ព័ត៌មានទាន់ហេតុការណ៍៖

បាត់ម៉ូតូហើយត្រូវជាប់សង្ស័យថា ជាចោរគាស់ផ្ទះ និងត្រូវគេវាយទ្រមខ្លួនថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ជាជនពិការភ្នែកម្ខាង ត្រូវបាននគរបាលចាប់ដាក់ខ្នោះដៃបន្ទាប់ពីប្រជាពលរដ្ឋ មួយក្រុមចាប់ខ្លួនបានព្រួតគ្នាវាយទ្រមខ្លួន រួចនាំខ្លួនទៅប្រគល់នគរបាល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយចោទថាជាចោរគាស់ផ្ទះ ។

ប៉ុន្តែក្រោយវាយខ្នោះរួចធ្វើការសាកសួរ និងស្រាវជ្រាវទើបដឹងថាច្បាស់ថា យុវជននោះមិនមែនជាចោរនោះឡើយ។ ផ្ទុយទៅវិញគេគឺជាជនរងគ្រោះម្នាក់ ដែលបានចេញពីផឹកស៊ីនៅក្នុង ក្លឹប មីតណាយ ហើយជិះម៉ូតូត្រឡប់ទៅផ្ទះ ប៉ុន្តែឈឺនោមក៏បានឈប់នោមតាមផ្លូវ រួចបានប្រាស់ខ្លួនដេកនៅ ក្បែរផ្ទះអ្នកស្រុក ក៏ត្រូវបានចោរលួចម៉ូតូ ស៊េរីទំនើប១គ្រឿងទៅបាត់។ លុះពេលដឹងខ្លួនឡើងបាន ដើរតាមផ្លូវ ដើម្បីរកប៉ុស្ដិ៍នគរបាលដាក់ពាក្យបណ្ដឹង ក៏ត្រូវប្រជាពលរដ្ឋដែលកំពុងដេញតាមចាប់ចោរគាស់ផ្ទះ ប្រទះ ឃើញ មានការសង្ស័យ ក៏បានចាប់វាយ ដោយគ្មានមេត្តានិងនាំទៅ ប្រគល់ឲ្យនគរបាលតែម្ដង។ ព្រោះស្រប ពេលនោះ មានករណីចោរគាស់ផ្ទះ មិនបានសម្រេចមួយ នៅជិតនោះហើយក្រុមចោរ បានរត់ចោលម៉ូតូ ១គ្រឿងផងដែរ ។

យុវជនរងគ្រោះតែជាប់សង្ស័យថា ចោរទៅវិញនោះ ឈ្មោះ ទុន រ៉ា ហៅ វ៉ែប អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ជាជនពិការភ្នែកម្ខាងស្ដាំ មានស្រុកកំណើតនៅក្នុងភូមិ ឫស្សីចចក ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង និងស្នាក់នៅផ្ទះជួលនៅ ក្នុងឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល បាត់បង់ម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ ១២៥ស៊េរី ឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF-8391។ ចំណែកម៉ូតូដែលចោរគាស់ផ្ទះរត់ចោលនោះ ម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1Z-4829។

នគរបាលបានឲ្យដឹងថា កាលពីវេលាល្ងាចថ្ងៃទី១៣ ខែកុម្ភៈ យុវជនរូបនោះបានជិះម៉ូតូ តាំងពីស្រុកស្អាង ខេត្តកណ្ដាល ធ្វើដំណើរមកភ្នំពេញ ដើរលេង និងចូលផឹកស៊ីរាំលេងនៅក្នុងក្លឹបឌីស្កូ មីតណាយ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែម្នាក់ឯងលុះដល់វេលាម៉ោង៣ទៀបភ្លឺ ទើបសប្បាយអស់ចិត្ត និងបានជិះម៉ូតូស៊េរីទំនើប១គ្រឿង ចេញពីក្នុងក្លឹប ក្នុងបំណងត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែក្រោយពេលចេញបានបន្តិច បានឈប់នោម ដោយបានទុកម៉ូតូនៅក្រោយ ខ្នងចម្ងាយប្រមាណ៥ម៉ែត្រពីខ្លួន លុះក្រោយពេលនោមរួច មិនបានជិះម៉ូតូបន្តទៀតទេ ដោយសារតែស្រវឹង ស្រាផង និងងងុយដេកផង ភ្លេចថាខ្លួនមានម៉ូតូ ក៏បានប្រាស់ខ្លួនដេកនៅក្បែរផ្ទះប្រជាពលរដ្ឋជិតនោះ ហើយម៉ូតូក៏ត្រូវបានចោរលួចយកទៅបាត់។ រហូតព្រឹកឡើងក្រោយពេលភ្ញាក់ពីដេក ស្រាប់តែបាត់ម៉ូតូក៏បាន ដើរទៅរកប្រជាពលរដ្ឋ ដើម្បីសួររកប៉ុស្ដិ៍នគរបាល ដាក់ពាក្យបណ្ដឹងរឿងបាត់ម៉ូតូ ប៉ុន្តែគ្រាន់តែចូលទៅដល់ ក៏ត្រូវបាន ប្រជាពលរដ្ឋចាប់វាយទ្រមខ្លួនទៀត ដោយចោទថាជាចោរគាស់ផ្ទះ ព្រោះចំពេលដែលគេកំពុង ដេញតាមចាប់ចោរគាស់ផ្ទះផង។

ក្រោយមកនគរបាលបានស្រាវជ្រាវ ទើបដឹងថា យុវជននោះគឺជា ជនរងគ្រោះ និងបានឲ្យក្រុមគ្រួសារយកឯកសារពាក់ព័ន្ធទៅពិនិត្យមើល រួចដោះលែងឲ្យមានសេរីភាពវិញ ៕ សុខាសែនជ័យ

image2

image1


ចែករំលែក៖