ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខបង្ក្រាបល្បែងកន្ទុយលេខដុះស្លែរនៅផ្សារជិនណានឃាត់មនុស្ស២នាក់

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខ បានដឹកនាំកងកម្លាំងសមត្ថកិច្ចចំរុះរបស់ខ្លួន ដោយមានតុលាការចូលរួមផង ចុះបង្ក្រាបល្បែងកន្ទុយលេខ ដុះស្លែរនៅក្នុងបរិវេណផ្សារ ជិន ណាន ខាងក្រោយមណ្ឌលសុខភាព ទឹកថ្លា ជាលទ្ឋផលឃាត់មនុស្សចំនួន២នាក់ និងដកហូតសម្ភារល្មើសមួយចំនួនទៀតផងដែរ កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ ដោយអនុវត្តតាមបញ្ជាណែនាំពីលោក ប៉ឹល កុសល អភិបាល ខណ្ឌសែនសុខ និងមានការចូលរួមពីអាវុធហត្ថមូលដ្ឋានខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌផងដែរ ។ តែអត់អោយតែប៉ូលិសចូលរួមទេ ខ្លាចបែក ព្រោះធុំក្លិនមិនល្អ ។

លោក សាំង សុភៈវិចិត្រ បានមានប្រសាសន៍ថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងអស់នៅក្នុងមូលដ្ឋាន គឺដើម្បីអនុវត្តនូវគោលការណ៍ចំនួន៩ចំណុចរបស់រដ្ឋាភិបាល ក្នុងគោលបំណង ដើម្បីចូលរួមការពារសុវត្ថិភាព នៃការរស់នៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

នៅក្នុងការបង្ក្រាបដោយឆ្មក់នេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សស្រី២នាក់ ដែលជាអ្នកកត់កន្ទុយលេខ នៅជាប់របងអតីតរោងចក្រ ជិន ណាន ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង ២នាក់ ទី១ ឈ្មោះ ប៊ុន ស្រីល័ក្ខ ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូត ក្រដាសកត់កន្ទយលេខមួយចំនួន តុ១ កៅអី ១ ម៉ាស៊ីនគិតលេខ១ កន្ត្រកជរ័ ១ ប៉ិកដើម បន្ទាត់១ដើម ប្រាក់១៦ម៉ឺនរៀល ។ ចំណែក ទី២ ឈ្មោះ ប៊ូ ចំណាន ភេទស្រី អាយុ ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូតក្រដាសសំរាប់កត់កន្ទុយលេខមួយចំនួន តុ១ កៅអី ១ ម៉ាស៊ីនគិតលេខ១ ប៉ិច២ដើម បន្ទាត់១ កន្ត្រកជរ័១ លុយ១៤៥.០០០រៀល។

ល្បែងស៊ីសងគ្រប់ប្រភេទត្រូវបានរដ្ឋាភិបាលប្រកាសចាត់ទុកថា ជាអំពើខុសច្បាប់ ហើយត្រូវបានសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសទូទាំងប្រទេស អោយកម្លាំងសមត្ថកិច្ច នៅតាមខេត្តក្រុងទាំងអស់ ត្រូវតែចាត់វិធានការបង្ក្រាបទាំងអស់ ដោយលើកមូលហេតុថា វាជា ដើមចម (ដើមហេតុ) នៃការបង្កើតអោយមាននូវអំពើចោរកម្មគ្រប់រូបភាព និងមានអំពើហិង្សាគ្រួសារ និងនាំអោយមានភាពក្រីក្រផងដែរ ដែលញាំញីសង្គម ។

ល្បែងស៊ីសងប្រភេទ កន្ទុយលេខ ត្រូវបានគេប្រទះឃើញកើតមានគ្រប់ខេត្ត ក្រុងទាំងអស់ ហើយបទបញ្ជរបស់រដ្ឋាភិបាល ដែលប្រកាសអោយបង្ក្រាបបានបរាជ័យជាលើកទី២ ដោយសារតែមេៗប៉ូលិស តាមមូលដ្ឋានថ្នាក់ក្រោម ទទួលនូវប្រាក់សំណូកពីមេល្បែងទាំងនោះប្រចាំខែ ហើយចំណែក ឯតុលាការវិញចាប់បានមេល្បែងរួចយកលុយដោះលែងវិញ ក្រោមរូបភាពព្យួរទោស តែបើគ្មានលុយ ទើបដាក់គុក គេហៅថា អនុវត្តទោសតាមច្បាប់។ ពាក្យថា ពុករលួយរបស់តុលាការ វាកើតគ្រប់ខេត្ត ក្រុង។

ដោយឡែក ការបង្ក្រាបល្បែងស៊ីសងប្រភេទកន្ទុយលេខ នៅខណ្ឌសែនសុខ កាលពីពេលកន្លងទៅ ជួបប្រទះតែរឿងចាប់មេឆ្នោតបានតែ២ថ្ងៃ ត្រូវតុលាការដោះលែងមកវិញដដែល ទោះបីសារព័ត៍មានចុះផ្សាយព្រោងព្រាតតុលាការអត់ឈឺក្បាល។ ចំណែកឯមេឆ្នោតខ្លះមេប៉ូលិសខណ្ឌមិនបង្ក្រាបសោះតែម្តង មានពេលខ្លះច្រឡំចាប់បានហើយដោះលែងវិញ ហើយនៅទឹកថ្លាក៏ដូច្នេះដែរ ។

ទាំងអស់នេះ ត្រូវបានមហាជនចោទប្រកាន់ថា វាជាការប្រព្រឹត្តអំពើពុករលួយយ៉ាងច្បាស់ ព្រោះមេឆ្នោតតូចតាចចាប់ រីឯអ្នកមានលុយជាបក្ខពួក គេអត់ចាប់សោះ ហេតុអ្វី ? ៕ តុង សីហា

be (4) be be (1) be (2) be (3)


ចែករំលែក៖