ភ្នំពេញ៖ តារាចម្រៀងផលិតកម្មក្រៅស្រុក កញ្ញា ភក្ដី ទីនី បានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេញបណ្តាញទំនាក់ទំនងសង្គមនានា ក្រោយពីតារាចម្រៀងរូបនេះ ទើបតែចេញបទចម្រៀងថ្មីមួយបទទៀតមានចំណងជើងថា “ធម្មជាតិនិងជីវិត” ដែលនិយាយពីជីវិតអ្នកបោសសំរាម ទាំងភ្លៀង និងថ្ងៃក្ដៅមិនខ្លាចនឿយហត់អ្នកស្ដាប់ហើយអាចនឹងរំជួលចិត្ត។
បទចម្រៀង “ធម្មជាតិនិងជីវិត” របស់តារាចម្រៀង ភក្កី ទីនី ត្រូវបានគេចែកចាញនៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីពេលថ្មីៗនេះ។ នាងបញ្ជាក់ថាបទចម្រៀងនេះត្រូវបាននិពន្ធឡើងយ៉ាងពិសេសសម្រាប់ជាការដាស់តឿនស្មារតីរបស់មហាជនក្នុងការចូលរួមថែរក្សា និងការពារបរិស្ថាន។នាងថា «ធម្មជាតិនិងជីវិត»ចង់អប់រំដល់មនុស្សគ្រប់រូបឲ្យចេះស្រឡាញ់បរិស្ថាន។ជាពិសេសអាណិតស្រឡាញ់អ្នកបោសសំរាមតាមទីសារណៈនានាដោយពួកគេខិតខំធ្វើការទាំងថ្ងៃនិងភ្លៀងមិនខ្លាចនឿយហត់ដើម្បីធ្វើយ៉ាងណាឲ្យមានបរិស្ថានស្អាត។នាងបញ្ជាក់ដែរថា មិនត្រឹមតែការនិពន្ធបទភ្លេងនិងទំនុកច្រើនដោយការសម្រិតសម្រាំងទេសូម្បីតែសាច់រឿងនៃការសម្តែងក៏ត្រូវបានធ្វើការយកចិត្តទុកដាក់ខ្លាំងទៅលើខ្លឹមសា និងបច្ចេកទេសខ្ពស់ដែរ។ តារាស្រីរូបនេះមិនបានបញ្ជាក់អំពីទំហំទឹកប្រាក់នៃការផលិតបទចម្រៀងនេះទាំងមូលនោះទេ ប៉ុន្តែនាងលើកឡើងថា ការចំណាយក្នុងការផលិតបទនេះគឺសមស្មមមួយដែលអាចទទួលយកបាន។ កញ្ញាជឿជាក់ថា បទចម្រៀងថ្មីរបស់ខ្លួនអាចនឹងដាស់សតិអារម្មណ៍មនុស្សជាច្រើនដែលចូលចិត្តញ៉ាំដោយបោះចោលសំរាមផ្ដេសផ្ដាសនិងគ្មានអនាម័យឱ្យយល់កាន់តែច្បាស់ពីបញ្ហាសំរាម។ជាមួយគ្នានេះដែរភក្ដីទីនីក៏ជឿជាក់ថាបទមច្រៀងថ្មីមួយនេះអាចនឹងទាក់ទាញការគាំទ្រកាន់តែច្រើនពីទស្សនិកជនបន្ទាប់ពីចេញMV រួច។
សូមបញ្ជាក់ថាបទចម្រៀង«ធម្មជាតិនិងជីវិត»មិនមែនជាបទដំបូងរបស់កញ្ញាភក្កីទីនីនោះទេ។នាងធ្លាប់ទទួលបានការចាប់អារម្មណ៍ច្រើនមកហើយតាមរយៈបទ«វណ្ណៈសង្គម»កាលពីពេលថ្មីៗនេះ។MV ថ្មីមួយបទទៀតអាចនឹងជួយលើកប្រជាប្រិយភាពតារាចម្រៀងក្រៅស្រុករូបនេះកាន់តែលេចធ្លោឡើងជាងមុន៕ វឌ្ឍនា