ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បង្ក្រាបគ្រឿងញៀនបាន៣០ករណី ឃាត់ខ្លួន៤២នាក់ ក្នុងរយៈពេល១ ខែកុម្ភៈនេះ

ចែករំលែក៖

ភ្នំពេញ៖ កិច្ចប្រជុំសាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី២ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកស្រី ញ៉ែម មុំ តំណាងអោយលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ ទួលគោក និងលោក កូប ស្លេះ អភិបាលរងខណ្ឌទួលគោក បានអោយដឹងថា ក្នុងរយៈពេល១ខែកុម្ភៈនេះ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បង្ក្រាបគ្រឿងញៀនបាន៣០ករណី ឃាត់ខ្លួន៤២នាក់ ក្នុងនោះប្រុស៣៥នាក់ ស្រី៧នាក់ ដោយមានអនិតិជន៤នាក់ នេះបើយោងតាមរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌទួលគោក ដែលបានបង្ហាញ ។

ការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ មាននៅក្នុងសង្កាត់បឹងកក់១ ចំនួន១២ករណី ,បឹងកក់២ ចំនួន៦ករណី ,ផ្សារដេប៉ូ២ ចំនួន៥ករណី ,បឹងសាឡាង ចំនួន៤ករណី ,ផ្សារដេប៉ូ៣ ផ្សារដើមគរ និងសង្កាត់ទឹកល្អក់ទី៣ ក្នុង១សង្កាត់ មានចំនួន១ករណី។

ក្នុងនោះដកហូតម្សៅក្រាមសថ្លា ១៥៥កញ្ចប់ (ធំ២ តូច១៥៣) ម៉ូតូ៣គ្រឿង ទូរសព្ទ១២គ្រឿង កាបូបលុយ២ លុយ២៤ម៉ឺន៩ពាន់រៀល កូនពិល១ កូនកាំបិត១ និងសម្ភារៈពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

តាមរយៈការអានរបស់លោក អ៊ិត ជំនិត នាយករដ្ឋបាលខណ្ឌទួលគោក បានបញ្ជាក់ថា ក្នុងករណីគ្រឿងញៀននេះ គឺកម្លាំងបានកសាងសំណុំរឿងបញ្ជូនទៅសាសាដំបូងរាជធានីភ្នំពេញ ៣៩នាក់ បញ្ជូនទៅមន្ទីរបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារយុវនីតិសម្បទារាជធានីភ្នំពេញ ៣នាក់ជាអនីតិជន។

ចំពោះការងាររដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ គឺវិធានការបង្ការទប់ស្តាត់ និងបង្ក្រាបក្មេងទំនើង បាន៨លើក ដោយឃាត់ខ្លួនមនុស្ស២០នាក់ ដកហូតម៉ូតូ៤គ្រឿង ទូរសព្ទ១គ្រឿង កាំបិតតាំងតោ១ ពីបទបង្កសកម្មភាពអុកឡុក ធ្វើអោយបាត់សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានដោយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី២ នាព្រឹកនោះដែរ ក៏មានការប្រកាសនូវលិខិតបង្គាប់ការរបស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ ស្តីពីការតែងតាំងលោក គង់ កាម៉ាច មន្ត្រីរបស់ មន្ទីរព័ត៌មានរាជធានីភ្នំពេញ អោយមកបំរើការងារនៅការិយាល័យព័ត៌មាន ខណ្ឌទួលគោក ដែលនៅក្នុងលិខិតបង្គាប់ការនោះ គឺលោក គង់ កាម៉ាច មានភារកិច្ចសហការអនុវត្តការងារក្រោមការដឹកនាំរបស់សាលាខណ្ឌទួលគោក អោយបានល្អប្រសើរ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះដែរ លោកស្រី ញ៉ែម មុំ ក៏បានជំរាបជូនសមាជិកសមាជិកាអង្គប្រជុំ សាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី២ បានជ្រាបថា នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ទិវានារីអន្តរជាតិ៨មិនា ខួបលើកទី១០៦ នឹងមកដល់ ដែលឆ្នាំនេះមានប្រធានបទ ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនៈភាព ។

នៅក្នុងឱកាសទិវានេះ នារីនៅតាមអង្គភាពស្ថាប័នផ្សេងៗតែងតែត្រូវបានការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីថ្នាក់ដឹកនាំរបស់ខ្លួន ក្នុងនោះនៅសាលាខណ្ឌទួលគោកយើងនេះ នារី ក៏ត្រូវបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ ប៉ុន្តែទោះយ៉ាងណាក៏ដោយលោកស្រី ក៏បានអំពាវនាវបន្ថែមទៀត សូមអោយថ្នាក់ដឹកនាំគ្រប់អង្គភាព បន្តយកចិត្តទុកដាក់ដល់បងប្អូននារីយើងបន្ថែមទៀត ដើម្បីអោយនារី បានចូលរួមនៅគ្រប់កិច្ចការសង្គម ៕ ស តារា

unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed (5) unnamed (6) unnamed


ចែករំលែក៖