ព័ត៌មានទាន់ហេតុការណ៍៖

គោក្របីឈឺ និងងាប់ជិត១០០ក្បាល អ្នកស្រុកកំពុងព្រួយបារម្ភនៅស្រុកស្វាយជ្រំ

ចែករំលែក៖

 

ខេត្តស្វាយរៀង៖ មានសត្វគោ ក្របី បានឈឺ និងងាប់ ប្រមាណជិត១០០ក្បាលនៅឃុំស្វាយយា ស្រុកស្វាយជ្រំ ជាប់ព្រំប្រទល់ នៅស្រុកមេសាង ខេត្តព្រៃវែង ដោយសារអ្នកភូមិព្រលែងពាសវាល ពាសកាល ក្នុងវាលស្រែ ជាប់ព្រំប្រទល់ខេត្ត ។

ប្រជាពលរដ្ឋកំពុងព្រួយបារម្ភ ដោយសត្វគោ ក្របីពួកគាត់មានជំងឺអុតក្តាមរយៈពេលបីសប្តាហ៍មកហើយ ពុំទាន់ឃើញមានមន្រ្តីពេទ្យសត្វណាម្នាក់ចុះទៅពិនិត្យព្យាបាលឡើយ ។

បើតាមលោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានប្រាប់ឲ្យដឹង នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ថា គោ ក្របី បានឈឺប្រមាណ៩៦ក្បាល ហើយក្នុងចំណោមឈឺមាន គោក្របីងាប់ចំនួន០៧ក្បាល នៅឃុំស្វាយយា ស្រុកស្វាយជ្រំ លោកបានកោះហៅមន្ត្រីពេទ្យសត្វ ចុះទៅពិនិត្យព្យាបាលនៅថ្ងៃទី៧ ខែកុម្ភៈនេះហើយ រីឯរូបលោកកំពុងចុះមកពិនិត្យព្យាបាលគោក្របីនៅស្រុកចន្រ្ទា ដោយមានសត្វគោក្រីឈឺ កើតអុតក្តាម ចំនួនជាង១០០ក្បាល ងាប់ចំនួន៦ក្បាល នៅក្នុងភូមិត្រពាំងបុណ្យ និងភូមិអង្គក្តួច ឃុំគគីរ ស្រុកចន្ទ្រា បច្ចុប្បន្នគោក្របីព្យាបាលបានធូរស្រាលវិញហើយ ។

លោកប៉ែនចន្ធីបន្តទៀតថាសូម ប្រជាពលរដ្ឋយោគយល់ ក្នុងដើមឆ្នាំ២០១៧នេះ សត្វគោក្របីក្នុងខេត្តមានជំងឺច្រើន មានទាំងផ្ទុះជំងឺផ្តាស់សាយបក្សីទៀត ហើយទូទាំងខេត្តមានចំនួន៦៩០ភូមិ ៨០ឃុំ សង្កាត់ស្មើ៨ ក្រុង ស្រុក ចំណែកមន្រ្តីពេទ្យសត្វ ក្នុងមួយស្រុកមានតែ៣នាក់ ទើបមិនអាចគ្រប់គ្រងបាន។ ដូច្នេះសូមសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចលោកមេភូមិ មេត្តាផ្តល់ព័ត៌មានឲ្យបានរហ័សទាន់ពេល កុំទុកដល់សត្វមានជំងឺធ្ងន់ និងងាប់ទើបរាយការណ៍នោះពិបាកសង្គ្រោះណាស់ ៕ យឹម សុថាន

ae ae (1) ae (2)


ចែករំលែក៖