សារព័ត៌មាន AP បានផ្សាយថា រដ្ឋ មន្ត្រីការពារជាតិអាមេរិកលោក Jame Mattis បានប្រកាសពីគោលជំហររបស់ អាមេរិកថា អាមេរិកសន្យាបន្តជួយដល់ណាតូដូចមុន។ ប៉ុន្តែអាមេរិកនៅតែរក្សា គោលជំហរថា ប្រទេសជាសម្ពន្ធមិត្តត្រូវតែចំណាយទៅលើមូលនិធិសម្រាប់ការពារជាតិរបស់ណាតូ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំដំបូង បង្អស់របស់រដ្ឋមន្ត្រីការពារជាតិប្រទេសជាសមាជិកណាតូ លោក Jame Mattis បានហៅសម្ព័ន្ធយោធាណាតូថា ជាមូល ដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អាមេរិក និង ប្រទេសទាំងឡាយស្ថិតនៅមហាសមុទ្រអាត្លង់ទិក។
ការប្រកាសខាងលើរបស់លោក Jame Mattis ក្នុងពេលដែលស្ថានភាពរបស់ទីក្រុង វ៉ាស៊ីនតោនកំពុងតែតានតឹង ពិសេសក្នុងពេលដែលទីប្រឹក្សាសន្តិសុខជាតិបានលាលែងចេញពីតំណែងដោយសារតែការ សន្ទនាតាមទូរស័ព្ទជាមួយរុស្ស៊ីមុនពេលលោកត្រាំចូលកាន់តំណែងប្រធានាធិបតីអាមេរិក។ ការសន្ទនានោះស្តីពីគោលនយោបាយរបស់អាមេរិកជាមួយទីក្រុងមូស្គូ។
ការព្រួយបារម្ភរបស់ណាតូក្នុងពេលអាមេរិកមិនទាន់បានបង្ហាញពីគោលនយោបាយច្បាស់លាស់របស់ខ្លួនជាមួយនឹង សម្ព័ន្ធយោធាមួយនេះ។ អគ្គលេខាធិការ អង្គការណាតូលោក Jens Stoltenberg បានបញ្ជាក់ថា លោកបានជួបពិភ្សាតាម ទូរស័ព្ទពីរលើកជាមួយលោក ត្រាំ ស្តីពី ទំនាក់ទំនងរវាងណាតូនឹងអាមេរិក។
រដ្ឋមន្ត្រីការពារជាតិអាមេរិក Jame Mattis បានបញ្ជាក់ថា «រាល់ប្រទេសដែលទទួលបានផលប្រយោជន៍ពីសន្តិសុខការពារជាតិយ៉ាងរឹងមាំបំផុតលើពិភពលោកចាំបាច់ត្រូវតែចំណាយប្រាក់មួយចំនួន ជាចាំបាច់ដើម្បីការពារ»។ អាមេរិកចង់ឲ្យប្រទេសជាសម្ពន្ធមិត្តបង្កើនការចំណាយ របស់ខ្លួនបន្ថែម២ភាគរយ។
ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis នៅអង្គការអូតង់ នាពេលនេះគឺជាដំណឹងល្អដើម្បីអនុញ្ញាតឲ្យអូតង់បានយល់ច្បាស់ពីជំហរពិតប្រាកដរបស់រដ្ឋបាលថ្មីអាមេរិក។ ការអះអាង របស់អ្នកការទូតអឺរ៉ុបនេះបានធ្វើឡើងមុនមួយថ្ងៃនៃសម័យប្រជុំរបស់ក្រុមរដ្ឋមន្ត្រី ការពារជាតិទាំង២៨ប្រទេសសមាជិកអូតង់ ដែលត្រូវចាប់ផ្តើមនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នៅទីក្រុងBruxelles។
គួររំលឹកថា ចាប់តាំងពីលោក ដូណាល់ ត្នាំ បានជាប់ឆ្នោតឡើងជាប្រធានាធិបតី ថ្មីសហរដ្ឋអាមេរិកមកលោក ត្រាំ បានធ្វើ ឲ្យ អឺរ៉ុបដែលជាសម្ពន្ធមិត្តជាប្រវត្តិសាស្ត្ររបស់ អាមេរិកមានការភ្ញាក់ផ្អើលមិនតិចឡើយ។ ភ្ញាក់ផ្អើលដោយសារតែជំហរនយោបាយ របស់លោក ត្រាំ គិតតែប្រយោជន៍ជាតិឯងដោយមិនខ្វល់ឡើយពីបញ្ហាអ្នកដទៃ។
កាលពីពាក់កណ្តាលខែមករាមុននេះ លោក ត្រាំ បានប្រើពាក្យមើលស្រាល ចំពោះអូតង់ថា ជាអង្គការចាស់គំរឹលហួសសម័យនិងជាពិសេសពុំបានគិតគូរពីបញ្ហាភេរវនិយមអ្វីទេ។
នៅក្នុងដំណើរទស្សនកិច្ចលើកដំបូង របស់រដ្ឋមន្ត្រីម្នាក់ក្នុងរដ្ឋបាលលោក ត្រាំ នេះអូតង់ដាច់ខាតត្រូវតែលើកយកប្រធានបទដ៏សំខាន់មួយមកពិភាក្សាគ្នានៅល្ងាច ថ្ងៃពុធនេះ។ បញ្ហានោះគឺការចូលរួមចំណែក របស់បណ្តាប្រទេសសម្ពន្ធមិត្តអូតង់នៅ ក្នុងការប្រយុទ្ធប្រឆាំងទល់នឹងអំពើភេរវ និយមរបស់ពួកអ៊ិស្លាមជីហាដ ជាពិសេស នៅក្នុងតំបន់ដើមបូព៌ា។
