ខេត្តឧត្តរមានជ័យ៖ ផ្ទះ១ខ្នងទំហំ៨ម៉ែត្រគុណ១២ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ ក្រោមថ្ម ត្រូវបានភ្លើងអស់បន្ដិច សំណាងបានកំលាំងពន្លត់អគ្គីភ័យ នៃអធិការដ្ឋានស្រុកត្រពាំងប្រាសាទ យករថយន្តទឹកជួយពន្លត់ទាន់ពេលវេលា។
ករណីនេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
លោកវរៈសេនីយ៍ទោ អិន កាយ អធិការនគរបាលស្រុក បានឲ្យដឹងថា មូលហេតុនៃការឆាបឆេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី។
ចំណែកម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ចាន់ គឿន ភេទស្រី អាយុ៥៧ឆ្នាំ ជាស្រីមេម៉ាយ រស់នៅភូមិឃុំកើតហេតុខាងលើ បានរៀបរាប់ថា ភ្លើងបានឆេះអស់ពូកដេកចំនួន៥ តែសំណាងបានកំលាំងពន្លត់អគ្គីភ័យ នៃអធការដ្ឋានស្រុកត្រពាំងប្រាសាទជួយពន្លត់ទាន់ពេលវេលា៕ ប៉ែន នួន