ខេត្តស្ទឹងត្រែង: ក្នុងស្រុកសៀមប៉ាង មានបីឃុំ ក្នុងប៉ុស្តិ៍ចំនួនបី ចំណុះឲ្យអធិការស្រុកបានផ្សព្វផ្សាយដល់យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋឲ្យចៀសឆ្ងាយពីគ្រឿងញៀន ងាក់មកគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីអាយុជីវិត ។ ករណីនេះធ្វើឡើងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៧ ដោយមានប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួម៣៩០នាក់ ចំនួនបីឃុំ១.ឃុំព្រែកមាស ២.ឃុំស្រែសំប៊ូរ ៣.ឃុំថ្មកែវ ។
លោក ខៀវ សម្បត្តិ មេប៉ុស្តិ៍ឃុំស្រែសំប៊ូរបានផ្សព្វផ្សាយពីការប្រើប្រាស់ និងចែកចាយគ្រឿងញៀន វាមានផលប៉ះពាល់ដល់អាយុជីវិត និងសង្គមជាតិ ជាពិសេសគ្រឿងញៀន ធ្វើឲ្យខូចអនាគត យុវវ័យ ដែលជាទំពាំងស្នងឫស្សី ជាសរសទ្រូងនៃគ្រួសារ ដែលជាក្តីសង្ឃឹម របស់ឪពុកម្តាយគ្រប់ៗរូប បើស្រឡាញ់ខ្លួន ស្រឡាញ់ឪពុក ម្តាយ ស្តាយអនាគត ចៀសឲ្យឆ្ងាយពីគ្រឿងញៀន ។
លោក សែន ប្រឹម ជាមន្ត្រីអធិការស្រុកសៀមប៉ាង ទទួលបន្ទុកចរាចរណ៍ផ្លូវគោក បានណែនាំបន្ថែមដល់ប្អូនៗ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវជាឪពុកម្តាយ និងអាណាព្យាបាលសិស្ស ធ្វើយ៉ាងណា ជួយអប់រំបន្ថែមដល់ប្អូនៗ ដែលស្ថិតក្នុងវ័យសិក្សា ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរត្រូវពាក់មួកសុវត្ថិភាព ត្រូវដាក់ខ្សែក្រវាត់ បើកបរត្រូវចេះអធ្យាស្រ័យគ្នា ត្រូវប្រកាន់ស្តាំជានិច្ច ដូចពាក់ចាស់ពោលថា: សឹមៗកុំបំបោល ក្រែងមិនដល់ដូចបំណង មុននឹងបត់ ត្រូវមើលឆ្វេង ឬស្តាំ មើលមុខ និងក្រោយ ចៀសវាងបានពីគ្រោះថ្នាក់ជាយថាហេតុ ។
គួររំលឹកផងដែរថា ការអនុវត្តផ្សព្វផ្សាយបញ្ឆប់នូវការចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងបង្កានៅគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ក្នុងស្រុកសៀមប៉ាង យុទ្ធនាការនេះ មានរយៈពេលប្រាំមួយខែ គឺចាប់ពីដើមខែមករា ដល់ខែមិថុនា ឆ្នាំ២០១៧ តាមបទបញ្ជារបស់លោកស្នងការនគបាលខេត្តដើម្បីភូមិ ឃុំមានសុវត្ថិភាព ៕ មាស សុផាត