ខេត្តកណ្តាលៈ បន្ទាប់ពីទទួលបានព័ត៌មានថាមានប្រជាពលរដ្ឋមួយគ្រួសារឈ្លោះប្រកែកគ្នាឈានដល់ប្រើអំពើហិង្សាក្នុងគ្រួសារ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់សំណាញ់បានចុះទៅអន្តរាគមន៍ភ្លាមៗ ខណៈចុះទៅដល់ប្រទះឃើញមុខសញ្ញាម្នាក់យកបំបកស្កគ្រាប់បោះចោលទៅលើដី ដោយមានការសង្ស័យសមត្ថកិច្ចបានធ្វើការឆែកឆេរមើលឃើញមានវត្ថុតាងថ្នាំញៀនចំនួន៨កញ្ចប់ ក៏ធ្វើការចាប់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមច្បាប់ ។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ញឹម តារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុនៅផ្ទះរបស់ជនសង្ស័យខាងលើនេះបានកើតមានអំពើហិង្សាក្នុងគ្រួសារ ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះទៅអន្តរាគមន៍ ខណៈសមត្ថកិច្ចទៅដល់ជនសង្ស័យបានប្រញាប់យកសំបកស្កគ្រាប់ចំនួនមួយបោះចោលទៅលើដី ដោយមានការសង្ស័យសមត្ថកិច្ចបានតាមរើសយកប្រសំបកស្កគ្រាប់នោះ មកពិនិត្យមើល ឈានប្រទះឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១កញ្ចប់ធំ និង៧កញ្ចប់តូច ។
បន្ទាប់ពីពិនិត្យឃើញមានវត្ថុតាងជាក់ស្តែងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានចាប់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលក្រុងតាខ្មៅជនសង្ស័យបានសារភាពថា ថ្នាំញៀនចំនួន៨កញ្ចប់ខាងលើនេះពិតជារបស់ខ្លួនប្រាកដមែន ។ ថ្នាំញៀនខាងលើនេះខ្លួនបានទិញពីមេក្លោងជួញដូរគ្រឿងញៀននៅម្តុំសាលាបឹងត្របែករាជធានីភ្នំពេញ ដើម្បីយកមកធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់ខ្លួនឯងខ្លះ ៕ស្អាងជ័យ