ព័ត៌មានទាន់ហេតុការណ៍៖

បាត់ប្រពន្ធ៣ថ្ងៃ ទាក់ទងលែងបានរលីងរលោងទឹកភ្នែកមកប្តឹងនគរបាលឲ្យជួយ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់មួយគ្រឿង មានទាំងស្ពាយសាក់កាដូមួយ ផងបានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលកំបូលទាំងត្រហេបត្រហប នារសៀលថ្ងៃទី១៣ កុម្ភៈ នេះ ដើម្បីសុំការអន្តរាគមន៍ពីនគរបាលឱ្យជួយតាមរកប្រពន្ធដែលបានបាត់ខ្លួន៣ថ្ងៃមកហើយ មិនដឹងនៅទីណានោះទេតាំងពីថ្ងៃទី១០ កុម្ភៈ មកម្ល៉េះ ។

បុរសខាងនេះឈ្មោះប៊ូ សុវណ្ណ អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។ រីឯប្រពន្ធបាត់ខ្លួនឈ្មោះហេង ណាន អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

បុរសជាប្តីបានរៀបរាប់ប្រាប់នគរបាលប៉ុស្តិ៍កន្ទោកថា ខ្លួននិងប្រពន្ធបានរៀបការរយៈពេល៤ឆ្នាំមកហើយ តែប្រពន្ធបានមកធ្វើការ និងស្នាក់នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែពួកគេទំនាក់ទំនងគ្នាជាប់រហូតតាមទូរស័ព្ទ។

ពេលមកធ្វើការងារនៅភ្នំពេញប្រពន្ធរបស់ខ្លួន គឺតែងតែប្តូរម្តងធ្វើជាកម្មការិនីរោងចក្រ ម្តងទៅជួយលក់បាយឱ្យគេ ចុងក្រោយនេះ ឮថាទៅធ្វើការនៅហាងគោដុតមួយកន្លែង ដែលមានបង្កប់សេវាកោសជប់ ស្ថិតក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

លុះរយៈពេល៣ថ្ងៃចុងក្រោយនេះ ប្រពន្ធខ្លួនបានបាត់ដំណឹងឈឹងតែម្តង តែបានទូរស័ព្ទមកប្រាប់គាត់កាលពីយប់ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៧ ថា «អូនបានជួបគ្រោះថ្នាក់ចរាចរណ៍ហើយ» ហើយចាប់ពីពេលនោះមកទូរស័ព្ទក៏ លែងចូលរហូត ទើបធ្វើឱ្យគាត់កាន់តែមានការបារម្ភរឹតតែខ្លាំងធ្វើដំណើរពីស្រុកកំណើតមករកប្រពន្ធ ព្រោះមិនដឹងថា ប្រពន្ធកំពុងនៅណាទេ ។ មួយវិញទៀត គាត់ខ្លាចប្រពន្ធអាចចាញ់បោកគេផងដែរ ទើបគាត់មកសុំឲ្យនគរបាលឱ្យតាមរកប្រពន្ធគាត់ ។

បុរសរូបនេះថែមទាំងកាន់រូបថតប្រពន្ធដ៏ស្រស់ស្អាតជាច្រើនសន្លឹក បង្ហាញសមត្ថកិច្ច និងអ្នក ជិតខាងក្រែងបានស្គាល់ ឬ ដឹងដំណឹង តែគ្មានអ្នកណាស្គាល់ឡើយ ទើបធ្វើឲ្យគាត់រលីង រលោងទឹកភ្នែកអាណិតប្រពន្ធ ៕ ប្រាថ្នា

ត យ ល


ចែករំលែក៖