ខេត្តស្វាយរៀង៖ លោកអីុវ ឯកសាវតី រដ្ផបាលព្រៃឈើថ្នាក់កណ្តាល ដឹកនាំមន្រ្តីរដ្ផបាលព្រៃឈើ សហការជាមួយមន្រ្តីនៃមន្ទីរកសិកម្ម ខេត្តស្វាយរៀង ស្ទាក់ចាប់រថយន្ត១គ្រឿង ចំណុះ៨តោន ដឹកឈើគ្រញូងពេញទ្រុង និងឃាត់ខ្លួនអ្នកបើកបរបានម្នាក់នៅចំណុចភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង កាលពីវេលាម៉ោង១រំលងអាធ្រាតថ្ងៃទី១៤ កុម្ភៈឆ្នាំ២០១៧ ដកហូតរថយន្ត និងឈើគ្រញូងប្រមាណជា១០ម៉ែត្រគុប ។
បើតាមមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀងបានបង្ហើបឲ្យដឹងថា: រថយន្តដឹកគ្រញូងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 67L 3706 ចំណុះ៨តោន ជាឡានរបស់វៀតណាម ចូលមកដឹកឈើគ្រញូងចេញពីផ្ទះ ឈ្មោះ យីុ ជាទាហ៑ានអនុប្រធានប៉ុស្តិ៍វរៈការពារព្រំដែនសំយ៉ោង មានទីលំនៅ ភូមិឡរ សង្កាត់ ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ប្រភពដដែលបន្តទៀតថា រថយន្តដឹកឈើគ្រញូងមួយគ្រឿងនេះ បំរុងដឹកឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងសំយោង ស្ថិតនៅ ឃុំសំយោង ស្រុកកំពុងរោទិ ខេត្តស្វាយរៀង ក៏ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចចុះស្ទាក់ បង្ក្រាបបានពេលជនល្មើសដឹកចេញពីផ្ទះឈ្មោះពេជ្រ យី បានប្រមាណ០៣គីឡូម៉ែត្រ។
បច្ចុប្បន្នព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បាននិងកំពុងដឹកនាំកម្លាំងព័ទ្ធផ្ទះឈ្មោះ ពេជ្រ យីុ ដើម្បីប្រមូលវត្ថុតាងបន្ថែមទៀត ហើយបានបញ្ជូនរថយន្ត និងឈើគ្រញូងមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន