ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ”NPG”ម្នាក់ត្រូវចោរឆក់កាបូបអស់លុយជាង១ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអភិវឌ្ឍជំនាន់ថ្មីហៅកាត់ “NPG” បានឈប់ម៉ូតូបត់ជើងតូចត្រូវបានចោរ១ក្រុម ធ្វើសកម្មភាពឆក់យកកាបូបលុយអស់ជាង១មឺុនដុល្លារ រួមជាមួយឯកសារមួយចំនួនទៀតផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ តាមមហាវិថីសហព័ន្ធរុស្សុី ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះខាងលើឈ្មោះ ចន ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ “NPG” ដែលមានស្នាក់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងកាបូបនោះមានលុយជាង១ម៉ឺនដុល្លារ ប្លង់ដីចំនួន៣ច្បាប់ កាតគ្រីរថយន្ត១សន្លឹក និងកាតគ្រីម៉ូតូ១សន្លឹក។

បុរសរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានឈប់ម៉ូតូបត់ជើងតូច ដោយបានដាក់កាបូបនៅលើរានកណ្ដាលម៉ូតូ ហើយនៅក្នុងខណៈពេលកំពុងនោម ស្រាប់តែមានជនសង្ស័យជិះម៉ូតូទៅជិត ធ្វើសកម្មភាពឆក់យកកាបូបទៅបាត់។ ប៉ុន្តែពេលនោះខ្លួនមិនបានដឹងថា ចោរមានគ្នាប៉ុន្មាននាក់ ហើយជិះម៉ូតូម៉ាកអ្វីនោះឡើយ ព្រោះក្រោយពេលនោមរួចមើលទៅម៉ូតូស្រាប់តែបាត់កាបូបទើប ធ្វើដំណើរទៅប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍តែម្ដង ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