ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនមេខ្យល់ប្រុសស្រី២នាក់នាំពលករខុសច្បាប់ទៅប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាន ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី២នាក់ ដែលជាអ្នកចាត់ចែងដឹកជញ្ជូននាំពលករខ្មែរឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមច្រករបៀងខុសច្បាប់ នៅក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

ការឃាត់ខ្លួនជនសង្ស័យជាមេខ្យល់នាំពលករខ្មែរឆ្លងដែនខុសច្បាប់ នគរបាលធ្វើឡើង ខណៈដែលជនសង្ស័យបានចាត់ចែងដឹកជញ្ជូនពលករខ្មែរប្រុស ស្រី៨នាក់ និងមានកូនតូចៗមួយចំនួន តាមរថយន្តកាមរី១គ្រឿង បម្រុងនាំចេញទៅកាន់ប្រទេសថៃ។

លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា មុនដំបូង នគរបាលការិយាល័យជំនាញឃាត់រថយន្តកាមរី១គ្រឿង ដែលបានដឹកផ្ទុកកម្មករខ្មែរ៨នាក់ ពួកគេរស់នៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ សមត្ថកិច្ចសង្ស័យ ថាពលករខ្មែរទាំងនោះធ្វើដំណើរគោលបំណងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។

លោកប្រាប់ឱ្យដឹងទៀតថា ក្រោយពីឃាត់រថយន្តនិងអ្នកបើករថយន្ត រួមកម្មករទាំង៨នាក់និងយកមកសាកសួរនៅប៉ុស្ថិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់រួចហើយ ។ កម្មករទាំងនោះបានឆ្លើយសារភាពថា ពួកគេពិតជាមានបំណងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយមានការចាត់ចែងដឹកជញ្ជូនពីអ្នកបើករថយន្តនោះតែម្តង ថ្លៃដឹកជញ្ជូនក្នុង១នាក់២ពាន់បាតប្រាក់ថៃ ស្មើនិងជាង២០ម៉ឺនរៀល។ បន្ទាប់មកនគរបាលការយារិយាល័យជំនាញក៏បានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងស្ថាប័នអយ្យការនៃសាលាដំបូងខេត្ត ធ្វើការរឃាត់ខ្លួនជនសង្ស័យដែលជាអ្នកបើករថយន្តមានឈ្មោះ ស៊ិន សុភាព ហៅចិន ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថា ក្រោយពីនគរបាលឃាត់ខ្លួនជនសង្ស័យ ជាអ្នកបើករថយន្តឈ្មោះស៊ិន សុភាព ហៅចិន រួចហើយជននេះ ក៏បានឆ្លើយសារភាព ថារូបគេពិតជាអ្នកដឹកជញ្ជូនពលករទាំងនោះបម្រុងឆ្លងដែនខុសច្បាប់នោះមែន ហើយបានធ្វើសកម្មភាព២លើករួចមកហើយ ក្រោមការចាត់ចែងរបស់ស្រ្តីម្នាក់ឈ្មោះ តុង ណារី រស់នៅក្រុងប៉ោយប៉ែត ដែលជួលរូបគេដឹកកម្មករចេញពីក្រុងប៉ោយប៉ែតមកចំណុចព្រំដែនដើម្បីឆ្លងដែនទៅប្រទេសថៃ។ ក្រោយពីជនសង្ស័យអ្នកបើករថយន្តឆ្លើយសារភាពបែបនោះហើយ កម្លាំងការិយាល័យជំនាញក៏ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនស្រ្តីជាមេខ្យល់ឈ្មោះ តុង ណារី អាយុ៤៣ឆ្នាំ ប្រកបមុខរបរដូរប្រាក់ រស់នៅភូមិបាលិលេយ្យ ក្រុងប៉ោយប៉ែត។

លោកនាយការិយាល័យបញ្ជាក់ឱ្យដឹងទៀតថា ការទប់ស្កាត់ពលករខ្មែរ មិនឱ្យចាកចេញដោយខុសច្បាប់ គឺក្នុងគោលបំណងដើម្បីរក្សាការពារសុវត្ថិភាព អាយុជីវិតបងប្អូនពលករខ្មែរយើងតែប៉ុណ្ណោះ។ពីព្រោះថាការឆ្លងដែនខុសច្បាប់បែបនោះពួកគាត់អាចប្រឈមនិងបញ្ហាគ្រោះថ្នាក់ជាទីបំផុត។

ជនសង្ស័យទាំង២នាក់ បន្ទាប់ពីសមត្ថកិច្ចសាកសួរតាមជំនាញរួចហើយ ត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ចំណែកពលករទាំង៨នាក់ត្រូវបានសមត្ថកិច្ចធ្វើការអប់រំនិងធ្វើកិច្ចសន្យាដោះលែងឱ្យត្រឡប់ទៅស្រុកកំណើតវិញ។ជនសង្ស័យទាំង២នាក់បើសិនតុលាការរកឃើញមានកំហុសពិតប្រាកដនោះពួកគេ អាចប្រឈមជាប់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស ក្នុងមាត្រាទី១១ ចែងថា ជនណាដេលនាំយកជនដទៃដោយមិនស្របច្បាប់ក្នុងគោលដៅ ប្រគល់ឬនាំយក នៅក្រៅពីព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ ឆ្នាំទៅ១៥ឆ្នាំ។

សូមបញ្ជាក់ថា ការឆ្លងដែនខុសច្បាប់ពីសំណាក់ពលករខ្មែរឆ្លងដែនតាមច្រករបៀងខុសច្បាប់ទៅរកាងារធ្វើនៅប្រទេសថៃត្រូវគេមើលឃើញថា ពលករខ្មែរទាំងនោះអាចប្រឈមនិងការបាញ់សម្លាប់ ចាប់ដាក់គុក ពីសណាក់ទាហានថៃ មិនតែប៉ុណ្ណោះ ពលករខ្មែរ រងការចាញ់បោកកេងកម្លាំងពលកម្ម និងជួញដូរទៅប្រទេសទី៣ ពីសំណាក់មេខ្យល់ខ្មែរ និងមេខ្យល់ថៃទៀតផង ៕ សំ វិច្ឆិកា

IMG_8811 IMG_8888 IMG_8890 IMG_8892


ចែករំលែក៖