ភ្នំពេញ៖ ទើបតែចេញចាក់បញ្ចាំងបាន២ថ្ងៃ ភាពយន្តខ្នាតធំរបស់ផលិតកម្ម Rock រងការរិះគន់ច្រើពីសំណាក់អ្នកទស្សនា ។ រិះគន់ ក៏ព្រោះតែអ្នកចូលទស្សនាបានលើកឡើងថា ជាភាពយន្តដែលអន់មើលមិនកើតរហូតដល់មានការចំអកធ្ងន់ៗដល់ផលិតករផងដែរ។
ភាពយន្ត ពូជខ្ញុំចឹងវគ្គ២ បានរៀបចំពិធីសម្ពោធចាក់បញ្ចាំងកាលពីដើមសប្តាហ៍នេះ នឹងប្រកាសចាក់បញ្ចាំងក្នុងរោងភាពយន្តចាប់ពីថ្ងៃទី៩ ខែកុម្ភៈនេះ។ ចំនួនអ្នកចូលមើល២ថ្ងៃដំបូងមានចំនួនច្រើនគួរសម ប៉ុន្តែរឿងនេះ ក៏បានធ្វើឲ្យអ្នកចូលទស្សនា ខកចិត្តមិនតិចដែរ គ្រាដែលពួកគេរិះគន់ថា ជារឿងដែលមើលមិនកើត។
អ្នកទស្សនាម្នាក់បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីថ្មីៗនេះថា យប់នេះខំនាំគ្នាទៅមើលរឿង«ពូជខ្ញុំចឹងវគ្គ២» មើលហើយចង់ខ្យល់ ។ ប្រភពបន្តសួរថា “តើអ្នកនិពន្ធហ្នឹងឈ្មោះអី? ពេលថតចប់មានអង្គុយមើលអត់ហ្នឹង?” អ្នកលេងហ្វេសប៊ុករូបនេះបន្តចំអកថា”បើភាសាអ្នកស្រុកខ្ញុំគេនិយាយាថា អន់ម៉ែអាអន់ហើយតែងមិនស្មើនឹងក្មេងតែងផង”។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេ ពីសំណាក់ផលិតករ និងអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មនេះ។
ទោះជាយ៉ាងណានេះ ក៏មិនមែនជាលើកដំបូងដែរ ដែលផលិតកម្មRock រងការររិះគន់ធ្ងន់ៗពីអ្នកទស្សនាជុំវិញការផលិតភាពយន្តមួយចំនួ នដែលផលិតឡើងមិនមានបច្ចេកទេស ខ្លឹមសារ និងអត្ថន័យ ពោលគឺគុណភាពរឿងនៅមានកម្រិត។
ទស្សនិកជនក៏សំណូមពរឲ្យផលិតករភាពយន្តខ្មែរបន្តធ្វើការប្រុងប្រយ័ត្ន និងព្យាយាមខ្ពស់ក្នុងការផលិតភាពយន្តខ្មែរឲ្យមានគុណភាពប្រកួតប្រជែងទាំងក្នុង និងក្រៅស្រុក ព្រោះតែភាពយន្តមានគុណភាពស្តង់ដាររបស់បរទេសកំពុងវាយលុកខ្លាំងនៅទីផ្សារក្នុងស្រុក។ ភាពយន្តដែលខ្វះគុណភាព ក៏នឹងអាចទាញទម្លាក់ភាពយន្តខ្មែរទាំងមូលឲ្យចុះខ្សោយបាននោះដែរ។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង “ពូជខ្ញុំចឹងវគ្គ២” របស់ផលិតកម្មរ៉ក់ ដែលលើកឡើងថា ជាភាពយន្តដែលខិតខំសម្រឹតសម្រាំង និងមានសាច់រឿងល្អកំប្លែងសើចសប្បាយតាំងពីដើមដល់ចប់និពន្ធឡើង ដោយលោក យឹម សុត្យា និងដឹកនាំរឿងដោយលោក លីម៉េង ។ រឿងនេះ មានការចូលរួមសម្តែងពីតារាល្បីៗដូចជា៖ នាយគ្រឿន, នាយក្រូច, នាយចឺម, នាងអ៊ីត, កញ្ញាបេប៊ី, អ្នកនាងអឿនស្រីមុំ, លោកBIG , លោកម៉ារ៉ាប៊ុណ្ណា និងតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនដួងទៀត ៕ វឌ្ឍនា