កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងទាហានជើងទឹករបស់អ៊ីរ៉ង់បានរៀបចំធ្វើសមយុទ្ធទ្រង់ទ្រាយធំ ផ្គើនសហរដ្ឋអាមេរិក ក្រោយពេលដែលប្រធានាធិបតីដូណាល់ ត្រាំ បានព្រមាន និងដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ដោយសារតែការបាញ់សាកល្បងមីស៊ីល កាលពីអំឡុងពេលថ្មីមកនោះ ។
មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក Rear Admiral Habibollah Sayyari បានបញ្ជាក់នៅលើបណ្តាញព័ត៌មាន IRNA របស់អ៊ីរ៉ង់ថា កម្លាំងទាហានជើងទឹក រួមមានកងកម្លាំង កងនាវាមុជទឹក និងកងឧទ្ធម្ភាគចក្រ ចូលរួមធ្វើសកម្មភាពសមយុទ្ធនៅលើផ្ទៃទឹកទំហំប្រមាណ២លានគីឡូម៉ែត្រក្រឡា ហើយកងទ័ពជើងទឹក នឹងបង្ហាញសមត្ថភាពរបស់ខ្លួននៅតាមឈូងសមុទ្រភាគអគ្នេយ៍របស់អ៊ីរ៉ង់ ។
ប្រភពបញ្ជាក់ថា នេះជាការធ្វើសមយុទ្ធប្រចាំឆ្នាំ ធ្វើឡើងនៅច្រកសមុទ្រ Hormuz នៅឈូងសមុទ្រ Oman និងច្រកសមុទ្រ Bab el-Mandab ព្រមទាំងនៅផ្នែកខ្លះភាគខាងជើងឈូងសមុទ្រឥណ្ឌាក្នុងគោលបំណងប្រយុទ្ធប្រឆាំងភេរវកម្ម និងក្រុមចោរសមុទ្រ ។
ជារៀងរាល់ថ្ងៃ នាវាដឹកប្រេងរាប់លានធុងបានឆ្លងកាត់ទៅកាន់តំបន់អឺរ៉ុប ទៅកាន់អាមេរិក និងប្រទេសតំបន់អាស៊ី ដោយឆ្លងកាត់ច្រកសមុទ្រ Bab el-Mandab និងផ្លូវសមុទ្រ Hormuz ដែលធ្វើដំណើរតាមឈូងសមុទ្រប្រទេសយេមែន និងអ៊ីរ៉ង់ ។
ក្រុមអ្នកវិភាគបានលើកឡើងថា ការធ្វើសមុទ្ររបស់អ៊ីរ៉ង់នៅពេលនេះ គឺជាការផ្គើនចំពោះការព្រមាន និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់ប្រធានាធិបតីថ្មីអាមេរិក គឺលោកដូណាល់ ត្រាំ។
លោកដូណាល់ ត្រាំ កាលពីពេលថ្មីៗកន្លងមកនេះ បានព្រមានរដ្ឋាភិបាលអ៊ីរ៉ង់ ដោយសារតែសកម្មភាពបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅជិតទីតាំងដ៏ល្បីល្បាញ Semnan ភាគខាងកើតរបស់អ៊ីរ៉ង់ ។ លោកដូណាល់ ត្រាំបានដាក់ទណ្ឌកម្មអ៊ីរ៉ង់ចំពោះបញ្ហានេះផងដែរ ៕