ខេត្តមណ្ឌលគិរី៖ យ៉ាងតិចមានត្រាក់ទ័រនិងគោយន្តកែច្នៃក្នុងមួយថ្ងៃពី២០ទៅ២៥គ្រឿងចូលមកកាប់និងដឹកជញ្ជូនឈើក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី តាមប៉ុស្តិអូរហ៊ុច និងប៉ុស្តិអូរជុំ រវាងព្រំប្រទល់ស្រុកអូររាំង ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់នគរបាលវរះការពារព្រំដែនលេខ៦២១។ ក្រុមបងប្អូនជនជាតិរាយការណ៍មកថា៖ ត្រាក់ទ័រ និងគោយន្តកែច្នៃនៅពេញព្រៃ សម្រាប់ត្រៀមដឹកឈើមូលៗ ដែលគេលួចអារផ្តួលរលំ។
ដោយឡែកសមត្ថកិច្ច អាជ្ញាធរនៅទីនោះ រួមទាំងថ្នាក់លើផងដែរ ទទួលសំណែនរួចរាល់ហើយ ទើបឈ្មួញវៀតណាមចូលកាប់ឈើតាមអំពើចិត្ត ពិសេសលោកមេបញ្ជាការនគរបាលវរះការពារព្រំដែនលេខ៦២១ ដែលគ្រប់គ្រង់នៅទីនោះតែម្តងជាអ្នករត់ការអោយវៀតណាម ដើម្បីអោយត្រាក់ទ័រ និងគោយន្តកែច្នៃពីវៀតណាមចូលមកកាប់ ដឹកជញ្ជូនឈើតំបន់នេះ។
ទាក់ទិនករណីនេះលោក ភ័ណ្ឌ មេបញ្ជាការនគរបាលវរះការពារព្រំដែនលេខ៦២១ នារសៀលថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៧នេះ បានប្រាប់តាមទូរស័ព្ទថា៖ ខ្ញុំអត់ទាន់ដឹងរឿងនេះផង ហើយគេពុំឃើញរាយការណ៍នៅឡើយមកខ្ញុំ ជាក់ស្តែងចាំខ្ញុំសួរទៅខាងហ្នឹងសិន។
លោក ភ័ណ្ឌ មិនបញ្ជាក់ថាមានត្រាក់ទ័រឬគោយន្តកែច្នៃចូលមកកាប់ និងដឹកឈើក្នុងទឹកដីខ្មែរកន្លែងគាត់គ្រប់គ្រងទេ តាមទូរស័ព្ទលោកគ្រាន់តែថា៖ ចាំមើលអោយគេទៅសើុបក្នុងរឿងនេះរួចក៏បិទទូរស័ព្ទ។
គួររំលឹកថា៖ ស្របពេលដែលគណៈបញ្ជាការឯកភាពខេត្ត លោកស្វាយ សំអ៊ាងបង្កើតគណះកម្មការចម្រុះទប់ស្កាត់បទល្មើសព្រៃឈើ បែរជាបទល្មើសកាប់ឈើ ដឹកជញ្ជូនឈើបានកក្រើកឡើងវិញនៅខេត្តមណ្ឌលគិរី ដូចជានៅច្រកប៉ុស្តិ៧ ស្រុកពេជ្រាដាមួយយប់មានឡានឈើចេញទៅវៀតណាមមិនក្រោម៣០ទៅ៤០គ្រឿង ហើយនៅប៉ុស្តិអូរជុំ ប៉ុស្តិអូរហ៊ុច ស្រុកកែវសីមា ព្រំប្រទល់ស្រុកអូររាំង ក្នុងមួយថ្ងៃ មេវរះការពារព្រំដែនលេខ៦២១ អោយត្រាក់ទ័រ និងគោយន្តកែច្នៃចូលយ៉ាងតិច២០គ្រឿង ដែលពេលនេះមានមានជាង៤០គ្រឿងកំពុងលាក់ទុកក្នុងព្រៃត្រៀមដឹកឈើចេញ៕ សីលា