កន្លងមករុស្ស៊ីរងការចោទប្រកាន់ថា បានលូកដៃចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលកន្លងមកដោយលោក ពូទីន បានបញ្ជាក្រុមហែកឃើវាយប្រហារទៅលើប្រព័ន្ធកុំព្យូទ័ររបស់គណបក្សប្រជាធិបតេយ្យ ទើបជួយឲ្យលោកត្រាំដែលជា អ្នកគាំទ្ររុស្ស៊ីទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត។
មេដឹកនាំដែលធ្លាប់ប្រឆាំងរុស្ស៊ីបាន បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីប្រព័ន្ធបោះឆ្នោត របស់ខ្លួនដោយខ្លាចរុស្ស៊ីលូកដៃចូលជួយដល់បេក្ខភាពដែលមានគោលនយោបាយបែកបាក់អឺរ៉ុបគាំទ្ររុស្ស៊ីជាប់ឆ្នោត។ ប្រសិន បើរុស្ស៊ីលូកដៃចូលក្នុងការបោះឆ្នោតបារាំង បាននោះគណបក្សប្រឆាំងដែលមានទស្សន ស្និទ្ធរុស្ស៊ីនឹងបោះឆ្នោតប្រជាមតិចេញពីអឺរ៉ុប ដូចអង់គ្លេសនឹងកើតឡើងជាថ្មី។
មិនត្រឹមតែប៉ុណ្ណោះនោះពេលអនាគត រុស្ស៊ីនឹងគ្រប់គ្រងនយោបាយរបស់ប្រទេស លោកខាងលិចមានទាំងអាមេរិកផងដែរ ហើយពេលនោះរុស្ស៊ីនឹងក្លាយជាប្រទេសមហាអំណាចទីមួយនៅលើពិភពលោក ផងដែរ។
កន្លងមកថ្មីៗប្រធានាធិបតីបារាំងលោក François Hollande សម្តែងការព្រួយបារម្ភចំពោះការគំរាមវាយប្រហារតាមប្រព័ន្ធអុីនធើណេតនៅខណៈដែលប្រទេសបារាំង កំពុងជាប់រវល់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីបារាំងនៅខែមេសាខាងមុខ។
លោក François Hollande ប្រធានា ធិបតីបារាំងនៅថ្ងៃពុធកន្លងទៅបានទាមទារឲ្យមានរបាយការណ៍ពេញលេញមួយពាក់ព័ន្ធនឹងការវាយប្រហារអុីនធើរណេតនៅខណៈដែលប្រទេសបារាំងកំពុងជាប់ រវល់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីនៅខែមេសាខាងមុខ។ ការ វាយប្រហារអុីនធើណេតដែលកន្លងមក ត្រូវបានគេសង្ស័យទៅលើវិមាន Kremlin ថា ជាអ្នកលូកដៃនៅក្នុងការអុកឡុករំខានដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីខែវិច្ឆិកាឆ្នាំមុន។
ប៉ុន្តែកាលពីថ្ងៃអង្គារកន្លងទៅទីក្រុង មូស្គូបានបដិសេធយ៉ាងពេញទំហឹងថា រុស្ស៊ី ពុំបានធ្វើសកម្មភាពជ្រៀតជ្រែកអ្វីសោះ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីបារាំងរបស់ចលនាកណ្តាលនិយមឈ្មោះដើរទៅមុខដែលមានលោក Emmanuel Macron ជាបេក្ខភាព។ ក៏ប៉ុន្តែ អ្នកនាំពាក្យនៃចលនាដើរទៅមុខបានអះអាងតាមទូរទស្សន៍បារាំងកាលពីថ្ងៃអង្គារមុនថា មានការវាយប្រហារយ៉ាងសន្ធឹក សន្ធាប់តាមបណ្តាញសង្គមទៅលើព័ត៌ មានសម្ងាត់នានារវាងសមាជិកទាំងអស់ របស់ចលនា”ដើរទៅមុខ”។
ចលនា”ដើរទៅមុខ”របស់លោក Macron ថែមទាំងបរិហារទៀតថា “ការឃោសនារបស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនិន្នាការខាង វិមានក្រឹមឡាំងគឺមានគោលដៅដើម្បីលើកស្ទួយដល់បេក្ខជនខាងគណបក្សស្តាំ និយមបារាំងរបស់លោក François Fillon និងបក្សស្តាំនិយមជ្រុលរបស់លោកស្រី Marine Le Pen ។
