ព័ត៌មានទាន់ហេតុការណ៍៖

តម្រួតថៃបង្រ្កាបបទល្មើសកាប់ និងដឹកជញ្ជូនឈើគ្រញូងនៅក្នុងប្រទេសថៃឃាត់ខ្លួនឈ្មួញនិ ងកម្មករខ្មែរ ថៃ១០នាក់ និងកាំភ្លើងខ្លី២ដើម

ចែករំលែក៖

ប្រទេសថៃ៖ យ៉ាងហោចណាស់ឈ្មួញ និងកម្មករខ្មែរ ថៃសរុបចំនួន១០នាក់ ត្រូវបានកម្លាំងតម្រួតថៃ បង្រ្កាបចាប់ឃាត់ខ្លួន ក្នុងប្រតិបត្តិការពាក់ព័ន្ធនិងការប្រព្រឹត្តបទល្មើសព្រៃឈើ កាប់និងដឹកជញ្ជូនឈើចេញពីតំបន់ភ្នំសួនឧទ្យានជាតិ នៅក្នុងខេត្តប្រាជីនបុរី កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងតំបន់ឧទ្យានជាតិអភិរក្សព្រៃឈើដ៏ធំមួយរបស់រដ្ឋាភិបាលថៃ មានឈ្មោះឧទ្យានជាតិថាប់ឡាន ។

ប្រតិបត្តិការបង្រ្កាបកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសថៃនោះដែរ តម្រួតថៃបាន ឆែកឆេរដកហូតឈើគ្រញូងជាច្រើនដុំ ដែលមានតម្លៃរាប់សិបម៉ឺនដុល្លារ និងកាំភ្លើងខ្លីចំនួន២ដើម រថយន្ត១គ្រឿង រួមនិងប្រាក់បាតថៃយ៉ាងសន្ធឹកសន្ធាប់ផងដែរ ។ នេះបើយោងតាម ការដកស្រង់ព័ត៌មានចេញពីការផ្សព្វផ្សាយ តាមបណ្តាញទូរទស្សន៍ក្នុងស្រុកមួយ របស់ប្រទេសថៃ ។

បើយោងតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា កាំភ្លើងនិងរថយន្ត រួមនិងប្រាក់បាតថៃដែលតម្រួតថៃបង្រ្កាបបាននោះ ជារបស់ឈ្មួញរកស៊ីគ្រញូងជនជាតិថៃ។ ក្នុងចំណោមជនសង្ស័យដែលរងការបង្រ្កាបចាប់ឃាត់ខ្លួន គឺមានជនជាតិថៃចំនួន៤នាក់ និងកម្មករជនជាតិខ្មែរ៦នាក់ ក្នុងនោះមានឈ្មួញ២នាក់ជនជាតិថៃ ដែលជួលកម្មករខ្មែរ ថៃចូលទៅកាប់និងដឹកជញ្ជូនឈើគ្រញូងចេញពីលើភ្នំឧទ្យានជាតិថាប់ឡាន។

ប្រភពព័ត៌មានឱ្យដឹងទៀតថា ប្រតិបត្តិការនៃការបង្រ្កាបបទល្មើសព្រៃឈើខាងលើនោះដែរ មុនដំបូងម្រួតថៃបង្រ្កាបឃាត់ខ្លួនកម្មករខ្មែរថៃចំនួន៨នាក់ប៉ុណ្ណោះ រួមនឹងឈើគ្រញូងជាច្រើនដុំ ។ បន្ទាប់មកតម្រួតថៃ សាកសួរពួកគេទាំង៨នាក់នោះហើយ ក៏ឱ្យកម្មករទាំងនោះ និយាយទូរស័ព្ទទាក់ទងទៅឈ្មួញថៃ ឱ្យមកទទួលយកឈើគ្រញូង ។ ក្រោយមកមានឈ្មួញថៃ២នាក់បានជិះរថយន្ត១គ្រឿង មកទទួលយកឈើគ្រញូង នៅពេលនោះ ក៏ត្រូវតម្រួតថៃឃាត់ខ្លួនបានទាំងកម្មករ និងថៅកែសរុប១០នាក់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ រួមនិងឈើគ្រញូង ត្រូវបានកសាងសំណុំរឿងបញ្ជូនតទៅកាន់តុលាការដើម្បីយកទៅអនុវត្តតាមផ្លូវច្បាប់នោះហើយ។

សូមបញ្ជាក់ថា ការធ្វើជំនួញឈើគ្រញូងនៅក្នុងប្រទេសថៃ ឆ្លងដែនចូលប្រទេសកម្ពុជា នោះ សកកម្មភាពកន្លងមកសេចក្តីរាយការណ៍ឱ្យដឹងថា គឺក្រុមឈ្មួញខ្មែរថៃ បានមានការទំនាក់ទំនងគ្នាយ៉ាងល្អ ដើម្បីជួលកម្មករខ្មែរ ថៃ និងចូលទៅកាប់ឈើគ្រញូងក្នុងដីថៃ ។ សកម្មភាពនោះដែរ ក៏មានការសម្របសម្រួលពីសមត្ថកិច្ចការពារព្រំដែនខ្មែរ ថៃ ដើម្បីឱ្យការធ្វើជំនួញឈើគ្រញូងឆ្លងដែន ដំណើរការទៅយ៉ាងរលូន បើមិនមានការឃុបឃិតគ្នានោះទេ គឺជំនួញឈើគ្រញូងឆ្លងដែន ពីប្រទេសថៃចូលមកប្រទេសកម្ពុជា មិនអាចទៅរួចបានឡើយ។ ការធ្វើជំនួញឈើគ្រញូងនៅក្នុងប្រទេសថៃ កន្លងមកមានសេចក្តីរាយការណ៍ឱ្យដឹងថា មានកម្មករខ្មែរ មួយចំនួននោះហើយបានរងការបាញ់សម្លាប់ និងបាញ់ឱ្យរងរបួសពីសំណាក់ទាហានថៃ ៕ សំ វិច្ឆិកា

IMG_1712 IMG_1715


ចែករំលែក៖