កន្លងមកថ្មីៗប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ បានប្រកាសថា លោក នឹងបញ្ជូនប៉ូលិសពុករលួយជាង ២០០ នាក់ស្ថិតនៅក្នុងបញ្ជីខ្មៅ ទៅកាន់តំបន់ ឈរជើងរបស់ក្រុមភេរវកម្មដែលមាន ទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមអុិស្លាម បង្កើតរដ្ឋ IS ។
ក្រុមអ្នកជំនាញបានលើកឡើងថា បើសិនបើលោក ឌុយទែរតេ បញ្ជូនប៉ូលិសពុករលួយទាំងនោះទៅមែនមិនខុសអ្វីពី ការបញ្ជូនឲ្យទៅចូលរួមជាមួយក្រុមភេរវ កម្មនោះឡើយ។ ប៉ូលិសដែលធ្លាប់ធ្វើខុសនោះបានដឹងខ្លួនយ៉ាងច្បាស់ថា បើនៅជា មួយរដ្ឋាភិបាលមិនស្លាប់ក៏ជាប់គុកដែរ ហើយការបញ្ជូនឲ្យទៅវាយប្រហារក្រុម ភេរវកម្ម ដូចជាបញ្ជូនឲ្យទៅចូលរួមជាមួយ ក្រុមនោះអ៊ីចឹងដែរ។
ក្រុមប៉ូលិសទាំងនោះត្រូវបានរដ្ឋាភិបាល ចាត់ទុកថាជាពួកពុករលួយដល់ស្នូល ហើយ ពួកគេទាំងអស់សុទ្ធតែមានបទល្មើសឧក្រិដ្ឋ ជាច្រើន រួមទាំងការចាប់ខ្លួនខុសច្បាប់ និង ការទារជំរិតយកប្រាក់ជាដើម។
ប្រធានាធិបតីហ្វុីលីពីនបានបញ្ជាក់ ទៀតថា មន្ត្រីប៉ូលិសទាំងនោះនឹងត្រូវ បញ្ជូនទៅកាន់កោះ Basilan Island ជាទី កំណើតនៃក្រុមអ៊ិស្លាម Abu Sayyaf និងជាតំបន់ល្បីចំពោះការជំរិតទារយកប្រាក់ ការកាត់ក្បាលសម្លាប់ និងការវាយប្រហារដ៏សាហាវមកលើប៉ុស្តិ៍ប៉ូលិស។
ក្រុមអ្នកឯកទេសបានលើកឡើងថា អ្នកដែលប្រឆាំងជាមួយរដ្ឋាភិបាល សត្រូវជាមួយរដ្ឋាភិបាលគឺជាមិត្តរបស់ក្រុមភេរវកម្មទាំងនោះហើយក្រុមភេរវកម្មអាចនឹងចាប់ដៃជាមួយប៉ូលិសដែលមានបទពិសោធន៍ ក្នុងការពង្រីកអំណាចរបស់ខ្លួនក្នុងតំបន់។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ប្រធានាធិបតីហ្វុីលីពីន បានសម្រេចបោះបង់ចោលការចរចាសន្តិភាពជាមួយពួក ឧទ្ទាមកុម្មុយនីស្ត និងប្រកាសត្រៀមខ្លួនធ្វើសង្គ្រាមប្រដាប់អាវុធ រយៈពេលវែងជាមួយ នឹងពួកឧទ្ទាមនេះ។ ទាំងភាគីរដ្ឋាភិបាល និងពួកឧទ្ទាមសុទ្ធតែបានបរិហារបទឈប់បាញ់ចូលជាធរមានកាលពី៥ខែមុន។
កាលពីសប្តាហ៍មុនពួកឧទ្ទាមកុម្មុយនីស្តបានប្រកាសមិនគោរពបទឈប់បាញ់ដែលភាគីបដិបក្ខបានប្រកាន់យកជាឯកតោភាគីតាំងពីខែសីហាមក ដើម្បីចរចា សន្តិភាពនៅក្រុងអូស្លូ។ ២ថ្ងៃក្រោយ កង កម្លាំងរដ្ឋាភិបាលហ្វុីលីពីនក៏បានបរិហារ ដូចគ្នាពីបទឈប់បាញ់នោះ។
លោក ឌុយទែរតេ ដែលបានដោះលែងមេឧទ្ទាមដើម្បីផ្តល់សន្ទុះដល់ការចរចានៅពេលឡើងកាន់តំណែងភ្លាមបានបញ្ចេញប្រតិកម្មក្រេវក្រោធយ៉ាងខ្លាំងចំពោះទង្វើ របស់ពួកឧទ្ទាមកុម្មុយនីស្ត ដោយបាន ព្រមានថាមិនខ្លាចនឹងធ្វើសង្គ្រាមទោះត្រូវ ប្រើពេលយូរក៏ដោយ។
ក្រុមអ្នកចរចាបានទទួលបញ្ជាឱ្យវិលត្រលប់មកផ្ទះវិញ លោកប្រធានាធិបតីមិនចាប់អារម្មណ៍នឹងចរចាទៀតទេ ហើយបដិសេធមិនទទួលនិយាយជាមួយក្រុមនេះឡើយ។ នេះជាសម្តីបញ្ជាក់បន្ថែមរបស់ លោក ឌុយទែរតេ ដោយបានឆ្លៀតថ្កោលទោសក្រុមយោធាប្រជាជនថ្មី ដែលជា កម្លាំងទ័ពរបស់ពួកឧទ្ទាមកុម្មុយនីស្តមានគ្នាប្រមាណ៤.០០០នាក់ ពីបទមនុស្ស ឃាតលើទាហានហ្វុីលីពីន៤នាក់កាលពីសប្តាហ៍មុន៕ ម៉ែវ សាធី