ខេត្តកណ្តាលៈ បុរសម្នាក់ឃើញអ្នកជិតខាងកំពុងអង្គុយផឹកស្រា ក៏និយាយសុំសាកក្បាច់គុន ខណៈអ្នកជិតខាងមិនមាត់ក ក៏ស្ទុះវាយអ្នកជិតខាងមួយដៃត្រូវចំភ្នែក ត្រូវអ្នកជិតខាងវាយវិញបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍កើតឡើងបុរសជាង្នកជិតខាងត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាប់ខ្លួន កាលពីវេលារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ តាមពាក្យបណ្តឹងជនរងគ្រោះ ដើម្បីចាត់ការតាមច្បាប់ ។
ករណីហិង្សាដោយចេតនានេះបានកើតឡើង កាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុចតូបលក់ដូរមួយកន្លែងរបស់ឈ្មោះ ឈឺន ធឿន ស្ថិតក្នុងភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះក្លាយជាជនសង្ស័យឈ្មោះ ជា ថាវុន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ចំណែកឯជនសង្ស័យក្លាយជាជនរងគ្រោះនោះឈ្មោះ ម៉ៅ រស្មី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (រងរបួសបែកក្បាលដេរ៩ថ្នេរ ។ ទាំង២នាក់នេះរស់នៅក្នុងភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ជាមួយគ្នា ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុឈ្មោះ ជា ថាវុន (ជនរងគ្រោះក្លាយជាជនសង្ស័យ)បាននៅអង្គុយផឹកស្រាជាមួយមិត្តភ័ក្រនៅកន្លែងកើតហេតុ ខណៈនោះឈ្មោះ ម៉ៅ រស្មី (ជនសង្ស័យក្លាយជាជនរងគ្រោះ) ដើរទៅដល់ក៏និយាយសុំឈ្មោះ ជា ថាវុន សាកល្បងក្បាច់គុណ តែឈ្មោះជា ថាវុន មិនតបតនោះទេ ។ ភ្លាមៗនោះឈ្មោះ ម៉ៅ រស្មី បានស្ទុះចូលទៅដាល់ឈ្មោះជា ថាវុន មួយដៃត្រូវចំភ្នែក ធ្វើឈ្មោះជា ថាវុនអត់ទ្រាំមិនបានស្ទុះទៅចាប់ក្របួចឈ្មោះ ម៉ៅ រស្មី ឡើងជង្គង់ចំនួន៥ជង្គង់ និងវាយមួយដៃត្រូវចំក្បាល បណ្តាលឲ្យបែកហូរឈាមទើបប្រលែងឈ្មោះ ម៉ៅ រស្មី ឲ្យដេកដួរលទៅលើដី ។
ក្រោយពីមានហេតុការណ៍កើតឡើងជនសង្ស័យក្លាយជាជនរងគ្រោះ ត្រូវបានស្ត្រីជាប្រពន្ធដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ លុះព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