ព័ត៌មានទាន់ហេតុការណ៍៖

ផលិតករ និងសិល្បកររំពឹងខ្ពស់លើរឿង ទឹកចិត្តម្តាយសម័យថ្មី

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំបែបមនោសញ្ចេតនា ចូលរួមសម្តែងដោយសិល្បករ៤ជំនាន់ និងដឹកនាំសម្តែងដោយអ្នកស្រីពាន់ ភួងបុប្ផា គឺរឿង ទឹកចិត្តម្តាយសម័យថ្មី បានប្រកាសចាក់បញ្ចាំងជាផ្លូវការហើយ កាលពីរាត្រីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅរោងភាពយន្ត Major Cineplex នាផ្សារទំនើបអ៊ីអន។ កម្មវិធីនេះ ត្រូវបានចូលរួមដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផលិតករ និងសិល្បកររាប់រយនាក់ ។

ភាពយន្តដែលគេជឿជាក់ថា នឹងធ្វើឲ្យអ្នកទស្សនាទប់ទឹកភ្នែកមិនបានជាមួយនឹងឈុតឆាកកម្សត់ និងបង្ហាញពីទឹកចិត្តម្តាយសម័យបច្ចុប្បន្ននេះ ចាប់ផ្តើមចាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើប នៅរាជធានីភ្នំពេញពីថ្ងៃទី២ ខែមីនា តទៅ។

ផលិតករជើងចាស់អ្នកស្រី ពាន់ ភួងបុប្ផា បានបង្ហាញពីក្តីរំពឹងខ្ពស់ថា ភាពយន្តនេះ នឹងទទួលបានការគាំទ្រមិនចាញស្នាដៃរឿង ទឹកចិត្តម្តាយ របស់អ្នកស្រីកាលពីប៉ុន្មានឆ្នាំមុននេះទេ ។ រំពឹងខ្ពស់ ព្រោះតែភាពយន្តនេះ ត្រូវបានសម្តែងដោយតារាក្មេងចាស់ប្រុស ស្រី៤ជំនាន់ផ្សេងគ្នា បានចូលរួមសម្តែង ដូចជាសិល្បករល្បីជំនាន់ទសវត្សរិ៍ទី៦០ អ្នកស្រីឌី សាវ៉េត តារាសម្តែងទសវត្សរិ៍ទី៩០ អ្នកនាងអម្ពរ ទេវី លោកទេពរិន ដារ៉ូ តារាសម្តែងល្បីឈ្មោះក្នុងឆ្នាំ២០០០ អ្នកនាងស៊ឹម សូលីកា និងអ្នកនាងស្វែង សុជាតា និងតារាសម្តែងល្បីឈ្មោះក្នុងពេលបច្ចុប្បន្ន គឺអ្នកនាងសុខ សោម៉ាវត្តី កញ្ញាឌុច លីដា លោកយិត មាសឧស្សាហ៍ និងតារាសម្តែងជាច្រើនរូបទៀត នឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង ទឹកចិត្តម្តាយសម័យថ្មី ។

អ្នកស្រីបានបញ្ជាក់ថា ក្រៅពីតារាសម្តែងល្បីឈ្មោះទាំងនេះ ក៏មានការបង្ហើរសំនៀងរបស់តារាចម្រៀងប្រុសស្រីល្បីឈ្មោះពីររូប គឺកញ្ញាមាស សុខសោភា និងលោកខេម ផងដែរ ។ អ្នកស្រីបញ្ជាក់ដែរថា ខ្សែភាពយន្តនេះ ត្រូវបានគេរំពឹងថា នឹងផ្ទុះចេញនូវការគាំទ្រច្រើនពីទស្សនិកជន ខណៈដែលវាគឺជាទស្សនីយភាពសិល្បៈ ពិសេសប្លែកមិនធ្លាប់មាន ហើយបច្ចេកទេសក៏ត្រូវបាន ។ អ្នកស្រីបញ្ជាក់ថា កាលពីឆ្នាំ២០០៣ អ្នកស្រីធ្លាប់បានធ្វើឲ្យកក្រើកវិស័យសិល្បៈភាពយន្តតាមរយៈខ្សែភាពយន្តរឿង ទឹកចិត្តម្តាយ ហើយគ្រានេះ នឹងកាន់តែពិសេសដែលជាការឆ្លុះបញ្ចាំងពីទឹកចិត្តម្តាយនាសម័យបច្ចុបប្បន្ន។ អ្វីដែលពិសេសផងដែរ គឺការបណ្តាក់ទុនយ៉ាងច្រើនជាមួយនឹងផលិតកម្មថោន ជាមួយនឹងបច្ចេកទេស ឧបករណ៍ផលិតមានគុណភាព ដែលធ្វើឲ្យអ្នកស្រីរំពឹងថា វានឹងក្លាយជាខ្សែភាពយន្តកម្រិតស្តង់ដាខ្ពស់មួយ និងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ។

គួរបញ្ជាក់ដែរថា ភាពយន្តខាងលើបានចាប់ផ្តើមផលិតចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦កន្លងមក អ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺវត្តមានសម្តែងរបស់តារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី ដែលបានបាត់មុខពីវិស័យសិល្បៈជាង១០ឆ្នាំមកហើយនោះ ៕ វឌ្ឍនា

IMG_4746 IMG_4632 IMG_4635 IMG_4644 IMG_4666 IMG_4669 IMG_4673 IMG_4677 IMG_4681 IMG_4686 IMG_4706 IMG_4717 IMG_4745


ចែករំលែក៖