ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយទាំងកណ្ដាលយប់ ខណៈដែលអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរកាល់ម៉ែតហៅឆោឡោថាចោរលួចទូរស័ព្ទដៃគាត់ ហើយត្រូវសន្តិសុខយាមពេទ្យអន្តរគមន៍ដេញចាប់ជនសង្ស័យម្នាក់បានហើយរួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ស្រះចក ចាត់ការតាមច្បាប់ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២ និង ១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងបរិវេណមន្ទីរពេទ្យកាល់ម៉ែត្រ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពី ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានទុកទូរស័ព្ទដៃនៅគ្រែដេក ដោយដើរចេញមកក្រៅ ពេលត្រលប់មកវិញ ស្រាប់តែឃើញជនសង្ស័យ ដើរចេញពីបន្ទប់របស់ខ្លូនវិញ(ជនរងគ្រោះ)ដោយធ្វើសកម្មភាពលួចយកទូរស័ព្ទបានសម្រេចហើយ ឃើញដូច្នេះ ក៏រត់ទៅមើលលើគ្រែរបស់ខ្លួនឃើញថា បាត់ទូរស័ព្ទដៃរបស់ខ្លួនក៏ស្រែក ឆោឡោបង្កភាពភ្ញាក់ផ្អើលដល់សន្តិសុខ ដែលស្ថិតនៅក្នុងមន្ទីរពេទ្យ ភ្លាមៗនោះ កម្លាំងសន្តិសុខមន្ទីរពេទ្យ បានចាប់ក្របួចជនសង្ស័យខាងលើ ដោយដកហូតបាន ទូរស័ព្ទចំនួន២គ្រឿងផងដែរ នៅក្នុងនោះមានទូរស័ព្ទម៉ាក LG ស៊េរីចាស់ នឹង Iphone 6plus ចិន បន្ទាប់មកសន្តិសុខបានប្រគល់ជនសង្ស័យខាងលើឲ្យ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋាបាលស្រះចក ដើម្បីចាត់ការបន្ត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសុំណុំរឿងចាត់ការតាមច្បាប់ ៕ស តារា