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg វិញបានអះអាងដែរថា ដំណើររបស់លោក James Mattis នៅ អូតង់នាពេលនេះគឺជាឱកាសដ៏ប្រពៃមួយ ដើម្បីការជជែកពិភាក្សាគ្នាឲ្យបានច្បាស់លាស់អំពីបំណងពិតរបស់អាមេរិក។ ប្រធានអូតង់ថែមទាំងបានគូសបញ្ជាក់ជាថ្មីទៀតថា លោកមានទំនុកចិត្តទាំងស្រុង ចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងការស្ថិតនៅក្បែរជានិច្ចជាមួយអូតង់ របស់លោក។
បញ្ហាសំខាន់មួយទៀតដែល ប្រធានអូតង់លើកឡើងនាពេលនេះដែរ គឺអំពីបញ្ហាកម្រិតនៃការចំណាយយោធា របស់ប្រទេសសម្ពន្ធមិត្តអឺរ៉ុបដែលទីក្រុង វ៉ាស៊ីនតោនយល់ថា នៅតែមិនទាន់គ្រប់ គ្រាន់។
នៅថ្ងៃព្រហស្បតិ៍នៅទីក្រុង Bruxelles ប្រទេសទាំង២៨ដែលជាសមាជិកអូតង់ នឹងលើកអំពីបញ្ហាកម្រិតនៃការចូលរួម របស់ពួកគេនៅក្នុងការដាក់ពង្រាយកង វរសេនាតូចចម្រុះជាតិសាសន៍៤កងដែលកំពុងបន្តធ្វើនៅក្បែរមាត់ទ្វារនៃប្រទេស រុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បាន បញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការការ ពារជាតិថា ប្រទេសរុស្ស៊ីនាពេលបច្ចុប្បន្ន ខ្លាំងជាងសត្រូវដែលប៉ុនប៉ងឈ្លានពាន។
ទន្ទឹមនឹងនោះលោក ពូទីន បញ្ជាក់ថា កម្លាំងទាហានមិនត្រូវធ្វេសប្រហែសមើលស្រាលសត្រូវឡើយ។ យើងមកទីនេះដើម្បី ធ្វើការ ហើយបើមានការធ្វេសប្រហែសតែ បន្តិចនឹងធ្វើឲ្យកម្លាំងទាហានដ៏ខ្លាំងក្លានេះបែរទៅជាទន់ខ្សោយភ្លាមមួយរំពេច។
ការបណ្តុះបណ្តាលហ្វឹកហាត់យោធា កន្លងមកទាហានរុស្ស៊ីត្រូវធ្វើឡើងភ្លាមៗដោយមិនបានព្រាងទុកទាំងនោះគឺជា ចំណុចខ្លាំងរបស់ទាហានដែលអាចធ្វើ សង្គ្រាមទប់ទល់ការវាយប្រហារនិងវាយ បកវិញទាន់ពេលវេលា។
លោក ពូទីន បញ្ជាក់ផងដែរថា ភារកិច្ចចាំបាច់របស់កម្លាំងទាហានរុស្ស៊ីនោះគឺនៅ ក្នុងឆ្នាំ២០១៧ ត្រូវតែធ្វើឲ្យទំនើបកម្មផ្នែកយោធា ពិសេសគឺតាមដានរាល់សកម្មភាពក៏ដូចជាការអភិវឌ្ឍទិញសព្វាវុធទំនើបៗជាច្រើនមកបំពាក់ដល់កម្លាំងទាហាន។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ សារព័ត៌មាន ញូវយ៉កថាមស៍បានដកស្រង់សម្តីមន្ត្រី អាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យ ដឹងថា រុស្ស៊ីបានលួចដាក់ពង្រាយកាំជ្រួច មីស៊ីលឆ្លងទ្វីបប្រភេទថ្មី SSC-8 ដែលរុស្ស៊ីបានផលិតនិងសាកល្បងជាច្រើនឆ្នាំកន្លងមកនេះ។
តាមរបាយការណ៍បច្ចុប្បន្នរុស្ស៊ីមានពីរប្រព័ន្ធមីស៊ីលឆ្លងទ្វីបខាងលើ ហើយបាន ដាក់ពង្រាយនៅទីតាំង Kapustn Yar និង នៅទីតាំងយោធា។ មកទល់ពេលនេះរុស្ស៊ីមិនទាន់មានប្រតិកម្មអ្វីជុំវិញព័ត៌មាននេះឡើយ។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ ពីព័ត៌មានខាងលើជាការពិត ហើយរុស្ស៊ី បានបំពានទៅលើសន្ធិសញ្ញាស្តីពីកម្លាំងអាវុធបរមាណូរយៈចម្ងាយមធ្យម NIF ដោយក្នុងនោះបានហាមអាមេរិក និងរុស្ស៊ីបាញ់មីស៊ីលរយៈចម្ងាយមធ្យម៕ ម៉ែវ សាធី