ខេត្តស្វាយរៀងៈ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារនារីរងគ្រោះថា បានចាប់រំលោភរហូតបានសម្រេច កាលពីវេលាម៉ោង២និង៤០ទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអង្គតាមូ ឃុំមនោរម្យ ស្រុកស្វាយទាប ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានអោយដឹងថា យុវជនសង្ស័យមានឈ្មោះពៅ ឌីណា អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប រីឯនារីរងគ្រោះមានឈ្មោះ ជ.ស.ស. អាយុ២២ឆ្នាំ ។
តាមជនសង្ស័យបានប្រាប់សមត្ថកិច្ចនគរបាលថា រូបគេមិនបានចាប់រំលោភទេ ខណៈបានស្រឡាញ់គ្នាយូរហើយ ប៉ុន្តែដោយនៅថ្ងៃកើតហេតុ គេបាននិយាយសាងសងគ្នា បន្ទាប់មកមានអារម្មណ៍ក៏រួមរ័ក្សគ្នា លុះព្រឹកឡើងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
រីឯនារីរងគ្រោះបានប្រាប់ថា នាងបានប្រកែក ចាំចូលស្ដីដណ្តឹងសិន កុំអោយប្រព្រឹត្តខុសប្រពៃណី ប៉ុន្តែនៅតែមិនព្រម ក៏ធ្វើសកម្មភាពរំលោភតែម្ដង។
ក្រោយពីសាកសួររួច សមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលស្រុកស្វាយទាបចាត់ការតាមច្បាប់ ៕ យឹម សុថាន