ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ច្រកប៉ុស្តិ៍៧-ណាំលាវ ឈ្មួញសម្រុកដឹកជញ្ជូនឈើទៅវៀតណាមដូចហែកឋិន

ចែករំលែក៖

យ៉ាងតិចក្នុងមួយយប់ៗ មានរថយន្តដឹកឈើប្រណីតប្រភេទធ្នង់ ឆ្លងទៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍៧ -ណាំលាវ ស្ថិតក្នុងពេជ្រចិន្តា ខេត្តមណ្ឌលគិរី មាន២០ទៅ៣០គ្រឿង ដោយឈ្មួញប្រើប្រាស់រថយន្តប្រភេទឡង់គ្រីស័រ ឡិចស៊ីស ធុនដ្រា ធ្វើជាមធ្យោបាយដឹកជញ្ជូនឈើទាំងនោះ បន្ទាប់ពីមេប៉ុស្តិ៍បានឯកភាពឲ្យក្រុមឈ្មួញប្រមូលផ្តុំគ្នាចេញតាមច្រកខាងលើនេះ ។

អាជ្ញាធរខេត្តជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធជំនាញរដ្ឋបាលព្រៃឈើបានដឹងរាល់សកម្មភាពចេញឈើទាំងនេះ ប៉ុន្តែគេសង្ស័យថា ឈ្មួញបានរៀបកញ្ចប់រួចជាស្រេច ទើបការដឹកជញ្ជូន ធ្វើឡើងលក្ខណៈចំហរ ។

ពាក់ព័ន្ធទៅនឹងសកម្មភាពនាំឈើទៅវៀតណាមតាមច្រកប៉ុស្តិ៍៧-ណាំលាវ មិនត្រឹមតែប្រជាពលរដ្ឋនៅមូលដ្ឋាននោះ ភ្ញាក់ផ្អើលព្រួយបារម្ភពីការបាត់បង់ធនធានធម្មជាតិប៉ុណ្ណោះទេ ថ្មីៗនេះប្រជាពលរដ្ឋក្នុងសហគមន៍ជនជាតិបានប្តឹងដោយផ្ទាល់ទៅកាន់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ខណៈ គាត់ចុះទៅកាន់ទីនោះ ប៉ុន្តែការដឹកជញ្ជូនឈើនៅតែបន្តកើតមានដដែល ។

គេពុំបានបញ្ជាក់ថា ឈ្មួញមួយណាជាមេក្លោងក្នុងការប្រមូលទិញឈើដើម្បីឆ្លងទៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍-ណាំលាវនេះនៅឡើយទេ គ្រាន់តែគេបង្ហើបថា ឈ្មួញទាំងនោះមុខដដែលៗ ដែលមានប្រវត្តិក្នុងបញ្ជីខ្មៅថា ជាអ្នករកស៊ីដឹកជញ្ជូនឈើខុសច្បាប់ក្នុងខេត្តមណ្ឌលគិរីនេះ ហើយក៏មានសមត្ថកិច្ច ដែលមានឋានៈតួនាទី រួមគំនិត រកស៊ីឈើនេះផងដែរ ។ ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខេត្ត មេត្តាទប់ស្កាត់ចំពោះបទល្មើសទាំងនេះ ជាពិសេស រាល់ការចេញឈើនេះ ពិតជាផ្តើមគំនិតចេញពីមេប៉ុស្តិ៍ច្រកនេះតែម្តង ព្រោះថា ប្រសិនបើមេប៉ុស្តិ៍មិនអនុញ្ញាត ក៏គ្មានអ្នកណាហ៊ានប្រព្រឹត្តដោយសារបទល្មើសនេះ ប្រឈមទៅនឹងការចាប់ដាក់ពន្ធនាគារដូចអ្វីដែលសមត្ថកិច្ចបង្ក្រាបកន្លងទៅ ជនជាប់ចោទជាច្រើន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ កំពុងជាប់ក្នុងពន្ធនាគារនៅឡើយទេ ៕

 


ចែករំលែក៖