ភ្នំពេញ ៖ កុំថាឡើយតែអ្នកក្រមានវណ្ណៈតូចទាបរកអង្ករច្រកឆ្នាំងមិនចង់បាន ដែលអាចឲ្យពួកគេលំបាកចិត្តច្រើនឈានទៅមានជំងឺសរសៃប្រសាទព្យាបាលមិនជានោះ សូម្បីនារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់នេះ ដែលគេស្គាល់ថា ជាអាណិកជនខ្មែរមកពីអាមេរិកមានគ្រួសារ មានទ្រព្យធនស្តុកស្តម មានភូមិគ្រឹះ សណ្ឋាគារ រថយន្តយន្តទំនើប និងមានលុយចាយមិនអស់ក៏មិនអាចទិញជំងឺសរសៃប្រសាទមិនឲ្យបៀតបៀនកាយបានឡើយ ។ ទីបំផុតនារីដ៏ស្រស់ផូរផង់មានឈាមជ័រជាអ្នកមានទ្រព្យស្តុកមានវ័យ ២១ឆ្នាំរូបនេះហាក់មានវិប្បដិសេរី ក្នុងជីវិត ខណៈនាងមានរោគសរសៃប្រសាទប្រចាំកាយ មើលពុំជាបានប្រមូលខោអាវ សំរាមមកគរដុតចោលមុខផ្ទះរបស់ខ្លួនចេញផ្សែងយ៉ាងឃ្មួលខ្មាញ់បង្កឲ្យផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ចនិងក្រុមពន្លត់អគ្គីភ័យ នាំគ្នាចេញទៅជួយពន្លត់ភ្លើងទាំងព្រឹក ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ វីឡាស្តុកស្តម្ភមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
នារីដែលមានសតិមិនប្រក្រតី មិនត្រូវបានស្គាល់ឈ្មោះឡើយ គ្រាន់តែដឹងថានាងមានអាយុ២១ឆ្នាំ ជាអាណិកជនខ្មែរ ទើបវិលមកពីអាមេរិក រស់នៅផ្ទះកើតហេតុខាងលើតែម្នាក់ឯង បានបង្កការភ្ញាក់ផ្អើលបែបនេះ ខណៈដែលក្រុមគ្រួសាររបស់គាត់ មិនមានវត្តមានស្នាក់នៅជាមួយដោយរវល់តែរស់នៅសហរដ្ឋអាមេរិក ។
តាមប្រជាពលរដ្ឋរស់នៅក្បែរនោះ បានឲ្យដឹងថា នារីវ័យក្មេងរូបនេះមានជំងឺ សរសៃប្រសាទប្រចាំកាយច្រើនខែមកហើយ ទោះជាក្រុមគ្រួសារ ជាអ្នកមានទ្រព្យធនស្តុកស្តម្ភនាំទៅព្យាបាល ជំងឺក្នុងប្រទេសនិង ក្រៅប្រទេសច្រើនលើកច្រើនសាយ៉ាងណាក៏ដោយឃើញថា ពុំជាសះស្បើយឡើយ។ក្នុងមួយរយៈនេះ ស្របពេលដែលក្រុមគ្រួសារ ពុំបានរស់នៅជាមួយ គេឃើញនារីរូបនេះតែងដើរហើរសេរី ស្លៀកពាក់សង្ហា ជិះរថយន្តឬ ដើរតាមផ្លូវ ចូលហាងធំៗចាយលុយដូចចាយក្រដាស និងចូលតាមប៉ុស្តិ៍នគរបាលហាក់ដូចជំទាវធ្វើឲ្យមន្រី្តនគរបាលខ្លះមិនហ៊ានមើលមុខ និងបើមើលមួយភ្លែតដូចតួកុនអ៊ីចឹង។ សម្រាប់អ្នកដែលស្គាល់ និងដឹងអត្តចរឹតរបស់នាងនោះពុំមានបញ្ហាចោទទេ តែបើអ្នកមិនស្គាល់វិញច្បាស់ជាមិនហ៊ានក្អកឡើយ ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ទៀតថា មានពេលខ្លះនាងបើករថយន្តទំនើបយកទៅ ទុកចោលតាមផ្លូវ ចុះដើរធ្វើព្រងើយ រហូតក្រុមគ្រួសារភ័យខ្លាចជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារនាងបើកបរ ក៏នាំគ្នាលួចបន្ធូរកង់រថយន្តក៏មានដែរ ។ លុះមកដល់ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ទំនងជាជំងឺនាងរើកាន់តែខ្លាំងឡើង នាងបានដើប្រមូលសម្លៀកបំពាក់ស្អាតៗ យកមកដុតចោលជាមួយសំរាមនៅមុខភូមិគ្រិះក្បែររថយន្តនិងស្រែកឡូឡាព្រមទាំងនិយាយសើចតែម្នាក់ឯងបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងក្រុមរថយន្តពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍ទាំងព្រឹក ។
នៅពេលដែលសមត្ថកិច្ចចេញទៅអន្តរាគមន៍ ទើបគេស្គាល់ថានារីរូបនេះជាម្ចាស់រថយន្ត ម៉ាកឡិចស៊ីស៣៣០ មួយគ្រឿងដែលកាលពីជាងមួយខែមុននាងបើកយកទៅចត ទុកចោលតាមផ្លូវ ក្នុងភូមិក្បែរផ្ទះ ហើយរថយន្តនោះទៀតសោត ត្រូវបានសមត្ថកិច្ច ដកហូតយកទៅរក្សាទុក ជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌពោធិសែនជ័យ រងចាំក្រុមគ្រួសារ យកឯកសារពាក់ព័ន្ធមកត្រួតពិនិត្យទាល់តែសព្វថ្ងៃនេះឯង ៕ ប្រាថ្នា