ភ្នំពេញ៖ ក្រោយពីបរាជ័យក្នុងការស្នើសុំចុះបញ្ជីក្បាច់គុនល្បុក្កតោកម្ពុជា នៅអង្គការបេតិកភណ្ឌអន្តរជាតិ(UNESSCO)លើកទី១ ដោយសារការរៀបចំពុំទាន់សមស្របតាមលក្ខណៈវិនិច្ឆ័យនោះ អង្គការនេះក៏តម្រូវឲ្យកម្ពុជាយកមកសិក្សា ចងក្រងបោះពុម្ពសៀវភៅ គុនល្បុក្កតោឡើងវិញ ចាំស្នើសុំចុះបញ្ជីម្តងទៀត។
លោក វ៉ាត់ ចំរើនអនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា មានប្រសាសន៍ថា ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាគ្រោងដាក់ក្បាច់គុនល្បុក្កតោដែលជាមរតកវប្បធម៌ខ្មែរ ទៅអង្គការអន្តរជាតិ UNESSCO ដើម្បីសុំចុះបញ្ជីបេតិកភ័ណ្ឌអរូបីនៃមនុស្សជាតិ សារជាថ្មីនាខែមីនា ឆ្នាំ២០១៧នេះ បន្ទាប់ការស្នើសុំម្តង កាលពីឆ្នាំ២០១៦ កន្លងទៅ មិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលតម្រូវឲ្យបំពេញបន្ថែមនោះ។
លោក វ៉ាត់ ចំរើនប្រធានសហព័ន្ធបានបន្តថា ដោយសារគុនល្បុក្កតោ ជាមរតកវប្បធម៌របស់កម្ពុជា ដែលបុព្វបុរស ខ្មែរគ្រប់ជំនាន់ថែរក្សា និងអភិវឌ្ឍបានយ៉ាងល្អ ទើបកូនខ្មែរនាបច្ចុប្បខិតខំយ៉ាងខ្លាំង ក្នុងការអភិរក្ស និងបន្តអភិវឌ្ឍបន្ថែមទៀត ដើម្បីបញ្ច្រាបដួងព្រឹលឹងវប្បធម៌ខ្មែរផ្នែកក្បាច់គុនជំនាញនេះឲ្យចូល ជ្រួតជ្រាបទៅក្នុងឈាម និងបេះដូងរបស់កូនខ្មែរគ្រប់ៗរូប។ ពិសេសគុនល្បុក្កតោនេះត្រូវបានអភិវឌ្ឍខ្លួន ទៅកាន់ពិភពលោក តាមរយៈការបង្កើតក្លិបហ្វឹកហាត់នៅបណ្តាប្រទេសនានា ដូចជាសហគមន៍អឺរ៉ុប ប្រទេសបារំាង, អៀរឡង់ និងទ្វីបអាស៊ី មាននៅអូស្រ្តាលី អ៊ីរ៉ង់ និងក្លិបច្រើន និងនៅសហរដ្ឋអាមេរិក។
លោក បានអះអាងថា គុនល្បុក្កតោកកើតឡើងរាប់ពាន់ឆ្នាំមកហើយជាមួយនិងការកកើតទឹកដីនៃនគរខ្មែរ តាំងពីសម័យបុរាណ នៅសតវត្សទី៧ គុនល្បុក្កតោត្រូវបានចារិកទុកលើជញ្ជាំងប្រាសាទបុរាណនានា របស់ប្រជាជនខ្មែរ។ ជាគោលការណ៍នាពេលខាងមុខ គុនល្បុក្កតោ និងធ្វើសកម្មភាពឲ្យបានកាន់តែផុសផុលឡើង នៅតាមសាលារៀនរបស់រដ្ឋនិងឯកជនទូទាំងប្រទេស ពិសេសនៅតាមវត្តអារាមជាង១ម៉ឺនវត្ត ដោយក្បាច់គុនល្បុក្កតោមានលក្ខណៈពិសេសក្នុងការអប់រំផ្លូវចិត្ត តាំងសមាធិ ការបួងសួងសុំសេចក្តីសុខជាដើម។
លោកបានបញ្ជាក់ថា ក្បាច់ល្បុក្កតោនិងដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដើម្បីរក្សាបាននូវតម្លៃមរតកវប្បធម៌ជាតិខ្មែរ ស្ថាប័នជាតិ ដែលពាក់ព័ន្ធគ្រោងស្នើរចុះបញ្ជីនៅអង្គការ យូណេស្កូ ដើម្បីសម្បត្តិបេតិកភ័ណ្ឌអរូបីនៃមនុស្សជាតិ ជាថ្មីម្តងទៀត នាចុងខែមីនា ខាងមុខនេះ។
សមិទ្ធផលថ្មីរបស់គុនល្បុក្កតោ គឺសៀវភៅដែលចងក្រងជាង១០ឆ្នាំមកហើយ ដោយលោកតាក្រមាមាស សាន គឹមស៊ាន ត្រូវបានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បោះពុម្ពសៀវភៅគុនល្បុក្កតោនេះចំនួន៣០០០ក្បាច់ ដើម្បីដាក់លក់ក្នុងគោលបំណងផ្សព្វផ្សាយ ៕ សារីម