ព័ត៌មានទាន់ហេតុការណ៍៖

មានអ្នកទូរស័ព្ទអន្តរាគមន៍ព្រោងព្រាតពេលអាជ្ញាធរខណ្ឌច្បារអំពៅប្រើធម៌ទៅលើរថយន្តធុនធ្ងន់

ចែករំលែក៖

ភ្នំពេញ: ទោះបីជាសាលារាជ ធានីភ្នំពេញចេញសេចក្តីជូនដំណឹងហាមរថយន្តធុនធ្ងន់បើកឆ្លងកាត់តំបន់កាដ្ឋានផ្លូវជាតិលេខ១ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់រវាងសង្កាត់វាលស្បូវ និងសង្កាត់និរោធយ៉ាងណាក៏ដោយ គេពិនិត្យឃើញថា មានរថយន្តធុនធ្ងន់ជាច្រើន គ្រឿងបានបង្វែទិសធ្វើចរាចរដោយមិនបើកបរឆ្លងកាត់តំបន់ហាមឃាត់នោះឡើយ ។ ប៉ុន្តែនៅមាន រថយន្តធុនធ្ងន់មួយចំនួនទៀតផ្គើនទៅនឹងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ នៅតែបើកឆ្លងកាត់តំបន់ហាមឃាត់ដដែលបង្កការកកស្ទះចរាចររំខានដល់ក្រុមការ ងារស្ថាបនាផ្លូវជាតិលេខ១ ។

ផ្តើមចេញពីទង្វើបំពានសេចក្តី ជូនដំណឹងនេះ នៅរសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានចាប់រថយន្តដឹកទំនិញ ដឹកគ្រឿងសំណង់ និងរថយន្តដឹកដី ធន់ធំជាង១០គ្រឿងដែលបើកបរឆ្លងកាត់តំបន់ហាមឃាត់ ។

គ្រាន់តែកម្លាំងគណៈបញ្ជាការឯក ភាព ចាប់ភ្លាមមានអ្នកទូរស័ព្ទអន្ត រាគមន៍ព្រោងព្រាត អ្នកខ្លះពាក់ផ្កាយ២ ក្នុងជួរកងយោធពលខេមរៈភូមិន្ទ អ្នកខ្លះទៀតជាកងកម្លាំងនគរបាលជាតិបំរើការនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅតែម្តង ។ ដោយសារតែមានការអន្តរាគមន៍ព្រោងព្រាតពេកបានធ្វើអោយមន្ត្រីក្រុមការងាររបស់គណៈបញ្ជាការឯកភាពខណ្ឌមួយចំនួនបិទទូរស័ព្ទតែម្តង ។

លោករស់ សុភ័ក្រ អភិបាលរង ខណ្ឌច្បារអំពៅដែលដឹកនាំកម្លាំងចុះចាប់រថយន្តធុនធ្ងន់បង្កការកកស្ទះចរាចរនៅតំបន់ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១នេះ បានអោយដឹងថា អនុវត្តតាមការណែនាំរបស់លោកអភិបាលរាជធានីភ្នំពេញ និងមានការណែនាំបន្ថែមពីលោកអភិបាលខណ្ឌច្បារអំពៅជារៀងរាល់ថ្ងៃគណៈបញ្ជាការឯកភាពខណ្ឌបានដាក់កម្លាំងដើម្បីអោយរថយន្តធុនធំបង្វែទិសធ្វើចរាចរកុំអោយរំខានដល់ការស្ថាបនាផ្លូវជាតិនិងកកស្ទះចរាចរ ។

ទោះជាមានការដាក់កម្លាំងដើម្បីបញ្ជៀសចរាចរក៍ដោយបញ្ហាកកស្ទះចរាចរនៅតែកើតមានស្ទើរជារៀងរាល់ថ្ងៃ មួយផ្នែកបណ្តាលមកពីការបើកបរមិនអធ្យាស្រ័យអោយគ្នាទៅវិញទៅមក មួយផ្នែកទៀតបណ្តាលមកពីកំណើនយានយន្ត គ្រានតែបុរី២កន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ មានរថយន្តជិត៤០០០គ្រឿងចេញ-ចូលជាប្រចាំក្នុង១ថ្ងៃៗ នេះមិនទាន់គិតពីយានយន្តជាច្រើនគ្រឿងទៀតដែលបើកចេញទៅតាមបណ្តាខេត្តនោះទេ ។ តែបញ្ហាដែលប្រឈមខ្លាំងបណ្តាលមកពីអ្នកបើកបររថយន្តធុនធំមួយចំនួនមិនអនុវត្តតាមការណែនាំរបស់សាលារាជធានីនោះឡើយ ពោលគឺបើកបរឆ្លងកាត់តំបន់ហាមឃាត់ ទើបនៅរសៀលថ្ងៃទី២០ នេះគណៈបញ្ជាការឯកភាពខណ្ឌចាត់វិធានការចាប់រថយន្តធន់ធំជាង១០គ្រឿងយកមករក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌច្បារអំពៅដើម្បីអោយម្ចាស់រថយន្តធ្វើកិច្ចសន្យា ។

លោកអភិបាលរងបានបន្តថា គ្រាន់តែកម្លាំងចម្រុះចាប់ភ្លាមមានអ្នកទូរស័ព្ទអន្តរាគមន៍ព្រោងព្រាត ទោះជាជួបនូវបញ្ហាប្រឈមយ៉ាងណាក៍ដោយគណៈបញ្ជាការឯកភាពខណ្ឌនៅតែធ្វើដើម្បីជុំរុញអោយការស្ថាបនាកំណាត់ផ្លូវជាតិលេខ១អោយរួចរាល់ទៅតាមផែនការដែលបានគ្រោងទុក ។

ជាមួយគ្នានេះដែរអាជ្ញាធរខណ្ឌច្បារអំពៅសុំការយោគយល់ពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់ការដ្ឋាន និងស្នើសុំយ៉ាងទទូចដល់ម្ចាស់រថយន្តធន់ធំទាំងអស់បញ្ឈប់ការបើកបរឆ្លងកាត់តំបន់ការដ្ឋានតទៅទៀត ទើបបញ្ចៀសបានពីការកកស្ទះចរាចរនិងមិនរំខានដល់ក្រុមការងារដែលកំពុងស្ថាបនាផ្លូវជាតិនេះ តាមផែនការដែលបានគ្រោងទុកយ៉ាង២ខែទៀតកំណាត់ផ្លូវជាតិលេខ១ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់សង្កាតវាស្បូវ និងស្ថាបនារួចរាល់ហើយ ដូច្នេះសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ៕ សណ្តោស

IMG-20170221-WA0014 IMG-20170221-WA0013 IMG-20170221-WA0012 IMG-20170221-WA0011 IMG-20170221-WA0010


ចែករំលែក៖