ព័ត៌មានទាន់ហេតុការណ៍៖

សំណុំ​រឿង​នគរបាល​សម្លាប់​សង្សារ​ជា​និស្សិត​វ៉ាន់ដា​ សាលាឧទ្ធរណ៍​ពន្យារពេល​សម្រេច​ម្តងទៀត​

ចែករំលែក៖

ភ្នំពេញ: សំណុំរឿងបុរសម្នាក់ដែលទើបប្រឡងជាប់ជានគរបាល ពាក់ព័ន្ធបទល្មើសសម្លាប់សង្សារជានិស្សិតវិទ្យាស្ថានវ៉ាន់ដាគណនេយ្យហើយយកសពទម្លាក់ក្នុងទឹកទន្លេ នៅពុំទាន់ដឹងថាសម្រេចយ៉ាងណានៅឡើយទេ ដោយសារសាលាឧទ្ធរណ៍ពន្យារពេលប្រកាសសាលដីកាម្តងទៀត ។

លោក ប្លង់ សំណាង អនុប្រធានសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ បានលើកពេលប្រកាសសាលដីកាម្តងទៀត រឿងក្ដីនេះ ទៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះវិញ ។ មជ្ឈដ្ឋានមួយចំនួន កំពុងរង់ចាំមើលថា តើជោគវាសនា បុរសរូបនេះនឹងត្រូវជាយ៉ាងណា ។

ជនជាប់ចោទ ឈ្មោះ ហុង កាលីឌីន អាយុ២៨ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ ចំនួន ៣បទល្មើស គឺ បទឃាតកម្មគិតទុកជាមុន បទប្រើប្រាស់គ្រឿងញៀន និង បទកាន់កាប់ អាវុធខុសច្បាប់ ។

នាពេលសវនាការសាលាឧទ្ធរណ៍ ជនជាប់ចោទនៅតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ដោយស្នើឲ្យសាលាឧទ្ធរណ៍ជួយរកយុត្តិធម៌ ។

គួររំលឹកថា ឈ្មោះ ហុង កាលីឌីន ត្រូវបានសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ក្នុងហាងកាហ្វេដាលីន តាម បណ្ដោយផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា បន្ទាប់ពីសពនារី រងគ្រោះឈ្មោះ សុង ដាវិន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែត ក្នុងទឹកទន្លេ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ មុខបឋមសិក្សាជ្រោយចង្វា ៕ ចេស្តា

w


ចែករំលែក៖