ភ្នំពេញ: មន្ត្រីតុលាការ ថ្លែងថា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការរឿងក្ដីលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។
សវនាការនេះ ដឹកនាំដោយលោក ឡុង កេសភីរម្យ ជាចៅក្រមជំនុំជម្រះ និង លោក សៀង សុខ ជាតំណាងអយ្យការ។
មន្ត្រីអនុរក្សពន្ធនាគារព្រៃស (ម២) បញ្ជាក់ថា ក្រុមមន្ត្រីនឹងបញ្ជូនលោកស្រី ទេព វន្នី ចូលរួមសវនាការ ។ រឿងក្ដីនេះ សាក្សី៣រូបក៏ត្រូវបានតុលាការកោះហៅចូលរួមសវនាការ ផងដែរ គឺ លោកស្រី ង៉ែត ឃុន ហៅយាយម៉ាប់មី លោកស្រី គង់ ចន្ថា និង លោកស្រី បូ ឆវី ។
លោកស្រី ទេព វន្នី ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៩៥៦ ចុះថ្ងៃទី ២៦ មិនា ២០១៣៕ ចេស្តា