ព័ត៌មានទាន់ហេតុការណ៍៖

ចម្លើយឃាតក បាញ់សម្លាប់អ្នកបើកគោយន្តដឹកកូនឈើខ្លុងជាការដោះសារ

ចែករំលែក៖

 

ខេត្តកំពង់ស្ពឺ៖ ជនដៃដល់ជាឃាតក និងបក្ខពួកដែលជាប់ពាក់ព័ន្ធករណីបាញ់សម្លាប់ប្រជាពលរដ្ឋម្នាក់ប្រកបរបរដឹក ដើមកូនខ្លុងលក់ត្រូវបានចាប់ខ្លួនជាបន្ត បន្ទាប់។ បន្ទាប់ពីចាប់ខ្លួនជនដៃដល់ម្នាក់ក្នុងចំណោម៣នាក់បានសារភាពថា មូលហេតុដែលរូបគេបាញ់សម្លាប់ជនរងគ្រោះ ព្រោះតែជនរងគ្រោះដកពូថៅរកកាប់មកលើខ្លួន។ ក៏ប៉ន្តែ ចម្លើយជនដៃដល់នេះ ត្រូវបានអ្នកច្បាប់១រូបលើកឡើងថា ចម្លើយសារភាពជនដៃដល់ខាងលើនេះ គ្រាន់តែជាការដោះបន្ទុកបុ៉ណ្ណោះ។ យ៉ាងណាក្រុមជនដៃដល់នឹងត្រូវផ្តន្ទាទោស តាមច្បាប់ក្នុងបទមនុស្សឃាតដោយចេតនា ព្រោះតែជនរងគ្រោះមិនបង់លុយថ្នូនឹងដឹកកូនឈើ ពួកគេក៏រួមគំនិតបាញ់សម្លាប់ជនរងគ្រោះ នេះជារឿងពិត។

លោកវរសេនីយ៍ត្រី ប៊ុត ប៊ុនធឿន អធិការស្រុកឱរ៉ាល់បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធបាញ់សម្លាប់ជនរងគ្រោះ៤នាក់ត្រូវបានចាប់ខ្លួនទី១.ឈ្មោះ ដួង ពៅ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ ជាសន្តិសុខក្រុមហ៊ុន HLH រស់នៅភូមិ ពោធិ៍មាស ឃុំត្រពាំងជោ ទី២.ឈ្មោះ អេន វុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរយោធា កងពលតូចលេខ៧០ មានទីលំនៅផ្ទះ លេខ៦៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ជាមេសន្តិសុខក្រុមហ៊ុន និងជាជនដៃដល់ដែលបាញ់សម្លា់ជនរងគ្រោះ ទី៣.ឈ្មោះ កែវ វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាអនុប្រធានសន្តិសុខក្រុមហ៊ុន និងទី៤.ឈ្មោះ ជេង ចំបុី អាយុ២៣ឆ្នាំ ជាប្រពន្ធជន សង្ស័យ កែវ វណ្ណា បច្ចុប្បន្នមានទីលំនៅ ភូមិព្រៃទាល់ សង្កាត់-ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ។

លោកអធិការបានឲ្យដឹងទៀតថា បើ តាមការបំភ្លឺពីឈ្មោះ ធី ចាន់ណា អាយុ ៣២ឆ្នាំ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង ជាអ្នកបើកគោយន្តពីក្រោយជន រងគ្រោះឲ្យដឹងថា ជនសង្ស័យបានបាញ់ទៅលើជនរងគ្រោះចំនួន៣គ្រាប់ រួចបើក រថយន្តគេចទៅទិសខាងកើតតែម្តង។

លោកអធិការបានបន្តថា ជនសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ ដួង ពៅ បានមុនគេ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ អេន វុទ្ធី បានឆ្លើយសារភាពថា មូលហេតុដែលគេបាញ់ជនរងគ្រោះព្រោះតែជនរងគ្រោះបានយកពូថៅដេញកាប់រូបគេ ទើបធ្វើឲ្យគេខឹង ហើយក៏បាញ់សម្លាប់ជនរងគ្រោះតែម្តង។

គួររំលឹកថា កាលពីវេលាម៉ោង៧ និង ៣០នាទីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្រុមហ៊ុនHLH ដាំពោត និង អំពៅ ខាងលិចស្ពានដែក ស្ថិតក្នុងឃុំ ត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីបាញ់សម្លាប់ប្រជាពលរដ្ឋប្រកបរបរដឹកកូនខ្លុងលក់ ដោយសង្ស័យជនរង គ្រោះមិនបង់លុយឲ្យក្រុមជនសង្ស័យខាងលើនេះដែលលួចដាក់កុងត្រូលជជុះដើម្បីជម្រិតទាលុយពីរថយន្ត និងគោយន្តប្រជា ពលរដ្ឋ។ ជនរងគ្រោះ ដែលត្រូវជនសង្ស័យ បាញ់សម្លាប់ឈ្មោះ រ៉ន រ៉េត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំ នៅភូមិថ្មគប់ ឃុំ អមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងមានអ្នកឃើញហេតុការណ៍ម្នាក់ឈ្មោះ ធី ចាន់ ណា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង និងជាអ្នកបំភ្លឺប្រាប់សមត្ថកិច្ចឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៤នាក់ខាងលើនេះ។

នៅថ្ងៃកើតហេតុតាមប្រភពបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ បានដឹកកូនខ្លុងចេញពីអូរត្រាវ ស្ថិតក្នុង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានអ្នកប្រកបរបរដឹកកូនខ្លុង២-៣ គោយន្តបើកមកជាមួយគ្នា។ លុះមកដល់ ចំណុចកើតហេតុ មានជនសង្ស័យមួយ ក្រុមជិះរថយន្តកាមរីស្វិត១គ្រឿង បាន ឃាត់គោយន្តជនរងគ្រោះឲ្យឈប់បំណងជំរិតទារប្រាក់។

ប្រភពបានបញ្ជាក់ថា នៅពេលនោះជន រងគ្រោះបានឈប់គោយន្ត ហើយបាន ប្រាប់ទៅក្រុមជនសង្ស័យដែលដាក់កុង ត្រូលជជុះនោះថាគាត់ជនរងគ្រោះមិន មានលុយឲ្យទេថ្ងៃនេះ ហើយជនរងគ្រោះក៏បើកគោយន្តបន្តដំណើរទៅមុខទៀតស្រាប់តែជនសង្ស័យបានបើករថយន្តកាមរីស្វិត ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ ដេញ និងបាញ់ជនរងគ្រោះរួចក៏បើក រថយន្តគេចបាត់ទៅ។

បុរសឈ្មោះ ធី ចាន់ណា បាននិយាយ ថា ដំបូងគាត់ពុំដឹងថាជនរងគ្រោះត្រូវ គ្រាប់កាំភ្លើងទេ តែក្រោយបន្តិចមកនៅ ពេលឃើញជនរងគ្រោះធ្លាក់ពីគោយន្ត ទើបដឹងថាជនរងគ្រោះត្រូវគ្រាប់កាំភ្លើង ស្លាប់។

ក្រោយពីមានករណីនេះកើតឡើង សមត្ថ កិច្ចបានបើកការសើុបអង្កេតភ្លាមៗ ហើយ ឈានទៅចាប់ខ្លួនជនដៃដល់ និងបក្ខពួកជាបន្តបន្ទាប់ដើម្បីបញ្ជូនទៅតុលាការនៅ រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ចាត់ ការតាមផ្លូវច្បាប់៕ សេនា ស័ក្តិ

aes (3) aes (2) aes (1) Untitled-1


ចែករំលែក៖