ភ្នំពេញ៖ តារាសម្តែង លី ច័ន្ទសីហា បានចាប់ផ្តើមពង្រឹង និងពង្រីមុខជំនួញថ្មីដើម្បីត្រៀមជីវិតគ្រួសារថ្មីនៅពេលដ៏ខ្លីខាងមុខនេះ។ នាងមិនត្រឹមតែទើបនឹងបើកដំណើរការហាងលក់កាបូបនឹងផលិតផលថែរក្សាប៉ុណ្ណោះទេ គឺនាងគ្រោងនឹងចាប់ដៃជាមួយអនាគតស្វាមីបើកដំណើរការអាហារដ្ឋានថ្មីមួយដើម្បីបង្កើនប្រាក់ចំណូលផងដែរ ។
តារាទឹកភ្នែកលី ច័ន្ទសីហា និងនិស្សិតយោធាច័ន្ទ ថៃសេង បានឈានដល់ការភ្ជាប់ពាក្យអស់មួយឆ្នាំហើយ ហើយ ពួកគេគ្រោងរៀបចំថ្ងៃសំពះផ្ទឹមរៀបការតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ។
តារាសម្តែងលី ច័ន្ទសីហា ទើបនឹងបើកដំណើរការងារហាងលក់កាបូប ស្បែកជើង និងគ្រឿងសម្អាងថ្មីមួយនៅផ្លូវ៣១០ខាងជើងសារមន្ទីរជាតិទួលស្លែង បន្ទាប់ពីបើកដំណើរការហាងសម្អាងការអស់រយៈពេលជាច្រើនឆ្នាំមកនោះ។
នាងបញ្ជាក់ថា ហាងដែលនាងបើកដំណើរការ នៅពេលនេះមិនមែនជាផ្ទះផ្ទាល់ខ្លួនទេ គឺជាផ្ទះជួលដែលនាងចាយទុនក្នុងការរៀបចំតុបតែង និងទិញទំនិញអស់ប្រមាណជាង១ម៉ឺនដុល្លារអាមេរិក។ នាងបញ្ជាក់ថា ហាងនេះក៏ជាទីតាំងសំខាន់សម្រាប់ទទួលភ្ញៀវសម្អាងការនាងផងដែរ ។
នាងបញ្ជាក់ដែរថា វាគឺជាមុខរបរដែលនាងស្រលាញ់យូហើយដែរ ប៉ុន្តែកន្លងមកមិនមានឱកាសគ្រប់គ្រាន់ក្នុងការបើកហើយការបើកដំណើរការថ្មីៗនេះ ក៏មិនមានពិធីធំដុំអីដែរ ព្រោះតែនាងទើបនឹងរៀបចំពិធីឡើងផ្ទះថ្មី និងកម្មវិធីមួយចំនួនបន្តបន្ទាប់ខ្លាចរំខានចិត្តមិត្តសិល្បៈ។ តួឯកស្រីរឿងមរណៈមាតារូបនេះបញ្ជាក់ដែរថា អនាគតស្វាមីនាងគឺពេញចិត្តខ្លាំងចំពោះរាល់ការងាររកស៊ី ហើយក៏មានគម្រោងពង្រីកមុខរបរថ្មីផងដែរ។ នាងបន្តថា នាងនិងគូដណ្តឹងចង់បើកដំណើរការភោជនីយដ្ឋានថ្មីមួយទៀត នៅតំបន់សួនទឹកស៊ីដនីនៅតំបន់ព្រែកឯងដែលជាសួនទឹករបស់ក្រុមគ្រួសារអនាគតស្វាមី ។
បើទោះបីជាបន្តពង្រីកការងាររកស៊ីកាន់តែច្រើនក្តីក៏នាងនៅតែមិនមានគម្រោងបញ្ចប់ការងារសម្តែងដែរ គឺនៅតែសម្តែងដដែលមិនបោះបង់ទេ ព្រោះនាងស្រលាញ់ពេញចិត្តនឹងអាជីពនេះហើយអនាគតស្វាមីនាង ក៏មិនបានហាមឃាត់ដែរ ។ អ្វីដែលនាងចង់បានគឺក្រុមគ្រួសារដែលមានភាពកក់ក្តៅមួយ ពិសេសយើងចង់មានមុខរបរខ្លះដែលអាចជួយទ្រទ្រង់ជីវភាពឲ្យបានសមរម្យ ។
នាងនឹងបន្តការងារសិល្បៈទៅតាមពេលវេលា និងឱកាសអំណោយផល ព្រោះជាអាជីពដែលនាងស្រឡាញ់ និងផ្តល់កិត្តិយសឲ្យនាងរហូតដល់បច្ចុប្បន្ននេះ ៕ វឌ្ឍនា