ភ្នំពេញ៖ នៅក្នុងពិធីប្រារព្ធ ទិវាជាតិបង្ការពន្លត់អគ្គីភ័យ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានរំលឹកថា៖
ទិវាជាតិបង្ការពន្លត់អគ្គិភ័យ ជាការវ៉ៃជួង ប្រកាសអាសន្ន ដើម្បីឲ្យប្រជាជនគ្រប់រូបចូលរួមបង្ការនិងទប់ស្កាត់គ្រោះអគ្គីភ័យ ក្នុងគោលបំណង ការពារទ្រព្យសម្បត្ដិ និងអាយុជីវិត របស់បងប្អូនឲ្យបានគ្រប់ៗគ្នា ។
លោក បានក្រើនរំលឹកបែបនេះ ខណៈលោក ចូលរួម ជាអធិបតីភាព ក្នុងពិធីប្រារពទិវាជាតិបង្ការពន្លត់អគ្គីភ័យ នៅទីលានប្រជាធិប តេយ្យ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៧ និងមានការចូលរួមពី មន្ត្រី កងកម្លាំងប្រដាប់អាវុធនិងអង្គការសង្គមស៊ីវិលមួយចំនួនទៀត។
លោកប៉ា សុជាតិវង្ស បញ្ជាក់ថា ៖ នៅក្នុងឆ្នាំ២០១៦ កន្លងមកនេះបានកើតឡើងនូវគ្រោះអគ្គីភ័យចំនួន៧១លើក កើនឡើង១លើក បើប្រៀបធៀបឆ្នាំ២០១៥ បណ្តាលអោយស្លាប់ម្នាក់និងខូចខាតទ្រសម្បត្តិយ៉ាងច្រើនសន្ធឹក សន្ធាប់ ។
លោកថា មូលហេតុផ្តើមអោយមានអគ្គីភ័យ មកពីទុស្សេខ្សែភ្លើង ការផ្សាដែក និងការធ្វេសប្រហែសផ្សេងទៀត។ ដូច្នេះ ការបង្កើតអោយមានទិវានេះឡើង ដើម្បីអោយយើងទាំងអស់គ្នាចូលរួមបង្ការ និងទប់ស្កាត់គ្រោះអគ្គីភ័យទាំងអស់គ្នា។
គ្រោះអគ្គីភ័យជាកាតព្វកិច្ចរបស់ជនគ្រប់រូប ដោយយើងជាអ្នកបង្ក បង្កើតអោយអគ្គីភ័យកើតឡើង ដូច្នេះទេយើង ត្រូវតែបង្កើនការយកចិត្តទុកដាក់ទាំងអស់គ្នា។
ការបង្កើតអោយមានទិវា២២ កុម្ភៈនេះឡើង វាជាការវ៉ៃជួង ប្រកាសអាសន្ន ដើម្បីអោយប្រជាជនគ្រប់រូបចូលរួមបង្ការនិងទប់ស្កាត់គ្រោះអគ្គីភ័យទាំងអស់គ្នា៕ សំរិត