប្រាប់ ឲ្យដឹងថា មូលហេតុដែលនាំឲ្យ អាជ្ញាធរ សង្កាត់ ប៉ោយប៉ែតចុះផ្អាកមិនអោយសាងសង់ សំណង់ បន្តនោះគឺ ដោយសារ តែ សំណង់ខាងលើនេះ បានសាងសង់រំលោភ លើដីចំណីផ្លូវចំនួន១ម៉ែត្រកន្លះ ហើយអាជ្ញាធរ និងសមត្ថកិច្ច ជំនាញភូមិបាលក្រុង បានចុះទៅ ណែនាំជាច្រើនលើកច្រើនសារ តែម្ចាស់សំណង់ខាងលើមិនព្រមស្តាប់ នៅតែបន្ត សាងសង់ទាំងបំពាន ទើបព្រឹកថ្ងៃកើតហេតុខាងលើ លោកក៏បានបញ្ជូន កំលាំងអាជ្ញាធរសង្កាត់ដឹកនាំដោយលោកយ៉ុត ម៉ៃយ៉ាន ទៅវាស់វែងឲ្យផ្អាកការសាងសង់បណ្តោះអាសន្នដើម្បី អោយម្ចាស់មកដោះស្រាយ។
លោកបញ្ជាក់ថា ក្រោយពីក្រុមអាជ្ញាធរ ចុះទៅលើកទីបីនេះ ម្ចាស់ខាងលើបានព្រមព្រៀង កាត់ផ្ដាច់សរស និងធ្នឹមដែលចាក់ចូលចំណីផ្លូវនោះហើយ ៕ វណ្ណា