ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយរឿងមន្ត្រីក្រសួងសាធារណការផ្នែកថ្លឹង រថយន្ត២កន្លែងធ្វើការក្នុងពេលតែមួយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ប្រធានស្ថានីយថ្លឹងរថយន្តស្ទឹងច្រាលដែលមានទីតាំងនៅក្នុងឃុំពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបាន ចោទក្រសួងសាធារណការនិងដឹកជញ្ជូនថា បានទុកឱកាសឲ្យមន្ត្រីទទួលបន្ទុកផាកពិន័យម្នាក់ធ្វើការដល់ទៅ២កន្លែង។

លោក សុខ សារឿន ប្រធានជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលបានថ្លែងថា លោក ប៊ី សំណាង ត្រូវបានក្រសួងបញ្ជូនមកឲ្យ បំពេញការងារនៅស្ថានីយដែលលោកគ្រប់គ្រងផង និងស្ថានីយថ្លឹងរថយន្តនៅក្រុង បាវិត ខេត្តស្វាយរៀងផងដែលវាគឺជារឿង មិនប្រក្រតី។ ការទម្លាយរឿងដ៏ចម្រូង ចម្រាសនេះបានធ្វើឡើងបន្ទាប់ពីស្ថានីយថ្លឹងរថយន្តស្ទឹងច្រាលបានរងការរិះគន់ជាបន្តបន្ទាប់ដែលថា ក្រុមមន្ត្រីបានជំរិតទារលុយពីរថយន្តផ្ទុកលើសទម្ងន់បន្តិចបន្តួចដែលច្បាប់បានអនុគ្រោះ។ ថែមពីលើនេះ រថយន្តខ្លះត្រូវបានគេទារលុយមុនចូលថ្លឹង ដែលវាត្រូវបានពលរដ្ឋចោទថាជាក្រុមកុងត្រូលជជុះ ។

លោកសុខ សារឿន បានថ្លែងថា រថយន្ត ដែលដឹកលើសក្រោម៤តោនតាមភាព ជាក់ស្ដែងអាចត្រូវបានអនុគ្រោះ ប៉ុន្តែពុំ ដូច្នោះទេបែរជាលោក ប៊ី សំណាង គាប យកលុយមិនប្រណីដែលវាបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អារម្មណ៍ប្រជាពលរដ្ឋ។

ទោះយ៉ាងណាក៏ដោយលោកប៊ី សំណាង បានហៅការលើកឡើងរបស់លោក សុខ សារឿនថា ជាការមួលបង្កាច់។ ចំណែក ពាក់ព័ន្ធដល់ការយកលុយពីរថយន្តដឹកលើសទម្ងន់តិចតួចវិញលោកបញ្ជាក់ថា ត្រូវ តែផាកពិន័យសូម្បី១គីឡូក្រាម។ ចំណែក ការដឹកលើសដល់៣តោនបើទោះបីជា ក្រសួងមិនឲ្យផាកពិន័យក្ដី តែពលរដ្ឋត្រូវតែបង់ឲ្យជញ្ជីងព្រោះសម្រាប់ថ្លៃបាយរបស់ ក្រុមមន្ត្រី ៕ ហេង នរិន្ទ្រ

 


ចែករំលែក៖