ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ តើប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងតែប្តូរគោលនយោបាយស្និទ្ធជាមួយប្រទេសចិនឬ?

ចែករំលែក៖

នយោបាយការបរទេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានគេ ចាត់ទុកថា មិនមានស្ថិរភាពអាចផ្លាស់ប្តូរគ្រប់ពេល។ ទាំងនោះហើយបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសជាសម្ពន្ធមិត្ត។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយប្រាប់លោកប្រធានាធិបតី ស៊ី ជីនពីង ថា អាមេរិកនឹងទទួលស្គាល់គោលការណ៍ចិនតែមួយ។ តាមសេតវិមាន ប្រមុខដឹកនាំកំពូលចិន និងអាមេរិកបាន ពិភាក្សាគ្នាតាមទូរស័ព្ទជាលើកទី១ ចាប់ តាំងពីលោក ដូណាល់ ត្រាំ បានចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់អាមេរិក។

លោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់រម្ងាប់កំហឹងរបស់ចិននៅក្នុងរឿងតៃវ៉ាន់។ ទីក្រុងប៉េកាំងបានខឹងឆេះដុំបន្ទាប់ពីលោក ដូណាល់ ត្រាំ បាននិយាយទូរស័ព្ទជាមួយលោកស្រីប្រធានាធិបតីតៃវ៉ាន់ដែលនេះជាលើកទី១ចាប់តាំងពីអាមេរិកបានយល់ព្រម ទទួលស្គាល់គោលការណ៍ចិនតែមួយ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ អាមេរិកាំងកាលពីខែធ្នូលោក ដូណាល់ ត្រាំ នៅបាននិយាយទៀតថា លោកដូចជាគ្មានហេតុផលអ្វីដែលត្រូវគោរពគោល ការណ៍ចិនតែមួយនោះទេ។

សម្តីរបស់ម្ចាស់សេតវិមានបានបង្កឲ្យមានមតិប្រឆាំងខ្លាំងពីរដ្ឋាភិបាលចិនរហូតធ្វើឲ្យគេបារម្ភថា នៅក្រោមការដឹកនាំរបស់ លោក ដូណាល់ ត្រាំ ចិននិងអាមេរិកនឹងអាចតានតឹងខ្លាំងនឹងគ្នា។

សារព័ត៌មាន Guardian បានផ្សាយថា លោក ដូណាល់ ត្រាំ បានថ្កោលទោស ប្រទេសអាស៊ីមួយនេះថា បានពង្រីក អំណាចនៅសមុទ្រចិនភាគខាងត្បូងគំរាមកំហែងដល់ប្រទេសជិតខាង។ មកទល់ ពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាល ឲ្យលោក ត្រាំ ស្រាប់តែថ្កោលទោសចិន បែបនេះ។

លោក ដូណាល់ ត្រាំ បានសរសេរថា «ចិនមានសួរយើងទេពីការបំផ្លាញតម្លៃ រូបិយប័ណ្ណធ្វើឲ្យក្រុមហ៊ុនអាមេរិកមិនអាចប្រកួតប្រជែងបានដោយចិនបង្កើនពន្ធដារលើទំនិញរបស់អាមេរិក ចំណែកអាមេរិក វិញមិនបានដំឡើងពន្ធចិនឡើយ។ មួយ វិញទៀតចិនបានពង្រឹងកម្លាំងនៅតំបន់ សមុទ្រចិនភាគខាងត្បូងទៀតផង»។

សារព័ត៌មាន Guardian បានផ្សាយថា ការថ្កោលទោសខាងលើរបស់លោក ដូ ណាល់ ត្រាំ ទៅលើប្រទេសចិនក្រោយ ប៉ុន្មានម៉ោងដែលលោក ត្រាំ បានទូរស័ព្ទសន្ទនាជាមួយមេដឹកនាំកោះតៃវ៉ាន់ដែលជាការចាប់ផ្តើមគោលនយោបាយថ្មីរវាងអាមេរិកនឹងចិន។

កាលពីថ្ងៃទី២ ខែធ្នូ ប្រធានាធិបតីជាប់ ឆ្នោតអាមេរិក ដូណាល់ ត្រាំ បានជួបពិភាក្សា តាមទូរស័ព្ទជាមួយមេដឹកនាំកោះតៃវ៉ាន់។ សកម្មភាពខាងលើរបស់លោក ត្រាំ នឹងធ្វើឲ្យរដ្ឋាភិបាលចិនកាន់តែខឹងសម្បាខ្លាំងឡើង។

លោកស្រី Hope Hicks អ្នកនាំពាក្យ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ជំនួបពិភាក្សាផ្តោតទៅលើទំនាក់ទំនងសេដ្ឋកិច្ចនយោបាយ និងសន្តិសុខ។ នេះជាលើក ទីមួយហើយដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិកបានទូរស័ព្ទពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំកោះតៃវ៉ាន់។ កាលពី ឆ្នាំ១៩៧៩ ប្រធានាធិបតី Jimmy Carter បានទទួលស្គាល់ «ចិនតែមួយ» ធ្វើឲ្យ អាមេរិកមិនមានទំនាក់ទំនងការទូតជា មួយតៃវ៉ាន់។

