ព័ត៌មានទាន់ហេតុការណ៍៖

ដឹកប្រពន្ធនិងសាច់ញាតិចេញពីធ្វើការនៅរោងចក្រវិញត្រូវរថយន្តបើកបុកបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ទាំង៣នាក់

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បើកម៉ូតូឌុបស្ត្រីជាប្រពន្ធ និងសាច់ញាតិម្នាក់ទៀត ចេញពីធ្វើការងារនៅរោងចក្រក្នុងគោលបំនងត្រឡប់ទៅលំនៅឋានវិញ ខណៈកំពុងជិះតាមដងផ្លូវជាតិលេខ ក៏ត្រូវរថយន្តទួរីសបើកបុកពេញមួយទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំង៣នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល រួមជាមួយវត្ថុតាងពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកជនរងគ្រោះទាំង៣នាក់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះ៣នាក់ ទី១-ឈ្មោះ ឈិម ភក្រ័ត្រា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ (ជាអ្នកបើកបរ) ទី២-ឈ្មោះ សុខ ខេង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការីនីរោងចក្រ ត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូ ទី៣-ឈ្មោះ នី ដាវ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការីនីរោងចក្រ ត្រូវជាសាច់ញាតិប្តីប្រពន្ធ២នាក់នេះ ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1H-5729 ។ ចំណែកឯអ្នកបើកបររថយន្តដែលត្រូវបានចាប់ខ្លួននោះឈ្មោះ សិម សាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្តឈ្នួល មានទីលំនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបររថយន្តទួរីស ម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2AH-1409 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កបើកបរដោយល្បឿនលឿនតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច(ពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ) ។ លុះបើកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តបង្កបានបន្ថែមល្បឿនឡើងជែងរថយន្តមួយគ្រឿងទៀតស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ទើបបណ្តាលឲ្យជ្រុលទៅបុកម៉ូតូជនរងគ្រោះបើកបរច្រាស់ទិសគ្នាពេញមួយទំហឹងតែម្តង ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានបញ្ជាក់ថា ករណីនេះគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកអ្នកបើកបររថយន្តទួរីសបើកបរក្នុងល្បឿនលឿន ឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទើបបណ្តាលឲ្យបុកម៉ូតូធ្វើឲ្យមានមនុស្សរងរបួសយ៉ាងដូច្នេះ ៕ ស្អាងជ័យ

se (1) se (2) se (3) se (4) se (5) se (6)


ចែករំលែក៖