ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃខ្មែរ៥អង្គ គង់នៅប្រទេសថៃ រងគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

បន្ទាយមានជ័យៈ ព្រះសង្ឃខ្មែរដែលមានព្រះជន្មចាប់ពី២១ ដល់២៧ វស្សា ដែលបច្ចុប្បន្ន កំពុងគង់នៅក្នុងទីអារាម នាប្រទេសថៃ បានទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរខណៈដែលព្រះសង្ឃទាំងអស់បានធ្វើដំណើរទៅកាន់វិទ្យាល័យមួយកន្លែង តាមរយៈ ម៉ូតូកង់៣ ( តុ តុ ) ហើយក៏ស្រាប់តែម៉ូតូនោះជួបនឹងបញ្ហានៃគ្រឿងម៉ាសុីន ។

យោងតាមការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកថៃមួយបានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១២ និង៤៥ នាទី មានករណីគ្រោះថ្នាក់
ចរាចរណ៍ដោយឯកឯងមួយបានកើតឡើង នៅត្រង់ចំណុចផ្លូវអក្សរតេ កែងផ្លូវថាវសុរៈនិងផ្លូវរ៉ាចនីកុន ស្ថិតនៅខាងក្រោមស្ពានអាកាស ដែលមានផ្លូវរថភ្លើងឆ្លងកាត់ ក្នុងខេត្ត នគររាជសីមា ប្រទេសថៃ ។

ព័ត៌មានពីសមត្ថកិច្ចថៃប្រាប់ថា នៅមុនពេលកើតហេតុគឺមានព្រះសង្ឃចំនួន៥អង្គ ដែលមានសញ្ជាតិជាខ្មែរ បានគង់នៅឯទីអារាមក្នុងប្រទេសថៃ បាននិមន្តតាមរយៈម៉ូតូកង់៣ ក្នុងទិសដៅទៅកាន់មហាវិទ្យាល័យ មហាចុឡាឡុងកន ដែលស្ថិតនៅចំងាយពីទីតាំងកើតហេតុ ប្រមាណ ៦ គីឡូម៉ែត្រ ។

លុះនៅពេលដែលម៉ូតូកង់៣ កំពុងតែបើកសុខៗ ដល់ត្រង់ចំណុចកើតហេតុ ដែលផ្លូវ មានលក្ខណៈជាអក្សរតេ ស្រាប់តែម៉ូតូនោះទំនងជាមានបញ្ហា ព្រោះម៉ូតូលែងស្តាប់ ការបញ្ជារបស់ម្ចាស់វាទៅហើយ ធ្វើអោយម៉ូតូនេះមិនអាចកាច់ចង្កូតបាន ក៏ត្រូវទៅមុខ ត្រង់ ដោយបានបុកទៅលើជញ្ជាំងបេតុងយ៉ាងពេញទំហឹង ព្រមទាំងបានរួញក្បាលម៉ូតូ
ទាំងស្រុង ។ ដោយឡែកអ្នកបើកបរ និងព្រះសង្ឃដែលកំពុងគង់នៅលើម៉ូតូនោះ បានហោះផ្លោងបោកព្រះកេសទៅនឹងថ្នល់ផង និងទៅលើជញ្ជាំងបេតុងនោះផង បណ្តាល អោយរងរបួសពេញផ្លូវ ។

ភ្លាមៗក្រោយពេលកើតហេតុ ខណៈដែលក្រុមតម្រួតថៃបានចុះមកត្រួតពិនិត្យ គឺសង្គេត ឃើញថា ក្នុងចំណោមព្រះសង្ឃទាំងអស់ មានព្រះសង្ឃចំនួនពីរព្រះអង្គ ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរដោយបែកព្រះកេស រីឯ១ព្រះអង្គទៀត បានរងរបួសរហូតបាក់ដៃស្តាំម្ខាងដោយឡែកអ្នកបើកបរម៉ូតូកង់៣ ដែលមានឈ្មោះ ផាន់ អ៊ុនម៉ា ភេទប្រុស អាយុ៥៥ឆ្នាំរស់នៅភូមិ៨ ឃុំណងបួរសាលា ស្រុកមឿង ខេត្តនគររាជសីមា ក៏បានរងរបួស យ៉ាងដំណំដែរ ដោយគេបានសារភាពថា មិនដឹងយ៉ាងម៉េចបានជាម៉ូតូនេះលែងស្តាប់ ការបញ្ជារបស់គាត់ ទើបបណ្តាលអោយមានរឿងរ៉ាវបែបនេះ ។

បច្ចុប្បន្នទាំងអ្នកបើកបរ ក៏ដូចជាព្រះសង្ឃខ្មែរទាំងអស់ បានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យអស់ហើយ ដោយសមត្ថកិច្ថកំពុងសិក្សាទៅលើម៉ូតូកង់៣នេះ ថាតើបណ្តាល មកពីមូលហេតុអ្វី ? ៕ វណ្ណា

 

IMG-20170220-WA0016 IMG-20170220-WA0015 IMG-20170220-WA0014 IMG-20170220-WA0000


ចែករំលែក៖