ព័ត៌មានទាន់ហេតុការណ៍៖

ទីប្រឹក្សាជាន់ខ្ពស់ចោទប្រកាន់រុស្ស៊ីរារាំងលោកស្រី គ្លីនតុន ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក

ចែករំលែក៖

លោក Robby Mook ប្រធានគ្រប់គ្រងកម្មវិធីឃោសនាបោះឆោ្នតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន បានបញ្ជាក់ថា ការជ្រៀត ជ្រែករបស់រុស្ស៊ីទៅលើការបោះឆ្នោតរបស់អាមេរិកបានធ្វើឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន បរាជ័យនៅក្នុងការបោះឆ្នោតកាល ពីឆ្នាំ២០១៦។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី CBS This Morning កាលពីថ្ងៃទី២១ ខែកុម្ភៈ អ្នកគ្រប់គ្រងកម្មវិធីឃោសនាបោះឆ្នោត របស់លោកស្រី ហ៊ីលឡារី គ្លីនតុន បានឲ្យ ដឹងថា រដ្ឋាភិបាលបរទេសបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតអាមេរិក ទើបធ្វើឲ្យគណបក្សប្រជាធិបតេយ្យបរាជ័យនៅក្នុងការបោះឆ្នោត ហើយហេតុការណ៍នេះអាចនឹងកើតឡើងនៅក្នុងការបោះឆ្នោតខាង មុខទៀត បើគ្មានវិធានការទប់ស្កាត់ទេ នោះ។

លោក Robby Mook បានបញ្ជាក់ថា «ខ្ញុំគិតថានេះមិនមែនជាបញ្ហាគណបក្ស នយោបាយឡើយការដែលរដ្ឋាភិបាលបរទេសជ្រៀតជ្រែកចូលក្នុងប្រព័ន្ធបោះឆ្នោតនៅអាមេរិកដោយគាំទ្របក្ខភាពដែលមានទស្សនៈស្និទ្ធនឹងរុស្ស៊ីឲ្យជាប់ឆ្នោត»។

នៅពេលដែលគេសួរថា តើលោកជឿជាក់ថារុស្ស៊ីពិតជាបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតអាមេរិកមែនឬទើបបណ្តាលឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន បរាជ័យនៅក្នុងការបោះឆ្នោតនាពេលកន្លងមក? លោក Robby Mook បញ្ជាក់ថា «ខ្ញុំគិតថា ពិតជាមានមែន»។ ប៉ុន្តែលោក Mook បញ្ជាក់ថា លោកនឹងមិននិយាយអំពីបញ្ហាខាងលើនោះឡើយ ហើយក៏មិនទម្លាក់ កំហុសទៅឲ្យភាគីណាដែរ។

កន្លងមកអតីតប្រធានាធិបតី អូបាម៉ា កាលពីខែធ្នូ ឆ្នាំ២០១៦ បានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ីក្រោយ ពេលលោក អូបាម៉ា បានចោទប្រកាន់រុស្ស៊ីថាបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតអាមេរិក។

ចំណែកភាគីរុស្ស៊ីវិញបានច្រានចោលការចោទប្រកាន់ទាំងនោះមិនត្រឹមតែ ប៉ុណ្ណោះរុស្ស៊ីបានបង្ហាញពីក្តីសង្ឃឹមសហការជាមួយអាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ ផងដែរ។

មិនថាតែអាមេរិកនោះឡើយប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបក្នុងនោះមាន បារាំង និងអាល្លឺម៉ង់បង្ហាញការបារម្ភយ៉ាងខ្លាំងខ្លាចរុស្ស៊ីបន្តវាយប្រហារលើប្រព័ន្ធបោះឆ្នោតអាចជួយដល់គណបក្សប្រឆាំងដែលមានទស្សនៈគាំទ្ររុស្ស៊ីជាប់ឆ្នោត។

នៅក្នុងប្រទេសបារាំងលោក François Hollande ប្រធានាធិបតីបារាំងសម្តែងការព្រួយបារម្ភចំពោះការគំរាមវាយប្រហារតាម ប្រព័ន្ធអុីនធើណេតនៅខណៈដែលប្រទេស បារាំងកំពុងជាប់រវល់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីបារាំងនៅខែមេសាខាងមុខ។

លោក François Hollande ប្រធានា ធិបតីបារាំងបានទាមទារឲ្យមានរបាយការណ៍ ពេញលេញមួយពាក់ព័ន្ធនឹងការវាយ ប្រហារអីុនធើណេតនៅខណៈពេលដែលប្រទេសបារាំងកំពុងជាប់រវល់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីនៅខែមេសាខាងមុខ។ ការវាយប្រហារតាម អុីនធើណេតដែលកន្លងមកត្រូវបានគេ សង្ស័យទៅលើវិមាន Kremlin ថា ជាអ្នកលូកដៃនៅក្នុងការអុកឡុករំខានដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីខែវិច្ឆកាឆ្នាំមុន។

ទីក្រុងមូស្គូបានបដិសធយ៉ាងពេញ ទំហឹងថា រុស្ស៊ីពុំបានធ្វើសកម្មភាពជ្រៀតជ្រែកអ្វីសោះនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីបារាំងរបស់ចលនាកណ្តាលនិយមឈ្មោះ “ដើរទៅមុខ” ដែលមានលោក Emmanuel Macron ជាបេក្ខភាព។ ក៏ប៉ុន្តែអ្នកនាំពាក្យនៃចលនា ដើរទៅមុខបានអះអាងតាមទូរទស្សន៍បារាំង កាលពីថ្ងៃអង្គារមុនថា មានការវាយប្រហារយ៉ាងសន្ធឹកសន្ធាប់តាមបណ្តាញសង្គមទៅលើព័ត៌មានសម្ងាត់នានារវាងសមាជិកទាំងអស់របស់ចលនា”ដើរទៅមុខ”៕ ម៉ែវ សាធី

hqdefault


ចែករំលែក៖