ព័ត៌មានទាន់ហេតុការណ៍៖

សពក្មេងស្រីទាំង៧នាក់ដែលលង់ទឹកបានបូជាតាមប្រពៃណី ក្រោមតំណក់ទឹកភ្នែក និងសម្រែកលាន់រំពង ពីសំណាក់ឪពុកម្តាយ

ចែករំលែក៖

ខេត្តព្រះសីហនុៈ សាកសពក្មេងស្រីទាំង៧នាក់ ដែលលង់ទឹក បឹងព្រែកទប់ស្លាប់ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នោះ ក្រុមគ្រួសារ នៃសពបានសម្រេច បូជា ម្តងម្នាក់ៗនៅឈាប្បន្នដ្ឋានវត្តឥន្ធញាញ ហៅវត្តក្រោមក្រុងព្រះសីហនុ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ហើយ បន្ទាប់ពីបានរក្សាទុកនៅក្នុងវត្តអស់រយះពេល១ថ្ងៃ ១យប់ ដែលមានទីតាំងនៅជិតភូមិគ្រួសារកុមារីរងគ្រោះ ទាំងអស់នោះផងដែរ ។

ក្នុងពិធីដង្ហែសពកុមារីទាំង៧នាក់ជុំវិញបឆ្ឆាដុតនោះ សង្កេតឃើញថា ការសោកសង្រេងរបស់មាតាបីតា និងបងប្អូននៃសពហាក់បីដូចជា ផ្ទុះឡើង លាន់រំពង ធ្វើឲ្យញាតិមិត្តនិងព្រះសង្ឃ ស្ទើរសូត្រធម៌មិនចង់ត្រូវ ព្រោះតែការទប់អារម្មណ៍ សឹងមិនបាន ដោយសារតែសោកនាដកម្មមួយនេះ មានទំហំធំធេង មិនធ្លាប់កើតមាននៅលើទឹកដីខេត្តព្រះសីហនុ ។

គួររំលឹកថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុច អន្លង់គ្រឿងចក្រកាយយកអាចម៍ដីក្នុងបឹងព្រែកទប់ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ (ខាងកើតវត្តឥន្ទញាណ)។

លោក ខៀវ វុត្ថា នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់លេខ៣ បានឲ្យដឹងថា ក្មេងៗដែលមកហែលទឹកលេង នោះមានអាយុក្រោម១៣ឆ្នាំ មានគ្នា១០នាក់ ប្រុស១នាក់ ហើយក៏លង់ទឹកស្លាប់អស់៧នាក់ សុទ្ធតែក្មេងស្រីទាំងអស់ ។

លោក ខៀវ វុត្ថា បានបញ្ជាក់ថា ជនរងគ្រោះសុទ្ធតែក្មេងនៅក្នុងភូមិ១ សង្កាត់លេខ៣ ដែលរស់នៅក្បែរៗមាត់ទឹកនេះ ក្នុងនោះមាន ឈ្មោះ១/ សិត ស្រីម៉ៅ ភេទស្រី អាយុ៦ឆ្នាំ់, ២/ ឈ្មោះ ពោល គា ភេទស្រី អាយុ១០ឆ្នាំ , ៣/ ឈ្មោះ ហួរ ស្រី គីម ភេទស្រី អាយុ៧ឆ្នាំ , ៤/ ឈ្មោះ ទ្រាំង សុីអុី ភេទស្រី អាយុ១៣ឆ្នាំ , ៥/ ឈ្មោះ ជា សុខ នឿន ភេទស្រី អាយុ៧ ឆ្នាំ , ៦/ឈ្មោះ ម៉េង ស្រី ណុច ភេទស្រី អាយុ៦ឆ្នាំ, និង៧/ ឈ្មោះ ហុឹម ស្រី មុីប ភេទស្រី អាយុ ៧ឆ្នាំ់, រីឯក្មេង៣នាក់ទៀត ដែលរួចផុតពីការលង់ទឹកនោះមិនមានអត្តសញ្ញាណនោះទេ ។

សោកនាដកម្មដ៏ធំនេះ អភិបាលខេត្ត ព្រះសីហនុ លោក យន្ត មីន បានថ្លែងនូវការសោកស្តាយ ជាមួយក្រុមគ្រួសារ រងគ្រោះនិងបានបញ្ជាឲ្យ មន្ត្រី រាជការ និង ថ្នាក់មូលដ្ឋានយកចិត្តទុកដាក់ ប្រមែប្រមូល ពលរដ្ឋ ក្នុងមូលដ្ឋានឲ្យអញ្ជើញមកចូលរួមពិធីបុណ្យនេះឲ្យបានអាធិកអាធម្ម។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្តបានផ្តាំផ្ញើដល់ពលរដ្ឋក្នុងខេត្តព្រះសីហនុ ត្រូវមានការប្រុងប្រយ័ត្នដោយជួយអប់រំកូនចៅ ឲ្យបានយល់ដឹង មានការប្រុងប្រយ័ត្នចៀសវាងកើតមានសោកនាដកម្មដូចនេះបន្តទៀត ៕ ឆ្លាម សមុទ្រ

1 2 3 4


ចែករំលែក៖