ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ១ ចោមរោមមើលយ៉ាងច្រើនកកកុញ ខណៈស្ត្រីម្នាក់ដែលជាអ្នកបើករថយន្តឈ្នួល បានឈប់ចតលើថ្នល់ទទឹងទិស បង្កឲ្យស្ទះចរាចរណ៍ ហើយសមត្ថកិច្ចនគរបាលបានមកសួរនាំ និងឲ្យរថយន្តថយក្រោយ ប៉ុន្តែមិនស្ដាប់សមត្ថកិច្ច បែរជាជេរស្ដី ពេញៗមាត់តែម្តង ទើបធ្វើឲ្យសមត្ថកិច្ចឃាត់ នាំមកសាកសួរនៅអធិការនគរបាលស្រុកស្វាយទាប។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិប្រសូត្រ២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីដែលបើករថយន្តឈ្នួលមានឈ្មោះ ភា អាយុប្រមាណ៣៧ឆ្នាំ មុខរបរបើករថយន្តឈ្នួល មានទីលំនៅភូមិពោធិ ឃុំមេសរថ្ងក ស្រុកចន្ទ្រា ដោយបើករថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ២AH៩៤៤៧ ខណៈផ្ទុកមនុស្សជាច្រើននាក់ផងដែរ។
យោងតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាកសាំយ៉ុង ពណ៌លឿង មួយគ្រឿង ដោយធ្វើដំណើរពីកើតមកលិច លើកំណាត់ផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែឈប់ចត ទទឹងទិស លើក្បាលស្ពានប្រសូត្រ ប៉ះពាល់សណ្ដាប់ធ្នាប់ ទើបសមត្ថកិច្ចនគរបាលចរាចរណ៍ប្រចាំការក្បែរនោះ បានមកសួរនាំ ស្រាប់តែស្ត្រីខាងលើជេរដៀលសមត្ថកិច្ច និងអ្នកកាសែតពេញៗមាត់បង្កឲ្យមានការកកស្ទះចរាចរណ៍ ទើបសមត្ថកិច្ចទ្រាំមិនបាន ក៏បានឃាត់ខ្លួនស្ត្រីនោះមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីសាកសួរ។
រហូតមកដល់វេលាម៉ោង២រសៀល ថ្ងៃទី១២ ខែកុម្ភៈ លោកកែវ សុភ័ណ្ឌអធិការនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ស្ត្រីខាងលើនេះសមត្ថកិច្ចបានអប់រំ និងបានធ្វើកិច្ចសន្យាណែនាំពីច្បាប់ចរាចរណ៍ និងឲ្យវិលត្រឡប់ទៅដឹកម៉ូយវិញផងដែរ ៕ យឹម សុថាន