ព័ត៌មានទាន់ហេតុការណ៍៖

ព្រួតគ្នាវាយប្លន់ម៉ូតូឌុបបានសម្រេចនៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៦នាក់ ត្រូវបានសន្តិសុខយាមការដ្ឋានសំណង់មួយកន្លែង តាមបណ្តោយផ្លូវលេខ R6 ចាប់បាន ព្រមទាំងត្រូវគេវាយរងរបួសបែកមុខមាត់ ខណៈដែលជនសង្ស័យរូបនោះ រួមទាំងបក្ខពួក៥នាក់ទៀត បានព្រួតវាយប្លន់យកម៉ូតូបានសម្រេចពី បុរសអ្នករត់ម៉ូតូឌុបម្នាក់ កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅមុខការដ្ឋានសំណង់មួយកន្លែង តាមបណ្តោយផ្លូវលេខ R6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះមានឈ្មោះ សួន វណ្ណថន ហៅពៅ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប មានទីលំនៅផ្ទះជួល ម្តុំផ្សារធំទួលសង្កែ ចំណែកម៉ូតូដែលត្រូវក្រុមចោរវាយប្លន់យកទៅបានសម្រេចម៉ាក ហុងដា ឌ្រីម សង់ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០០៧ ឡើងស៊េរី ឆ្នាំ២០១៣ ពាក់ស្លាកលេខ កំពត 1G-6119 ។

តាមការរៀបរាប់ពីសំណាក់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូប គាត់ចេញមករត់ម៉ូតូឌុបដូចរាល់ដង លុះពេលជិះមកដល់ចំណុចកើតហេតុ ក៏ត្រូវជនសង្ស័យមានគ្នា៦នាក់ ហៅគាត់អោយឈប់ និងបានតថ្លៃ ។ ពេលដែលកំពុងតថ្លៃនោះ គ្នាវា៤នាក់ធ្វើជាដើរទៅហួស ទុកតែ២នាក់ទៀតតថ្លៃ បូករួមទាំងជនសង្ស័យម្នាក់ ដែលចាប់បានផង ។

ប្រភពដដែលបានបន្តទៀតថា ពេលជនសង្ស័យតថ្លៃរួច គ្នាវាម្នាក់បានស្ទុះមកវាយរូបគាត់ចំភ្នែកខាងស្តាំ ធ្វើអោយដាល់ផ្ងារធ្លាក់ពីលើម៉ូតូ ហើយម្នាក់ទៀត ស្ទុះលើកម៉ូតូជិះ ។ ចំណែក៤នាក់ ដែលដើរទៅហួសនោះ បានរត់បកក្រោយវិញ សំដៅរូបគាត់ (ជនរងគ្រោះ) ឃើញសភាពការណ៍មិនស្រួល រូបលោកបានរត់យកតែរួចខ្លួន ព្រមទាំងស្រែកថា ចោរៗអោយគេជួយតែ គ្មានអ្នកណាអើពើឡើយ រហូតរត់ដល់ការដ្ឋានសំណង់ក្បែរនោះ ទើបបានសន្តិសុខស្ទុះចេញមកជួយ និងបានចាប់បានគ្នាវាម្នាក់ ។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋវាយម្នាក់មួយដៃ ម្នាក់មួយជើង រងរបួសធ្ងន់ ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ស្រះចក ដើម្បីតាមដានស្រាវជ្រាវចាប់បក្ខពួកដែលបានយកម៉ូតូទៅបាត់នោះ យកមកវិញ ។

គួរបញ្ជាក់ផងដែរថា ទីតាំងចំណុចផ្លូវ R6នោះ តែងតែមានអំពើវាយប្លន់ស្ទើរាល់យប់ គ្រាន់តែពេលខ្លះ ប្លន់មិនបានសម្រេច ហើយជនរងគ្រោះខ្ចិលទៅដាក់ពាក្យបណ្តឹងប៉ុណ្ណោះ រីឯសមត្ថកិច្ចវិញប្រឹងល្បាតដែរ តែហាក់គ្មានវិធានការក្នុងការដោះស្រាយបញ្ហានេះសោះ ល្បាតដឹងតែល្បាត ល្បាតហើយចោរប្លន់ដដែល តើល្បាតដើម្បីអ្វី? ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