ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីត្រូវរថយន្តបើកបុក ខណៈកំពុងបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកឆ្នាំងដីដើរលក់តាមដងផ្លូវជាមួយប្រពន្ធ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់រងរបួសយ៉ាងធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេត្យក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបុកពីក្រោយ ខណៈកំពុងបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកស្ត្រីប្រពន្ធដើរលក់ចង្រ្កាន ក្អម និងឆ្នាំងដី តាមដងផ្លូវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះ ត្រូវបានរថយន្តបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ចំណែកឯអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន ជា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ លក់ចង្រ្កាន ក្អម និងឆ្នាំងដី មានទីលំនៅភូមិបែកស្គ ឃុំជ្រៃបាក់ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ជាអ្នកបើកបរម៉ូតូម៉ាកសាន់យ៉ាន់ ធុនសេ១៥០ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង1F-6927 មានសណ្តោងរ៉ឺម៉កដឹកចង្រ្កាន ក្អម និងឆ្នាំងដី ។ ចំណែកឯអ្នកបើកបររថយន្តដែលត្រូវបានចាប់ខ្លួននោះឈ្មោះ កាំង ថាវរី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិគរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខពោធិ៍សាត់3A-0465 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកប្រពន្ធដើរលក់ចង្រ្កាន ក្អម និងឆ្នាំងដី តាមបណ្តោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីជើងទៅត្បូង(ពីក្រុងតាខ្មៅឆ្ពោះទៅស្រុកស្អាង) ខណៈកំពុងបើកយឺតៗលើដងផ្លូវក៏ត្រូវរថយន្តបង្កបើកបុកពីក្រោយពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូបោកផ្ទុបទៅលើផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងរ រីឯស្ត្រីជាប្រពន្ធមិនទទួលរងរបួសនោះទេ ។

បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្អាង ធ្វើការវាស់វែងដកហូត បញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

sar (1) sar (2) sar (3) sar (4) sar (5) sar (6) sar (7) sar (8)


ចែករំលែក៖