ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកចោទរុស្ស៊ីថាបានលួចដាក់ពង្រាយកាំជ្រួចមីស៊ីលថ្មី

ចែករំលែក៖

កាលពីថ្ងៃទី១៤ ខែកុម្ភៈ អាមេរិកបានអំពាវនាវឲ្យរុស្ស៊ីគោរពច្បាប់ដែលបាន កំណត់នៅក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធ ក្រោយពេលប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានផ្សាយថា រុស្ស៊ីបានដាក់ពង្រាយកំា ជ្រួចមីស៊ីលឆ្លងទ្វីបថ្មីដែលជាសកម្មភាព ខុសទៅនឹងកិច្ចព្រមព្រៀងទ្វេភាគី។

សារព័ត៌មានញូវយ៉កថាមស៍បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះឲ្យដឹងថា រុស្ស៊ីបានលួចដាក់ពង្រាយកាំជ្រួចមីស៊ីលឆ្លងទ្វីបប្រភេទថ្មី SSC-8 ដែល រុស្ស៊ីបានផលិតនិងសាកល្បងជាច្រើនឆ្នាំកន្លងមកនេះ។

តាមរបាយការណ៍បញ្ជាក់ថា បច្ចុប្បន្ន រុស្ស៊ីមានពីរប្រព័ន្ធមីស៊ីលឆ្លងទ្វីបខាងលើ ហើយបានដាក់ពង្រាយនៅទីតាំង Kapustn Yar និងនៅទីតាំងយោធា។ ប៉ុន្តែមកដល់ពេលនេះរុស្ស៊ីមិនទាន់មានប្រតិកម្មអ្វីជុំវិញព័ត៌មាននោះឡើយ។

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ ពីព័ត៌មានខាងលើថា ជាការពិតហើយរុស្ស៊ីបានបំពានទៅលើសន្ធិសញ្ញាស្តីពីកម្លាំងអាវុធបរមាណូរយៈចម្ងាយមធ្យម NIF ដោយក្នុងនោះបានហាមអាមេរិក និងរុស្ស៊ី បាញ់មីស៊ីលរយៈចម្ងាយមធ្យម។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មានអ្នកនាំពាក្យក្រសួងការបរទេស អាមេរិកលោក Mark Toner បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីការប្រឈមមុខដាក់គ្នាស្តីពីសន្តិសុខនៅតំបន់អាស៊ី និង អឺរ៉ុបនៅពេលដែលរុស្ស៊ីបំពានច្បាប់គ្រប់គ្រងអាវុធនោះ។

សន្ធិសញ្ញា NIF ត្រូវបានអាមេរិកនិងសហភាពសូវៀតចុះហត្ថលេខាកាលពីឆ្នាំ ១៩៨៧។ ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងនោះគឺហាមប្រទេសទាំងពីរផលិតមីស៊ីល ឬសាកល្បងមីស៊ីលបាញ់ចេញពីលើដីបំពាក់ ក្បាលគ្រាប់បរមាណូដែលអាចបាញ់បាន ចម្ងាយពី៥០០-៥.៥០០គីឡូម៉ែត្រ៕ ម៉ែវ សាធី

ukraine-plane-missile.jpeg3-1280x960


ចែករំលែក៖