ព័ត៌មានទាន់ហេតុការណ៍៖

ឈិត សុវណ្ណបញ្ញា យក់ ថិតរដ្ឋា និងអ៊ិន ទីតូ បង្ហាញមុខផ្លូវការនៅផលិតកម្មថោនក្រោយចេញពីហង្សមាស

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាចម្រៀង និងផលិតករប្រចាំផលិតកម្មហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា អ្នកនាង យក់ ថិតរដ្ឋា និងលោក អ៊ិនទីតូ បង្ហាញមុខនៅផលិតកម្មថោនជាផ្លូវការហើយ គឺក្រោយចេញពីហង្សមាស។

ពួកគេបានបង្ហាញវត្តមានក្នុងកម្មវិធីថតបទចម្រៀងសម្រាប់ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខរបស់ផលិតកម្មថោនកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។

វត្តមានតារាចម្រៀង និងផលិតករទាំង៣រូបក្នុងផលិតកម្មថោន បានបង្កើតឲ្យមានការភ្ញាក់ផ្អើលកកាន់តែខ្លាំងសម្រាប់អ្នកគាំទ្រ ក្រោយពីដំណឹងចាកចេញពីផលិតកម្មហង្សមាសកាលពីសប្តាហ៍មុនបានផ្ទុះឡើងបន្តបន្ទាប់បើទោះបីជាការផ្លាស់ប្តូរផលិតកម្មពីមួយទៅមួយរបស់សិល្បករ និងផលិតករគឺជារឿងធម្មតាដោយ។

អតីតតារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា ឈិត សុវណ្ណ បញ្ញាដែលល្បីវេចបង្វេចពីផលិតកម្មហង្សមាស ចូលជ្រកក្រោមដំបូលផលិតកម្មថោននោះ ទទួលបានបទចម្រៀង៥បទភ្លែតសម្រាប់អបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

តារាស្រីរូបនេះបញ្ជាក់ថា នាងទើបនឹងសម្រេចចិត្តចូលច្រៀងជាផ្លូវការ ឲ្យផលិតកម្មថោនបានទើប៣ថ្ងៃប៉ុណ្ណោះ ហើយនាងទទួលបាន៥បទភ្លាមៗសម្រាប់ឱកាសចូលឆ្នាំខ្មែរខាងមុខនេះ។ នាងស្នើមិនបកស្រាយលម្អិតអំពីកិច្ចសន្យាក្នុងផលិតកម្មថ្មី និងជុំវិញការចាកចោលផលិតកម្មចាស់។ នាងថា បទចម្រៀងថ្មី៥បទនេះ គឺជាការផ្តល់ជូនលើកដំបូងរបស់ផលិតកម្ម ហើយនាងមិនទាន់រំពឹងយ៉ាងណានៅឡើយថា នឹងអាចទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជនកម្រិតណានោះទេ។

តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង យក់ ថិតរដ្ឋា វិញក៏បានបង្ហាញវត្តមានក្នុងផលិតកម្មថោនដំណាលគ្នានឹងវត្តមានតារាចម្រៀងស្រីឈិត សុវណ្ណបញ្ញា និងផលិតករល្បីឈ្មោះលោកអ៊ិន ទីតូ ដែរ ។

នាងនៅតែបង្ហាញអារម្មណ៍សោកស្តាយ និងអាឡោះអាល័យជាមួយផលិតកម្មហង្សមាស ប៉ុន្តែនាងសម្រេចចិត្តចាកចេញ ព្រោះតែផលិតកម្មនេះ មិនបានផ្តល់បទចម្រៀងឲ្យនាងតាមកាលកំណត់ ដែលធ្វើឲ្យនាងបាត់បង់ទីផ្សារច្រៀងជាហូរហែ ។ តារាស្រីរូបនេះបន្តថា ដើមឡើយ នាងពិតជាមិនដាច់ចិត្តចាកចេញ ប៉ុន្តៃស្វាមីនាងជាអ្នកជំរុញឲ្យនាងចាកចេញ ហើយនាងយកគំនិតតាមស្វាមី ព្រោះមានហេតុផលគ្រប់គ្រាន់ក្នុងការបោះបង់ទ្រនុំចាស់។ នាងបញ្ជាក់ថា នាងមានអ្នកគាំទ្រមួយចំនួនបាននិពន្ធបទភ្លេងទំនុកច្រៀងល្អៗសម្រាប់នាងច្រៀង ហើយបានដាក់ទៅខាងផលិតកម្មថោន គឺផលិតកម្មនេះទទួលយកទាំងអស់។

អតីតអ្នកដឹកនាំការផលិតរបស់ផលិតកម្ម និងទូរទស្សន៍ហង្សមាស លោកអ៊ិន ទីតូស្នើមិនធ្វើការបកស្រាយទេជុំវិញការបង្ហាញមុខនៅផលិតកម្មថោន ប៉ុន្តែអ្នកសិល្បៈលើកឡើងថា ផលិតកររូបនេះបង្ហាញខ្លួនក្នុងនាមជាអ្នកដឹកនាំការផលិតបទចម្រៀងក្នុងឱកាសនោះ។ ផលិតកររូបនេះ ក៏នឹងទទួលបានតំណែងខ្ពស់មួយនៅក្រុមហ៊ុនថោនគ្រុប ពិសេសក្នុងការដឹកនាំការផលិតកម្មវិធីទូរទស្សន៍ថោន ដែលនឹងចាប់ផ្តើមដំណើរការចាក់ផ្សាយក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ ៕ វឌ្ឍនា

ae (1) ae (2) ae (3) ae (4) ae (5) ae (6)


ចែករំលែក៖