នៅលើការចោទប្រកាន់ទាំងអស់នេះ វិមានក្រឹមឡាំងបានប្រតិកម្មយ៉ាងរហ័សទាន់ចិត្តថា ជាការចោទប្រកាន់ដែលគ្មាន ទំនងទាល់តែសោះ។
ជាសរុបការទាមទាររបស់ប្រធានាធិបតី បារាំងដែលសុំឲ្យមានវិធានការជាក់លាក់ នោះក៏គឺដើម្បីបង្កើនកិច្ចការពារនិងការទប់ស្កាត់លើការវាយប្រហារនានាតាមប្រព័ន្ធអុីនធើណេតឲ្យបានប្រសិទ្ធភាព។ ទន្ទឹម នឹងការទាមទារនេះវិមានប្រធានាធិបតី បារាំងក៏ពុំបានបញ្ជាក់អ្វីបន្តិចបន្តួចដែរនៅលើប្រភេទឬក៏ប្រភពនៃការគំរាមវាយ ប្រហារដ៏សំខាន់នោះ។
របាយការណ៍ស្តីពីវិធានការជាក់លាក់ដើម្បីកិច្ចការពារនិងភាពប្រុងប្រយ័ត្ន រួមទាំង នៅក្នុងវិស័យអីុនធើណេតដែលប្រធានា ធិបតីបារាំងបានទាមទារនៅក្នុងការរួមប្រជុំ របស់រដ្ឋមន្ត្រីខាងផ្នែកសន្តិសុខជាតិនឹងត្រូវ ប្រគល់ជូនដល់លោក Hollande នៅនា ឱកាសប្រជុំដូចគ្នានេះនៅពេលលើកក្រោយ។
ពាក់ព័ន្ធនឹងការចោទប្រកាន់របស់បារាំង រដ្ឋាភិបាលទីក្រុងមូស្គូបានថ្លែងច្រានចោល ការជ្រៀតជ្រែកអ្វីណានីមួយទៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅបារាំងហើយ បរិហារ “ការប៉ុនប៉ងមួលបង្កាច់” ប្រព័ន្ធ ផ្សព្វផ្សាយរុស្ស៊ីពីខាងចលនាកណ្តាល និយមបារាំងក្រោមឈ្មោះថា ដើរទៅមុខដែលចោទរុស្ស៊ីថាធ្វើសកម្មភាពប្រឆាំងនឹង បេក្ខភាពចលនានេះគឺលោក Emmanuel Macron។
“យើងគ្មានហើយគ្មានសោះឡើយចេតនាជ្រៀតចូលទៅក្នុងកិច្ចការផ្ទៃក្នុងប្រទេស ណាមួយកុំថាដល់ទៅចូលក្នុងដំណើរបោះឆ្នោតរបស់ប្រទេសនោះ” សេចក្តីនេះត្រូវបានថ្លែងទៅពួកអ្នកកាសែតនារសៀលថ្ងៃ១៤កុម្ភៈ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ពេស្កូវ។ គាត់បន្ថែមថា មូស្គូមិនដែលប្រព្រឹត្តយ៉ាងនេះជាផ្លូវការឡើយហើយ និងពុំធ្វើវាទាល់តែសោះទៅអនាគត។
“ចោទប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា សាក ល្បងជះឥទ្ធិពលទៅលើមតិសាធារណជន គឺជារឿងមិនទំនងទាល់តែសោះ” លោក ពេស្កូវបានថ្លែងតមកទៀតទាំងបើកអាក្រាត ការប៉ុនប៉ងក្លែងបង្ខូចកាណាល់ទូរទស្សន៍ អន្តរជាតិឈ្មោះ Russia Today និងឈ្មោះ Spoutnik ដែលសុទ្ធតែជារបស់រដ្ឋរុស្ស៊ី ហើយដែលត្រូវបក្ខពួករបស់លោក Emmanuel Macron ចោទថាកំពុងប្រព្រឹត្ត ទង្វើប្រឆាំងនឹងរូបបេក្ខជននេះ។
Russia Today និង Spoutnik ដែលផ្សាយ សម្រាប់សាធារណជនអន្តរជាតិបានថ្លែងបដិសេធរួចទៅហើយការចោទប្រកាន់ពីខាងបេក្ខភាពកណ្តាលនិយមបារាំងនោះ។
Russia Today ក្នុងសេចក្តីថ្លែងការណ៍ ខ្លួនបានគ្រវែងចោលដាច់អហង្ការទឡ្ហី ករណ៍ដែលថា ទូរទស្សន៍នេះចូលរួមស្អីណាក្នុងការបករឿងស្ងាត់កំបាំងខាង ផ្សាយព័ត៌មានខុសអំពីបុគ្គល Emmanuel Macron ដែលនឹងចូលប្រឡូកក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃមុខ៕ ម៉ែវ សាធី