ព័ត៌មានទាន់ហេតុការណ៍៖

ទណ្ឌិត​ ពេជ្រ​ ព្រហ្ម​មុន្នី​​ បរាជ័យ​ក្នុង​ការ​សុំ​ស្រូប​ទោស​

ចែករំលែក៖

ភ្នំពេញ៖ ទណ្ឌិត ពេជ្រ ព្រហ្មមុន្នី ដែលគេស្គាល់យ៉ាងច្បាស់ថា ជាគ្រូមន្តអាគមនិងជាមនុស្សជំនិតបំផុតរបស់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ បរាជ័យក្នុងការស្នើសុំតុលាការស្រូបទោស ដើម្បីឆាប់បានចេញពីពន្ធនាគារ ។ ទោះយ៉ាងនេះក្ដី ទណ្ឌិត ពេជ្រ ព្រហ្មមុន្នី បញ្ជាក់ថា លោកពុំមានការភ្ញាក់ផ្អើលទេ ចំពោះការសម្រេចនេះ ដោយលោកចាត់ទុកថានេះជា ព្រហ្មលិខិត ។

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក គឹម រ័ត្នណារិន នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រកាសសាលក្រមដោយសម្រេចបដិសេធសំណើសុំស្រូបទោសរបស់ទណ្ឌិត ពេជ្រ ព្រហ្មមុន្នី ។ ប៉ុន្តែលោកចៅក្រមទុកឲ្យទណ្ឌិតរូបនេះ ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។

កាលពីពេលកន្លងទៅ លោក ពេជ្រ ព្រហ្មមុន្នី ត្រូវបានតុលាការផ្តន្ទាទោសពីរសំណុំរឿងផ្សេងគ្នា ។ សំណុំរឿងទី១ ត្រូវតុលាការផ្តន្ទាទោស៥ឆ្នាំតែអនុវត្តទោសត្រឹមពីរឆ្នាំប៉ុណ្ណោះ ពីបទ ” ជំនួញឥទ្ធិពលអកម្ម ” តាមមាត្រា ៥៩៥នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភោជនីយដ្ឋាន One More ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។

សំណុំរឿងទី២ ត្រូវបានតុលាការផ្តន្ទាទោស១៨ខែ តែអនុវត្តទោសក្នុងពន្ធនាគារតែ១០ខែប៉ុណ្ណោះ ពីបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ តាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌ ។

ដោយសារជនជាប់ចោទនិងព្រះរាជអាជ្ញា ពុំបានប្តឹងឧទ្ធរណ៍ សាលក្រមនេះបានចូលជាស្ថាពរ ហើយជនជាប់ចោទ ពេជ្រ ព្រហ្មមុន្នី បានក្លាយជា ទណ្ឌិត ៕ ចេស្តា

3


ចែករំលែក៖