មន្ត្រីការិយាល័យតំណាងតៃវ៉ាន់នៅទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ការសន្ទនាខាងលើមានលក្ខណៈជាប្រវត្តិសាស្ត្រ។ មកទល់ពេលនេះចិនមិនទាន់មានប្រតិកម្មអ្វីជុំវិញជំនួបពិភាក្សាខាងលើនៅឡើយ។ មន្ត្រីចិនធ្លាប់បានប្រកាសថា ចិនមិនទាន់មានប្រតិកម្មដោយសារតែលោក ដូណាល់ ត្រាំ មិនទាន់ក្លាយជាប្រធានាធិបីអាមេរិកនោះឡើយ។

លោកស្រី Tsai Ing-wen គឺជាមេដឹកនាំ១ក្នុងចំណោម៤ដែលមានទំនាក់ទំនងជាមួយលោក ដូណាល់ ត្រាំ ក្រោយលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាំមេរិក។ កន្លងមកលោក ដូណាល់ ត្រាំ បានប្រកាស ថា លោកនឹងអនុវត្តនូវគោលនយោបាយ តឹងតែងជាមួយចិនជាងជំនាន់លោក អូបាម៉ា ក្នុងនោះមានការបង្កើនកម្លាំងនៅក្នុងប្រទេស តំបន់អាស៊ី។ ប៉ុន្តែចំពោះទំនាក់ទំនងជា មួយកោះតៃវ៉ានលោក ដូណាល់ ត្រាំ មិនបានប្រកាសនៅពេលឃោសនាបោះ ឆ្នោតពីការតភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយតៃវ៉ាន់ទេ។

ចាប់តាំងពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតទំនាក់ទំនងរវាងចិននឹងអាមេរិកដូចជាមិនល្អប្រសើរជាងមុនឡើងមានតែ យ៉ាប់យឺុនជាងមុនទៅទៀត បើទោះចិន បង្ហាញពីការគាំទ្រ ដូណាល់ ត្រាំ តែលោកបានអនុវត្តគោលនយោបាយយ៉ាងតឹងតែង ទៅលើចិនពិសេសគឺគោលនយោបាយសេដ្ឋកិច្ចពាណិជកម្ម។

ក្រៅពីចិនលោក ដូណាល់ ត្រាំ មាន ទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយប្រទេស ដទៃទៀតក្នុងនោះមានរុស្ស៊ីជាដើម។ កន្លង មកលោកប្រធានាធិបតី ពូទីន បានសម្តែង សេចក្តីសង្ឃឹមថា ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ រុស្ស៊ីមុខជានឹងអាចរៀបរយទំនាក់ទំនងជាមួយអាមេរិកឲ្យបានរលូនឡើងវិញ។ នៅពេលឃោសនាបោះឆ្នោត លោក ត្រាំ ធ្លាប់បានបង្ហើបឲ្យដឹងពីគោលជំហរបែបនេះដែរពីខាងគាត់។ ប៉ុន្តែតាំងពីឥឡូវទៅហើយពីខាងមន្ត្រីខ្លះនៃរដ្ឋបាលលោក អូបាម៉ា ដែលសូម្បីជិតផុតអាណត្តិក្តីក៏ខំទូន្មានលោក ត្រាំ ឲ្យប្រយ័ត្នប្រយែងជានិច្ចក្នុងទំនាក់ទំនងជាមួយរុស្ស៊ី។ មិនតែប៉ុណ្ណោះសភាតំណាងអាមេរិកាំងម្សិលម៉្ងៃ បានចាប់ផ្តើមប្រយុទ្ធទៅហើយទល់នឹង «ឥទ្ធិពលស្ងាត់ៗ»ពីខាងរុស្ស៊ី។

លោក ពូទីន បានបញ្ជាក់ថា «ការបោះឆ្នោតនៅអាមេរិកបានចប់សព្វគ្រប់ទៅ ហើយជាង១ខែទៀតនឹងមានប្រធានា ធិបតីថ្មីឡើងកាន់តំណែងខ្លួនក្នុងសេត វិមានក្រុងវ៉ាស៊ីនតោន។ ខ្ញុំចង់សំដែងនូវ ជំនឿថា ខណៈនោះនឹងមានលេចចេញ មកភ័ព្វសំណាងដើម្បីរៀបរយទំនាក់ទំនងរុស្ស៊ី-អាមេរិកឲ្យបានធម្មតាវិញដ្បិតវា សំខាន់មិនគ្រាន់តែសម្រាប់ប្រជាជនប្រទេស ទាំងពីរប៉ុណ្ណោះទេ តែក៏សម្រាប់សហគមន៍ អន្តរជាតិទាំងមូលសម្រាប់ធានាស្ថិរភាព និងសន្តិសុខក្នុងលោក»។

លោក ពូទីន ក៏បានឲ្យដឹងថា «កិច្ចសន្ទ នាតាមទូរស័ព្ទនាពេលថ្មីៗជាមួយលោក ដូណាល់ ត្រាំ ភាគីទាំងពីរបានមូលមតិគ្នា ថា ទំនាក់ទំនងរុស្ស៊ី-អាមេរិកបច្ចុប្បន្នមិន នាំឲ្យសោមនស្សឡើយ ម៉្លោះហើយបានជាត្រូវតែកែវាឲ្យប្រសើរឡើង។ រួចដូច ដែលខ្ញុំធ្លាប់បាននិយាយទៅហើយ ភាគី រុស្ស៊ីត្រៀមដើរឲ្យបានផុតចំណែករបស់ ខ្លួននៅលើផ្លូវនេះ»៕ ម៉ែវ សាធី

jinping trump


ចែករំលែក៖