ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធរឿងពន្ធក្លែងក្លាយនៅតែមានលក់នៅក្រោយក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ និងបក្ខពួក២នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនពីបទឆបោកលុយ និងប្រើអំពើហិង្សា ពាក់ព័ន្ធទៅនឹងការធានាទិញពន្ធផ្លូវរថយន្តតាមចិញ្ចើមផ្លូវ (ប្រគល់រួចហើយ តែមិនឲ្យពន្ធផ្លូវ) ។

ករណីឆបោកខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចខាងក្រោយក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តាមផ្លូវលេខ៥១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ស្រ្តីដែលឆបោកពីការលក់ពន្ធរថយន្តតាមចិញ្ចើមផ្លូវនោះ ឈ្មោះ គឹម អេង អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ នៅចំណុចកើតហេតុ ស្នាក់នៅផ្ទះលេខ៤៤០ ផ្លូវនរោត្តម សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ។

វត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ប័ណ្ណបើកបររថយន្តចំនួន១០សន្លឹក, ប័ណ្ណសំគាល់យានយន្តចំនួន៦សន្លឹក, អត្តសញ្ញាណប័ណ្ណចំនួន៤សន្លឹក, បង្កាន់ដៃបង់ពន្ធរថយន្តឆ្នាំ២០១៥ចំនួន២សន្លឹក, ប័ណ្ណត្រួតពិនិត្យបច្ចេកទេសចំនួន១សន្លឹក, សៀវភៅចំនួន១ក្បាល និងឯកសារផ្សេងៗមួយចំនួន ។

ចំណែកបក្ខពួក២នាក់ទៀត ដែលឃាត់ខ្លួនពីបទប្រើអំពើហិង្សានោះទី១ ឈ្មោះ គឹម លាងហេង ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស និងម្នាក់ទៀតឈ្មោះគឹម លាងស ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង២នាក់ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។រីឯជនរងគ្រោះឈ្មោះ យ៉ាន់ វ៉ាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (រងរបួសក្បាលដោយសារជនសង្ស័យគប់) និងជនរងគ្រោះម្នាក់ទៀតឈ្មោះ ង៉ែត ចំរើន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្តឲ្យលោកឧកញ៉ាម្នាក់ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ចាញ់បោកលុយអស់ចំនួន២៥មុឺនរៀល) ។

ប្រភពដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង៨ព្រឹក ជនរងគ្រោះឈ្មោះង៉ែត ចំរើន បានបើករថយន្តមកដល់កន្លែងកើតហេតុដើម្បីទិញពន្ធផ្លូវរថយន្តពេលមកដល់បានជួប និងស្រ្តីសង្ស័យ បាននិយាយលួងលោមថា ប្តីរបស់គាត់ជាអ្នកនៅក្រសួងសាធារណការ ហើយធានាថា ទិញពន្ធផ្លូវរថយន្តឲ្យជនរងគ្រោះក្នុងតម្លៃ២៥មុឺនរៀល រួចជនរងគ្រោះបានប្រគល់លុយឲ្យជនសង្ស័យ និងនិយាយថា ថ្ងៃស្អែកនិងយកពន្ធនោះឲ្យ ពេលទទួលបានលុយហើយស្រ្តីសង្ស័យចេះតែគេចខ្លួន ហើយពេលដែលជនរងគ្រោះមកជួបចេះតែសន្យាថ្ងៃនេះថ្ងៃនោះ។ លុះដល់ថ្ងៃទី៧ ខែកុម្ភៈនេះ ជនរងគ្រោះបានមកជួបស្រ្តីជនសង្ស័យម្តងទៀត ក៏បានឈ្លោះប្រកែកគ្នា ដោយបក្ខពួកក្រុមជនសង្ស័យបានយកដុំថ្មគប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសបែកក្បាល ភ្លាមនោះកម្លាំងសមត្ថកិច្ចនៅក្បែរនោះជួយអន្តរគមន៍ចាប់ជនសង្ស័យទាំងបីនាក់នោះមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញចាត់ការតាមនិតីវិធីច្បប់  ហើយចំពោះករណីខាងលើនេះដែរ គេសន្និដ្ឋានថា ទីតាំងខាងលើនេះនៅតែមានការលក់ក្រដាក់ពន្ធ និងធ្វើប័ណ្ណបើកបរក្លែងក្លាយដដែល បើទោះបីជាសមត្ថកិច្ចធ្លាប់បង្រ្កាបទីតាំងធ្វើក្រដាក់ពន្ធនេះកន្លងមកក៏ដោយ ប៉ុន្តែនៅមិនទាន់អស់នោះទេ ។

បច្ចប្បន្នជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ស តារា

IMG-20170208-WA0038 IMG-20170208-WA0037 IMG-20170208-WA0036


ចែករំលែក៖